អត្ថបទ

កម្មវិធីសេវាដឹកជញ្ជូនទំនិញ​​ ឆាប់រហ័សប្រចាំថ្ងៃ ហ្គ្រែបម៉ាត (GrabMart) ត្រូវបានដាក់ឲ្យដំណើរការ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្មវិធី GrabMart ដែលជាសេវាកម្មដឹកជញ្ជូនទំនិញ​ ប្រចាំថ្ងៃឆាប់រហ័ស ត្រូវបានដាក់ឱ្យដំណើរការ នៅរាជធានីភ្នំពេញ កាលពីសប្តាហ៍មុន ។ ឥឡូវនេះប្រជាពលរដ្ឋ​ នៅរាជធានី អាចទិញគ្រឿងទេស អាហារកញ្ចប់ ផលិតផលថែរក្សាសុខភាព ផលិតផលថែរក្សាសម្រស់ កាដូ និងទំនិញជាច្រើនទៀត តាមរយៈកម្មវិធី Grab ដោយដឹកជញ្ជូន សម្រាប់លោកអ្នក ក្នុងរយៈពេលតិចជាង ១ ម៉ោង។

ដោយគ្រាន់តែបញ្ចូល អាស័យដ្ឋានរបស់ពួកគេ នៅក្នុងមុខងារកម្មវិធី GrabMart នៅក្នុងកម្មវិធី Grab អតិថិជននឹងឃើញ បញ្ជីរាយនាមមុខទំនិញ ដែលអាចទិញបាននៅតាមហាង ជិតអាស័យដ្ឋានបំផុត។ ឈ្មោះហាងទំនិញដែលត្រូវបានបង្ហាញ ក្នុងបញ្ជីទិញទំនិញ អាស្រ័យលើទីតាំង របស់អតិថិជន រួមមាន ហាងថៃហួត (Thai Hout) គីវីម៉ាត (Kiwi Mart) ឱសថស្ថានយូឃែរ (Ucare Pharmacy) និង វីននេសកម្ពុជា (Winest Cambodia)។

នៅក្នុងដំណាក់កាល ទើបតែចាប់ផ្ដើមដំបូង សេវាកម្មនេះនឹងមានវត្តមាន នៅចំកណ្ដាល រាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលគ្របដណ្ដប់ លើសង្កាត់បឹងកេងកង សង្កាត់ទួលទំពូង ខណ្ឌដូនពេញ ខណ្ឌទួលគោក និងតំបន់មួយចំនួនទៀត ដែលនៅក្បែរសង្កាត់ខណ្ឌទាំងនេះ) ហើយអតិថិជន អាចបង់ថ្លៃសេវាដឹកជញ្ជូន របស់ពួកគេ ជាសាច់ប្រាក់ជាមួយ ដៃគូបើកបរបាន ហើយទំនិញដែលដឹកជញ្ជូន ត្រូវមានតម្លៃមិនលើសពី ៤០ ដុល្លារនោះទេ។ ក្រុមហ៊ុន Grab គ្រោងនឹងពង្រីកសេវាកម្មនេះ នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ នាពេលអនាគត ដ៏ខ្លីខាងមុខនេះផងដែរ ដោយនឹងមានដៃគូ ពាណិជ្ជកម្មកាន់តែច្រើន ដែលនឹងត្រូវបាន ដាក់បញ្ចូល នាពេលឆាប់ៗខាងមុខនេះ។

លោក Hashim Alkaff ប្រធានក្រុមហ៊ុន Grab ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ «យើងសូមណែនាំសេវាកម្មថ្មីៗមួយចំនួន ដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងអំឡុងពេល នៃជំងឺរាតត្បាតសកល ហើយយើងនឹងប្រើប្រាស់ បច្ចេកវិទ្យារបស់យើង តាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូន និងពង្រីកសេវាកម្មថ្មីៗ ដើម្បីជួយបំពេញតម្រូវការ ប្រជាពលរដ្ឋ។ នេះក៏ជាឱកាសសម្រាប់ដៃគូ បើកបររបស់យើង ឲ្យទទួលបានប្រភពចំណូល បន្ថែមផងដែរ។»

លោក Alkaff បានបន្ថែមទៀតថា ៖ «នៅក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋ ត្រូវការដំណោះស្រាយ ជាបន្ទាន់ ដើម្បីដោះស្រាយភាពខ្វះចន្លោះ ក្នុងគ្រាដ៏លំបាកបែបនេះ សេវាកម្មរហ័សរបស់យើង នឹងរង់ចាំជួយសម្រួល ដល់ពួកគេជានិច្ច។»

To Top