អត្ថបទ

ឆាប់ៗនេះ! ហ្គេមសប្បាយថ្មីមួយ របស់ភីអិនអិន នឹងបង្ហាញខ្លួន នៅទីលានសួនទឹក ធំជាងគេនៅកម្ពុជា

ភីអិនអិន ស្ថានីយទូរទស្សន៍ លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេ ក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបាន ការគាំទ្រខ្លាំងឡើងៗ ពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។

ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ ទស្សនិកជន អោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធី កម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយ នឹងហ្គេមដែលមិនធ្លាប់ បានជួបពីមុនមក។

«សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើង យ៉ាងអស្ចារ្យ និងថែមទាំងជាការកម្សាន្តមួយ តាមរយៈការទស្សនា រូបភាពសប្បាយៗ ពីតារាកិត្តិយស និងអ្នកចូលរួម លេងថែមទៀតផង។

ហ្គេមនេះ តម្រូវឲ្យអ្នកចូលរួមលេង ឆ្លងកាត់នូវវិញ្ញាសារ សប្បាយៗ នៅក្នុងសួនទឹកដ៏ធំ ដែលមានការបែងចែកជា ២ ក្រុម គឺក្រុមពណ៌ស និងក្រុមបៃតង មានចំនួន ៦ នាក់។

លោក យ៉ារ៉ូ និងកញ្ញា ធីតា ជាពិធីករ ពិធីការនី ហើយក៏ជាប្រធានក្រុម រួមជាមួយនឹង តារាៗកត្តិយសជាច្រើនដួងផងដែរ ។ ក្រុមនីមួយៗ ត្រូវសហការគ្នា ដើម្បីយកឈ្នះ​លើដៃគូប្រកួត ក្នុងការដណ្តើមយក នូវរង្វាន់ទឹកប្រាក់ ដាក់នៅក្នុងគ្រាប់ប៉េងប៉ុង ដែលអណ្តែតនៅលើ សមុទ្រសិប្បនិមិត្ម នៅទីនោះ។

នៅក្នុងគ្រាប់​ប៉េងប៉ុងនីមួយៗ មានទឹកប្រាក់ចំនួន ១៦០០០ រៀល ដែលមានរហូតដល់ ជាង ៥០០ គ្រាប់ប៉េងប៉ុង។ បើក្រុមណាមួយ ចាប់យកគ្រាប់ប៉េងប៉ុងនោះ បានច្រើនជាងគេ នោះជាអ្នកដែលមានសំណាង ឈ្នះនៅក្នុងកម្មវិធីហ្គេមនេះ។

ទស្សនិកជន នឹងបានទស្សនា ជាមួយហ្គេមសប្បាយៗ បន្ថែមទៀត មានទៅដល់១០ ប្រភេទ ដែលសុទ្ធសឹងតែ ជាវិញ្ញាសារប្លែកៗ តម្រូវឲ្យទាំងពីរក្រុម ត្រូវឆ្លងកាត់ ជាមួយនឹងអារម្មណ៍ រំភើបរីករាយ ពីមួយកន្លែង ទៅមួយកន្លែង។

ទន្ទឹមគ្នានឹងការទទួលបាន ការកម្សាន្តអារម្មណ៍ ជាមួយនឹងកម្មវិធីហ្គេមមួយនេះ ទស្សនិកជន ក៏នឹងបានទស្សនារូបភាព វីដេអូជាច្រើន នៅក្នុងទីលានសួនទឹក Garden City Water Park ដែលពោរពេញ ទៅដោយទីកន្លែង ស្រស់ស្រាយ រួមទាំងឧបករណ៍កម្សាន្ត ជាច្រើនប្រភេទទៀតផង។

ទស្សនិកជន អាចបណ្តែតអារម្មណ៍ ហាក់ដូចជា បានចូលទៅកម្សាន្តផ្ទាល់ នៅសួនទឹកធំ និងស្រស់ស្អាតមួយនេះ តាមរយៈការទស្សនាហ្គេម សមរភូមិសួន នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ ក្នុងនោះ ក៏នឹងមានការបង្ហាញ ពីរបៀបនៃការលេងទឹក ពីមួយប្លុកទៅមួយប្លុក និងបានទស្សនា ពីភាពអស្ចារ្យ នៃឧបករណ៍កម្សាន្ត នៅទីនោះផងដែរ។

កម្មវិធីហ្គេម សមរភូមិសួនទឹក នឹងចាប់ផ្តើមចាក់ផ្សាយ ជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ដែលមានរយៈពេល ១ ម៉ោង។ សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនា ទាំងអស់គ្នា ដោយមេត្រី៕

To Top