អត្ថបទ

ក្រុមហ៊ុនសែលកាត ផ្តល់ការតេចេញ និងទិន្នន័យ ដោយឥតគិតថ្លៃជូនដល់ ជនរងគ្រោះ ដោយសារទឹកជំនន់

ភ្នំពេញ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០៖ ជាផ្នែកមួយនៃការឆ្លើយតប​ ចំពោះគ្រោះទឹកជំនន់ នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រ ដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូន នូវការតេចេញ និងការប្រើប្រាស់ទិន្នន័យ ដោយឥតគិតថ្លៃ ដល់អតិជន គ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរង នូវផលប៉ះពាល់នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានសម្រេចចាត់វិធានការ ឆ្លើយតបភ្លាមៗ កាលពីរាត្រីម្សិលម៉ិញនេះ ដោយសារតែស្ថានភាព ជំនន់ទឹកភ្លៀង ប្រែកាន់តែអាក្រក់ទៅៗ នៅទូទាំង ប្រទេសកម្ពុជា ពោលគឺ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពពលរដ្ឋ នៅក្នុងខេត្តចំនួន ១៧។

លោក វ៉ាតសុន បានមានប្រសាសន៍ ឱ្យដឹងថា៖ “ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករ ជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខ ជាមួយបងប្អូនពលរដ្ឋខ្មែរ ជានិច្ច ជាពិសេសនៅក្នុងអំឡុងពេល ដ៏ពិបាកបែបនេះ”។

“នេះគឺជា ពេលវេលាដ៏លំបាកបំផុតមួយ ដោយយើងត្រូវប្រឈម នឹងគ្រោះទឹកជំនន់ ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត ដែលធ្វើឱ្យសុវត្ថិភាព នៃការជួយសង្គ្រោះ និងការស្តារនីតិសម្បទា កាន់តែមានការលំបាកឡើង”។

“ចាប់ពីថ្ងៃទី១៣ តុលានេះតទៅ ក្រុមហ៊ុនសែលកាត នឹងផ្តល់ជូនការហៅចេញ ក្នុងប្រព័ន្ធ ហើយយើងក៏នឹងផ្តល់ជូន នូវទិន្នន័យចំនួន 500MB ដល់អតិថិជន ដែលកំពុងទទួលរង ផលប៉ះពាល់ ដើម្បីជួយពួកគាត់ ក្នុងការប្រាស្រ័យទាក់ទងផងដែរ”។

លោកមានប្រសាសន៍ថា ដើម្បីទទួលបាននូវការតេចេញ និងទិន្នន័យ ដោយឥតគិតថ្លៃនេះ អតិថិជនគ្រាន់តែចុចលេខ 1270 គឺជាការស្រេច។ ការតេចេញដោយឥតគិតថ្លៃ នឹងបន្តរហូតដល់មាន ការជូនដំណឹង នាពេលក្រោយ។ អតិថិជនអាចប្រើប្រាស់ កញ្ចប់ទិន្នន័យនេះ បានរហូតដល់ ទៅមួយសប្តាហ៍ ហើយពួកគាត់ ក៏អាចស្នើសុំជាថ្មី ដោយគ្រាន់តែចុច 1270 រៀងរាល់សប្តាហ៍ ដើម្បីទទួលបាន ការផ្តល់ជូននេះ។

ខេត្តចំនួន ១៧ ដែលទទួលរង ផលប៉ះពាល់ ដោយគិតត្រឹមថ្ងៃទី ១៣ ខែតុលា នេះរួមមាន៖ ១.ពោធិសាត់ ២.បន្ទាយមានជ័យ ៣.ភ្នំពេញ ៤.បាត់ដំបង ៥.ស្វាយរៀង ៦.ឧត្តរមានជ័យ ៧.សៀមរាប ៨.តាកែវ ៩.កំពង់ស្ពឺ ១០.មណ្ឌលគីរី ១១.ព្រះវិហារ ១២.កោះកុង ១៣.កំពង់ឆ្នាំង ១៤.ព្រះវិហារ ១៥.កណ្តាល ១៦.ស្ទឹងត្រែង ១៧.ប៉ៃលិន។

