អត្ថបទ

វិភាគ: ចិនកំពុងដណ្តើមយកហ្វីលីពីន ពីដៃអាមេរិក

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យ របស់ប្រធានាធិបតីប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញានេះថា ហ្វីលីពីននឹងមិនត្រូវការ ធ្វើតាមការចង់បាន របស់សហរដ្ឋអាមេរិកទេ ព្រោះហ្វីលីពីន ត្រូវការការវិនិយោគពីប្រទេសចិន ។

លោក ហារី រ៉ូក បានបន្ថែមថា ក្រុមហ៊ុនចិន ដែលរងទណ្ឌកម្មពីអាមេរិក នៅតែអាចបន្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសហ្វីលីពីន បានយ៉ាងស្រួល ដោយមិនប៉ះពាល់សូម្បីតែបន្តិច ហើយក្រុមហ៊ុននេះ នៅតែបន្តគម្រោងការវិនិយោគ ដែលត្រូវប្រែក្លាយ កំពង់ផែ សាំងក្លេ ផញ (Sangley Point) នៅហ្វីលីពីន ឲ្យទៅជាអាកាសយានដា្ឋនអន្តរជាតិ ។

នេះបង្ហាញអោយឃើញថា ប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តចាក់ទឹក មិនលិចរបស់សហរដ្ឋអាមេរិក កំពុងតែបែរខ្នងដាក់អាមេរិក និងងាកទៅស្រវ៉ាអោបប្រទេសចិនហើយ ដែលអាចនិយាយម្យ៉ាងទៀតថា ប្រទេសចិន កំពុងដណ្តើមប្រទេសហ្វីលីពីន ពីដៃសហរដ្ឋអាមេរិក ដោយប្រើប្រាស់អំណាចទឹកប្រាក់ ។

សូមបញ្ជាក់ជូនថា កំពុងផែ Sangley Poing ធ្លាប់ជាទីតាំងសំចត របស់កងទ័ពជើងទឹក អាមេរិករហូតដល់ឆ្នាំ១៩៧០ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់ប្រទេសចិន ដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម កំពុងអភិវឌ្ឍន៍កំពុងផែនេះ អោយទៅជាកំពង់ផែអន្តរជាតិ ដែលនាវាមកពីជុំវិញពិភពលោក អាចចូលចតបាន រួមទាំងនាវារបស់ចិនផងដែរ ។

ដោយដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលចូលរួមក្នុងប្រតិបត្តិការ សាងសង់សំណង់ លើកោះសិប្បនិមិ្មតរបស់ចិន នៅសមុទ្រចិនខាងត្បូង ទីក្រុងវ៉ាស៊ីនតោន បានបង្ហាញជំហរសាជាថ្មី ប្រឆាំងនឹងការបោះទីតាំង មូលដ្ឋានទ័ពចិន នៅក្នុងសមុទ្រចិនខាងត្បូង ដោយបានអះអាងថា ការទាមទាររបស់ចិន ជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ នៅសមុទ្រចិនខាងត្បូង បានធ្វើឲ្យចិនកើតមានជម្លោះ ជាមួយប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលនៅក្នុងនោះ មានហ្វីលីពីនមួយផង ។

ប៉ុន្តែប្រទេសហ្វីលីពីន នៅក្រោមការដឹកនាំ របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) ដែលចង់ពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន បានព្រងើយកន្តើយ មិនអនុវត្តតាមសេចក្តីសម្រេច របស់តុលាការអន្តរជាតិ ដែលចោទប្រកាន់ចិនថា រំលោភច្បាប់នៅសមុទ្រចិនខាងត្បូង ទៅតាមការចង់បាន របស់សហរដ្ឋអាមេរិកនោះទេ ។

លោក ហារី រ៉ូក បានបញ្ជាក់ថា ហ្វីលីពីនមិនអាចដើរតាមខ្សែបន្ទាត់ ដឹកនាំរបស់អាមេរិកនោះទេ ព្រោះថា ហ្វីលីពីនជារដ្ឋមានសេរីភាព និងមានឯករាជ្យ ហើយម្យ៉ាងទៀត ហ្វីលីពីន នៅត្រូវការការវិនិយោគពីប្រទេសចិន មិនមែនហ្វីលីពីន រង់ចាំបើកទ្វារអោយសហរដ្ឋអាមេរិក ចូលពង្រឹងឥទ្ធិពលរបស់ខ្លួន ក្នុងតំបន់នោះទេ ។

