អត្ថបទ

មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ដាក់សម្ពោធ សាលកុមារសម្រាប់ ព្យាបាល និងថែរក្សាសុខភាព

ភ្នំពេញ ៖ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាពេលថ្មីៗនេះ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវនៅ សាលកុមារ សំរាប់ផ្ដល់សេវាកម្មព្យាបាល និងថែរក្សាសុខភាព ស្រ្តី និងកុមារ តាមស្តង់ដារអន្តរជាតិ។

លោក វេជ្ជបណ្ឌិត Thanarat Samupet មានប្រសាសន៍ថា «ទាំងអស់នេះគឺជាកិត្តិយស និងសេចក្តីសោមនស្សរីករាយរបស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញាថា នឹងនាំយកឧបករណ៍ វេជ្ជសាស្រ្ត ដែលមានបច្ចេកវិទ្យាខ្ពស់ និងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្រ្ត និងការថែទាំសុខភាពដ៏ល្អបំផុតជូនលោកអ្នក»។

លោក វេជ្ជបណ្ឌិត បន្ដថា ប្រសិនបើអ្នកកំពុងស្វែងរកសេវាថែទាំសុខភាពនៅឯក្រៅប្រទេស សូមអញ្ជើញមកកាន់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ព្រោះអាចផ្តល់សេវាកម្មល្អដូចគ្នា ហើយលោកអ្នកអាចសន្សំពេលវេលា និងថវិការបស់អ្នកក្នុងការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។ ព្រមទាំងផ្តល់ជូននូវការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា និងទារកពីដំណាក់កាលមុននិងក្រោយពេលសម្រាលកូន។

លោក វេជ្ជបណ្ឌិត បញ្ជាក់ថា សុខភាពរបស់កុមារ ដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការលូតលាស់ និងអភិវឌ្ឍន៍ផងដែរ។ត្រូវអញ្ជើញមកពិនិត្យឲ្យបានទៀតទាត់ ក្នុងការវាយតំលៃអំពីការលូតលាស់ និងការអភិវឌ្ឍន៍ ការពិនិត្យរាងកាយ និងការចាក់ថ្នាំបង្ការរោគគឺចាំបាច់ចំពោះគុណភាពនៃការថែទាំ។ មន្ទីរពេទ្យ ផ្តល់ជូននូវសេវាថែទាំសុខភាពកុមារតាំងពីកំណើតរហូតដល់វ័យជំទង់។

សូមរំលឹកថា មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានបើកឲ្យដំណើរការ កាលពីឆ្នាំ២០១៤ ដោយក្រុមហ៊ុន Bangkok Dusit Medical Services Public CO LTD (BDMS) សម្រាប់ការផ្តល់ជូននូវការព្យាបាល និងថែទាំកំរិតខ្ពស់តាមស្តង់ដារអន្តរជាតិ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ហើយថែមទាំងប្រើប្រាស់បណ្តាញវិជ្ជាជីវៈ របស់មន្ទីរពេទ្យយ៉ាងមានប្រសិទ្ធិភាព ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុតទៅតាមស្តង់ដារអន្តរជាតិ ជាមួយនឹងការប្តេជ្ញាបន្តពង្រឹងសេវាកម្មរបស់ខ្លួនសម្រាប់អ្នកជំងឺក៏ដូចជាសង្គមទាំងមូលផងដែរ។

រយៈពេលជិត៥ឆ្នាំ ក្នុងការកបើកដំណើរការ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានក្លាយជាមន្ទីរពេទ្យដំបូងគេនៅកម្ពុជា ដែលមានការទទួលស្គាល់ជាអន្តរជាតិពីគណៈកម្មការចម្រុះអន្តរជាតិ (JCI) ដែលធានានូវស្តង់ដារវេជ្ជសាស្រ្តអន្តរជាតិ និងសេវាកម្មថែទាំសុខភាពដល់ប្រជាជនទាំងក្នុងនិងក្រៅស្រុក។ ការទទួលស្គាល់ជាផ្លូវការត្រូវបានប្រគល់ជូនមន្ទីរពេទ្យសម្រាប់ការផ្តល់នូវសេវាកម្មវេជ្ជសាស្រ្តដែលមានគុណភាពដល់អ្នកជំងឺ និងទទួលបានការជឿទុកចិត្តពីក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ និងទីភ្នាក់ងាររដ្ឋាភិបាលនៅជុំវិញពិភពលោក។

ជាមួយនឹងការកើនឡើងនៃអ្នកដែលមានចំណូលសមរម្យនៅក្នុងប្រទេសកម្ពុជា ធ្វើអោយសេវាកម្មថែទាំ និងព្យាបាលសុខភាពអោយបានត្រឹមត្រូវ មានតម្រូវការកាន់តែខ្ពស់ជាងមុន។ ដូច្នេះ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្ម និងការព្យាបាលលំដាប់ពិភពលោកដល់ប្រជាជនកម្ពុជា ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងប្រទេសក៏ដូចជាជនបរទេសទាំងអស់ផងដែរ។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនអ្នកជំងឺស្ត្រី និងកុមារ ជាពិសេសផ្នែកសេវាមាតុភាព មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ បានកំពុងវិនិយោគលើអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក្រុមថែទាំ និងឧបករណ៍វេជ្ជសាស្ត្រដែលផ្តោតសំខាន់លើសេវាសង្គ្រោះបន្ទាន់ ២៤ ម៉ោង សំរាប់ស្ត្រី និងកុមារ៕

To Top