អតិថិជន សែលកាត ទាំងអស់ ដែលឋិតនៅក្នុង តំបន់ទាំងនេះ សុទ្ធតែអាចទទួលបាន នូវការផ្តល់ជូននេះ។

ក្រៅពីការផ្តល់ជូន នូវការតេចេញនិងទិន្នន័យ ដោយឥតគិតថ្លៃ ក្រុមហ៊ុន សែលកាត ក្នុងថ្ងៃនេះ ក៏បានចាប់ផ្តើមយុទ្ធនាការ រៃអង្គាសថវិកា ដែលជាគម្រោង សហការបង្កើត បទចម្រៀងដ៏អស្ចារ្យ ជាមួយតារាចម្រៀង ដែលកំពុងមានប្រជាប្រិយ និងពេញនិយមបំផុត នៅកម្ពុជា ចំនួន ៨ រូបផងដែរ។

បទចម្រៀងជាវីដេអូនេះ នឹងចាក់ផ្សាយនៅតាម ស្ថានីយ៍ទូរទស្សន៍ធំៗ នារាត្រីនេះ ហើយអតិថិជន ក៏អាចទាញយក បទចម្រៀងមកធ្វើជា Call Tune និងរីករាយជាមួយ នឹងបទចម្រៀង ជាវីដេអូទាំងមូល ដោយប្រើសេវាកម្ម Music Streaming របស់សែលកាត នៅក្នុង Cellcard App។

រាល់ថវិកាទាំងអស់ ដែលបានមកពីការដោនឡូដ និងការភ្ជាប់សេវាកម្ម នឹងត្រូវផ្តល់ជូន ដោយផ្ទាល់ទៅកាន់ កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមគាំទ្រ ដល់កិច្ចប្រឹងប្រែងផ្តល់ជំនួយ របស់អង្គការនេះ។

ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករ ជាទីមោទនបំផុតរបស់ខ្មែរ កំពុងចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់ការគាំទ្រ ដល់អតិថិជនរបស់ខ្លួន នៅតាមតំបន់ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់។

លោក វ៉ាតសុន បានមានប្រសាសន៍ បន្ថែមថា៖ “ក្រុមហ៊ុនសែលកាត កំពុងប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាព ដើម្បីជួយដល់ជនរងគ្រោះទាំងនោះ នៅក្នុងគ្រាដ៏លំបាកនេះ ព្រោះវាពិតជាសំខាន់ណាស់ សម្រាប់អ្នករាល់គ្នា ក្នុងការប្រាស្រ័យ ទាក់ទងជាមួយមនុស្សជុំវិញ” ។

“ក្រុមវិស្វកររបស់សែលកាត កំពុងតែមមាញឹក ក្នុងការរក្សាទីតាំងបណ្តាញ ផ្តល់សេវាឱ្យដំណើរការដូចប្រក្រតី។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនសែលកាត ក៏ជម្រុញឱ្យអ្នករាល់គ្នា យកចិត្តទុកដាក់ និងរក្សាសុខសុវត្ថិភាព ឱ្យបានល្អ នៅក្នុងអំឡុងពេលនេះផងដែរ”។

ក្រោមការចង្អុលបង្ហាញ របស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង យើងនឹងប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយដល់អតិថិជន ដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ ក្នុងការប្រឹងប្រែង ជួយស្តារសហគមន៍ ដែលកំពុងរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ និងជម្ងឺរាតត្បាតផងដែរ។

លោកអ្នកអាចទំនាក់ទំនង មកកាន់ភ្នាក់ងារបម្រើសេវា របស់សែលកាត តាមរយៈលេខ 012 812 812 (និងលេខ 812 សម្រាប់អតិថិជន របស់សែលកាត)៕

To Top