សម្រាប់ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល បាននិយាយថា ទណ្ឌកម្មរបស់អាមេរិក ទៅលើក្រុមហ៊ុនចិន មានទិសដៅធ្វើឲ្យចិន កើតឈ្លោះជាមួយប្រទេស នៅក្នុងតំបន់ ប៉ុន្តែលោកជឿថា ការប៉ុនប៉ង ដែលកំពុងប្រមាថ ដល់ការសហការសេដ្ឋកិច្ចរវាងចិន និងហ្វីលីពីន នឹងមិនអាចសម្រេច ទទួលជោគជ័យនោះទេ ។

លោក ហារី រ៉ូក បានបញ្ជាក់បន្ថែមថា ហ្វីលីពីននឹងមិនធ្វើតាមអាមេរិក ដែលដើរដាក់ក្រុមហ៊ុនចិន ក្នុងបញ្ជីខ្មៅនោះទេ ហើយបើទោះជាក្រុមហ៊ុនចិនទាំងនោះ ចូលរួមក្នុងការសាងសង់សំណង់ នៅលើកោះសិប្បនិម្មិត នៅក្នុងដែនទឹកជម្លោះ នៅសមុទ្រចិនខាងត្បូង ក៏ហ្វីលីពីននៅតែគាំទ្រក្រុមហ៊ុនចិន អោយអភិវឌ្ឍន៍ហ្វីលីពីនដែរ ។

នៅក្នុងចំណោមក្រុមហ៊ុនចិន ទាំង២៤ក្រុមហ៊ុន ដែលសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម កាលពីសប្តាហ៍មុន ពីបទចោទប្រកាន់ ចូលរួមសាងសង់ខុសច្បាប់ នូវសំណង់លើកោះសិប្បនិម្មិតរបស់ចិន នៅសមុទ្រចិនខាងត្បូង មានក្រុមហ៊ុនចិនដ៏ធំមួយគឺ China Communication Construction Co ដែលកំពុងបោះទុនវិនិយោគ ក្នុងទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ អាកាសយានដ្ឋាន នៅទីក្រុងម៉ានីល ហ្វីលីពីន ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយប្រទេសចិន អាចឆក់យកប្រទេសហ្វីលីពីនពីដៃ របស់សហរដ្ឋអាមេរិកបាន គឺដោយសារហ្វីលីពីន មិនហ៊ានជាមួយចិន ដែលជាប្រទេសមហាអំណាច និងក្នុងតំបន់ជាមួយគ្នា និងដោយសារហ្វីលីពីន កំពុងស្ថិតក្នុងឥទ្ធិពលសេដ្ឋកិច្ច របស់ប្រទេសចិន ទាំងការអភិវឌ្ឍន៍ និងទាំងការផ្តល់ប្រាក់កម្ចី អោយហ្វីលីពីន ។

គេនៅចាំបានថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ប្រធានាធិបតី របស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte) បាននិយាយថា គ្មានប្រយោជន៍អ្វីនឹងទៅប្រឆាំងចិន ដែលកំពុងសាងសង់ឯកតោភាគី នូវកោះសិប្បនិម្មិត នៅក្នុងសមុទ្រចិនខាងត្បូង ព្រោះថា គ្មានអ្វីដែលអាចទប់ចិនបាននោះទេ ។

នេះជាការអះអាងរបស់លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅមួយថ្ងៃមុន បើកកិច្ចប្រជុំកំពូលអាស៊ាន ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ដោយប្រមុខដឹកនាំហ្វីលីពីន បានបញ្ជាក់រួចហើយថា លោកនឹងមិនប្រើកិច្ចប្រជុំអាស៊ាន ជាវេទិកាដាក់សម្ពាធលើចិន ដែលកំពុងឈ្លោះជាមួយប្រទេស សមាជិកអាស៊ានមួយចំនួន ក្នុងជម្លោះដែនទឹក នៅសមុទ្រចិនខាងត្បូងទេ ។

ហ្វីលីពីននៅក្នុងអាណត្តិរដ្ឋាភិបាលមុន របស់លោកប្រធានាធិបតីអាគីណូ ធ្លាប់បានប្តឹងចិន ទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ នៅទីក្រុងឡាអេ ប៉ុន្តែផ្ទុយស្រឡះ ពីប្រធានាធិបតីមុន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ដែលបែរខ្នងដាក់សម្ព័ន្ធអាមេរិក បានងាកមកចុះសម្រុង ចាប់ដៃជាមួយ ចិនជាថ្នូរនឹងជំនួយ និងកិច្ចព្រមព្រៀង ដោះដូរពាណិជ្ជកម្មរាប់លានដុល្លារ ៕
ដោយ៖ អ៊ី ជិន

To Top