អត្ថបទ

នាយកប្រតិបត្តិ សែលកាត បានជាប់ឈ្មោះ នៅក្នុងបញ្ជី “បុគ្គលទាំង ១០០នាក់ ដែលផ្លាស់ប្តូរវិស័យ ធុរកិច្ចនៅអាស៊ី” របស់គេហទំព័រ ល្បីល្បាញ Business Insider

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយទទួលបាននូវ ការទទួលស្គាល់ ជាអន្តរជាតិ ជាថ្មីម្តងទៀត តាមរយៈការជាប់ឈ្មោះ នៅក្នុងបញ្ជី “បុគ្គលទាំង ១០០នាក់ ដែលផ្លាស់ប្តូរវិស័យ ធុរកិច្ចនៅអាស៊ី”។

Business Insider គឺជាគេហទំព័រព័ត៌មាន ហិរញ្ញវត្ថុនិងធុរកិច្ច ដ៏ល្បីល្បាញបំផុតមួយ របស់អាមេរិក ដែលត្រូវបានផ្សព្វផ្សាយ នៅតាមបណ្តាប្រទេសចំនួន ១៤។ គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ គ្រាន់តែនៅលើ បណ្តាញសង្គមហ្វេសប៊ុក មួយគត់ប៉ុណ្ណោះ គេហទំព័រនេះ មានអ្នកតាមដាន ចំនួនដល់ទៅជាង ១០ លាននាក់ ឯណោះ។

បញ្ជីឈ្មោះ ដ៏មានកិត្យានុភាពនេះ បានរាយនាម ក្រុមហ៊ុនសែលកាត ឱ្យនៅរួមជាមួយក្រុមហ៊ុន ខ្នាតយក្សដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើម ហើយគោលបំណងធំ គឺសំដៅលើកកម្ពស់ បុគ្គលទាំងឡាយណា ដែលកំពុងជម្រុញឱ្យមាន ការផ្លាស់ប្តូរ និងនុវានុវត្តន៍ នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជានៅក្នុងឧស្សាហកម្ម ទាំងមូលផងដែរ។

នៅក្នុងបទសម្ភាសន៍ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានថ្លែងប្រាប់គេហទំព័រ Business Insider ឱ្យដឹងថា គាត់គឺជាមនុស្សម្នាក់ ដែលមានជំនឿចិត្តបំផុត ទៅលើឥទ្ធិពលផ្នែកមនុស្សធម៌ នៃឌីជីថលនីយកម្ម ជាពិសេសនៅតាមតំបន់ ជនបទទូទាំងប្រទេសកម្ពុជា តែម្តង។

លោកបានមានប្រសាសន៍ បន្តទៀតថា៖ “ការជម្រុញលើកកម្ពស់វិស័យឌីជីថល នឹងជួយផ្លាស់ប្តូរជីវភាព របស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ពោលគឺតាមរយៈ ការធ្វើទំនើបកម្មវិស័យអប់រំ សុខមាលភាព វិស័យកសិកម្ម ក៏ដូចជាអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ អាចចូលរួម នៅក្នុងថ្នាលសកលផងដែរ” ។

“ក្រុមហ៊ុនសែលកាត ដែលជាបណ្តាញទូរស័ព្ទចល័ត ជាមោទនភាពរបស់ជាតិខ្មែរ តែមួយគត់ មានតួនាទីដ៏សំខាន់ ក្នុងការធានានូវការនាំមកជូន បណ្តាញ 5G ដើម្បីជួយធ្វើឱ្យប្រសើរឡើង នៃកម្រិតជីវភាពរបស់ពលរដ្ឋ ក៏ដូចជាបង្កើននូវគុណភាពជីវិត សម្រាប់មនុស្សគ្រប់គ្នាផងដែរ”។

លោកបានមានប្រសាសន៍ បន្ថែមទៀតថា ការជាប់ឈ្មោះនៅក្នុងបញ្ជីនេះ គឺជាការទទួលស្គាល់ ដ៏ជាទីមោទនបំផុត សម្រាប់ក្រុមហ៊ុនសែលកាត និងផ្នែក ICT ទាំងមូល របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

“យើងប្តេជ្ញាក្នុងការសម្រេច ឱ្យបាននូវចក្ខុវិស័យ របស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការប្រែក្លាយ ប្រទេសកម្ពុជា ឱ្យទៅជាឌីជីថលនីយកម្ម ពេញលេញ ដើម្បីគាំទ្រ ដល់រាជរដ្ឋាភិបាល ក៏ដូចជាឧស្សាហកម្ម ៤.០”។

• ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការសាកល្បង បណ្តាញ 5G ផ្ទាល់ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៨។
• មួយឆ្នាំបន្ទាប់មក សែលកាត ក៏បានដំឡើង ទីតាំងបណ្តាញ 5G ដំណើរការដោយឯករាជ្យ ដំបូងគេបំផុតនៅកម្ពុជា។
• នៅក្នុងខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត បានបើកដំណើរការសាកល្បង ប្រើប្រាស់បណ្តាញ 5G ដំបូងគេបង្អស់ នៅកម្ពុជា ដែលជាសេវាកម្ម ទូរវេជ្ជសាស្រ្ត (Telemedicine) សម្រាប់ជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងការរីករាលដាល នៃជម្ងឺកូវីដ នៅទូទាំងប្រទេសកម្ពុជា។
សូមចូលអានបន្ថែមនៅទីនេះ: https://www.businessinsider.com/tb/the-list-of-300-people-transforming-business-in-2020-9/transformers/ian-watson

To Top
×