អត្ថបទ

ក្រោយកូវីដ កន្លងផុតទៅ ក្រុមហ៊ុន Vietjet នឹងឈរជើង យ៉ាងរឹងមាំ ដោយសារក្រុមហ៊ុន​ បានសម្រេច ជោគជ័យ លើគោលដៅ ដឹកអ្នកដំណើរ ១០០លាននាក់

ភ្នំពេញ, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២0- ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរួម របស់ក្រុមហ៊ុន អាកាសចរណ៍ Vietjet បានរៀបចំកិច្ចប្រជុំ ម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២០ របស់ខ្លួនដើម្បីពិនិត្យ មើលសមិទ្ធិផល អាជីវកម្មរបស់ខ្លួន ក្នុងឆ្នាំ ២០១៩ ហើយបានបោះឆ្នោត អនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច និងពិភាក្សាអំពីផែនការ អភិវឌ្ឍន៍របស់ក្រុមហ៊ុន សម្រាប់ឆ្នាំ ២០២០។

ក្រុមប្រឹក្សាប្រតិបត្តិបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្ហាញកំណើន អាជីវកម្មដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយ ចីរភាពជាមួយ នឹងសមិទ្ធិផលអាជីវកម្ម វិជ្ជមានកាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjetរកប្រាក់ចំណូល បានចំនួនសរុប ៥០,៦០៣ ពាន់លានដុង (ប្រហែល ២,២ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញចំនួន ៤,៥៦៩ ពាន់លានដុង (ប្រហែល ២០០ លានដុល្លារអាមេរិក) មុនបង់ពន្ធ។ ប្រាក់ចំណូលពីសេវាដឹកជញ្ជូន តាមផ្លូវអាកាស ដែលបានធ្វើសវនកម្មរួច របស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ចំនួន ៤១,២៥២ ពាន់លានដុង (ប្រហែល ១,៨ ពាន់លានដុល្លារអាមេរិក) មុនបង់ពន្ធ ពោលគឺកើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ២០១៨ ឯប្រាក់ចំណេញវិញ មានចំនួន ៣,៨៦៩ ពាន់លានដុង (ប្រហែល ១៧០ លានដុល្លារអាមេរិក) មុនបង់ពន្ធ កើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ។

ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរថ្មី ចំនួន ៣៤ ខ្សែ នាំឱ្យជើងហោះហើរ សរុបមានចំនួន ១៣៩ ខ្សែ ក្នុងនោះ ៤៤ ខ្សែជាជើងហោះហើរ ក្នុងស្រុក និង៩៥ខ្សែ ជាជើងហោះហើរអន្តរជាតិ។ ជារួម ជើងហោះហើរទាំង១៣៩ខ្សែ បានដឹកអ្នកដំណើរជាង ២៥ លាននាក់ នាំឱ្យក្រុមហ៊ុន បានសម្រេចគោលដៅ “អ្នកដំណើរ ១០០ លាននាក់” របស់ខ្លួន។ ការនេះធ្វើឱ្យ Vietjet បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ ដើម្បីក្រោកឈរឡើងវិញ ពីវិបត្ដិកូវីដ។ ក្រុមហ៊ុន Vietjet បានទទួលពានរង្វាន់ល្បីឈ្មោះ ជាច្រើនក្នុងឆ្នាំ ២០១៩ ហើយបានបន្តវិនិយោគ ទៅក្នុងវិទ្យាស្ថានអាកាសចរណ៍ ដែលឥឡូវនេះបានក្លាយជា ស្ថាប័នជំនាញបណ្តុះបណ្តាល ផ្នែកអាកាសចរណ៍ ឈានមុខគេមួយ ក្នុងតំបន់។

រាល់ជោគជ័យទាំងអស់ ដែលសម្រេចបានក្នុងឆ្នាំ ២០១៩ បានជួយឲ្យក្រុមហ៊ុន Vietjet ក្លាយជាក្រុមហ៊ុន អាកាសចរណ៍ដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍ វិស័យអាកាសចរណ៍ របស់ប្រទេសវៀតណាម ក៏ដូចជាការជួយស្ដារឡើងវិញ នូវសេដ្ឋកិច្ចជាតិ និងពិភពលោកផងដែរ។

ចាប់តាំងពីដើមឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន វិស័យអាកាសចរណ៍ របស់ប្រទេសវៀតណាម ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ ប៉ុន្តែនៅពេលដែលទីផ្សារ អាកាសចរណ៍ក្នុងស្រុក បានចាប់ផ្តើមឡើងវិញ ក្រុមហ៊ុន Vietjet បានអនុវត្តយុទ្ធនាការមួយ ដែលមានឈ្មោះថា “ផ្ដើមការហោះហើរឡើងវិញ” (Returning to the Sky) និងបានបើកសម្ពោធ ផ្លូវហោះហើរថ្មីចំនួន ៨ ខ្សែ នាំឱ្យជើងហោះហើរ ក្នុងស្រុក កើនដល់ចំនួនសរុប ៥៣ ខ្សែ។ អាកាសចរណ៍ Thai Vietjet ក៏ជាក្រុមហ៊ុន អាកាសចរណ៍ដំបូងបង្អស់ ដែលបើកប្រតិបត្តិការ ឡើងវិញផងដែរ នៅព្រលានយន្តហោះភូកេត (Phuket Airport) ដោយបានពង្រីកបណ្តាញហោះហើរ ក្នុងស្រុកថ្មីរបស់ខ្លួន ចំនួន ៥ ខ្សែ នៅក្នុងប្រទេសថៃ។

គេរំពឹងថាក្រុមហ៊ុន Vietjet នឹងបើកដំណើរការ យន្តហោះចំនួន ៩០ គ្រឿង ជើងហោះហើរជាង ១១៨,០០០ ជើង និងសេវាដឹកអ្នកដំណើរជាង ២០ លាននាក់ នៅចុងឆ្នាំ ២០២០។ នេះបើផ្អែកលើហេតុផល ជាក់ស្ដែងដែលថា រដ្ឋាភិបាលវៀតណាម កំពុងអនុវត្តកម្មវិធី និងដំណោះស្រាយជាច្រើន ដើម្បីចូលរួម ជួយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តាមរយៈការបន្ធូរបន្ថយ ពន្ធនិងថ្លៃសេវា និងការផ្ដល់ប្រាក់កម្ចី ដែលមានការប្រាក់ទាប។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន Vietjet នឹងផ្តោតការយកចិត្តទុកដាក់ លើមធ្យោបាយ កាត់បន្ថយចំណាយ ដែលមិនចាំបាច់ ក្នុងគោលដៅចង់ធ្វើឱ្យសេវា ដឹកជញ្ជូនតាមអាកាស ដែលជាប្រភពចំណូល គោលរបស់ខ្លួន អាចស្រង់ដើមរួច នាត្រឹមដំណាច់ ឆ្នាំ២០២០នេះ។

បន្ទាប់ពីបើកដំណើរការឡើងវិញ និងពង្រីកជើងហោះហើរ ក្នុងស្រុកបន្ថែម ក្រុមហ៊ុន Vietjet និងវិស័យអាកាសចរណ៍វៀតណាម បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីបើកដំណើរការ ជើងហោះហើរអន្តរជាតិរបស់ខ្លួន ចាប់ពីខែកក្កដា ខាងមុខនេះតទៅ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើការគ្រប់គ្រង ការរីករាតត្បាតនៃកូវីដ ១៩ និងធានាឱ្យបាន នូវសុខសុវត្ថិភាព របស់អ្នកដំណើរ និងបុគ្គលិករបស់ខ្លួន៕

To Top