អត្ថបទ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ចាប់បើកដំណើរការ មជ្ឈមណ្ឌល ជួលជុលរថយន្ត Ford សាខាទួលសង្កែ

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា​ ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្តFord គ្រប់ប្រភេទក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មជ្ឈមណ្ឌលជួសជុល​ រថយន្តFordនេះ សាងសង់ឡើង លើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុង សំរាប់ជួសជុលរថយន្តចំនួន២០ប៉ុង សំរាប់ត្រួតពិនិត្យ រថយន្តទូទៅ ចំនួន៣ ប៉ុង សំរាប់ថ្លឹងចង្កូត និងកង់រថយន្ត ដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈបរិក្ខារ និងឧបករណ៍ជួសជុលរថយន្ត ត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យា ទំនើបចុងក្រោយបំផុត របស់ Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណ ជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុល រថយន្តទាំងអស់ សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបាន ការបណ្តុះបណ្តាល ដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្ម ប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។

មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យ និងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ គឺជាសាខាទី៤ ដែលសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើន នៃការប្រើប្រាស់ រថយន្ត Ford និងបំពេញនូវសេចក្តីត្រូវការ របស់អតិថិជន ជាពិសេស ក្នុងគោលបំណងពង្រីក នូវសេវាកម្មរថយន្ត​ Ford ឲ្យកាន់តែគៀកនឹងអតិថិជន”៕

To Top