អត្ថបទ

បេក្ខជន​ វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី ពានរង្វាន់ ពលរដ្ឋគំរូ Smart រៃអង្គាសប្រាក់ ជួយដល់អ្នករត់ស៊ីក្លូ

ភ្នំពេញ-ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១៖ ការរៃអង្គាសប្រាក់ ជួយដល់អ្នករត់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ គឺជាអំពើល្អមួយ ដែលជួយឱ្យលោក តាំង ហួងហាវ ត្រូវបានជ្រើសតាំង ជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។

ឥឡូវនេះ លោក ហួងហាវ បានជាប់ជាបេក្ខជនម្នាក់ ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ហើយបើលោកត្រូវបាន គេជ្រើសរើសជាអ្នក ទទួលជ័យលាភី លោកនឹងទទួលបាន ប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។

ជានិស្សិតឆ្នាំទី៣ ផ្នែកធុរកិច្ច នៅសកលវិទ្យាល័យមួយ នៅសហរដ្ឋអាមេរិក លោក ហួងហាវ កាលពីចុងឆ្នាំ២០២០ បានផ្តួចផ្តើមគំនិតមួយ ដើម្បីរៃអង្គាសប្រាក់ ជួយដល់អ្នករត់ស៊ីក្លូ បន្ទាប់ពីលោកបានជួប ជាមួយអ្នករត់ស៊ីក្លូម្នាក់ ឈ្មោះ សិន សុខុម ហៅ តាសាន នៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលគាត់តែងតែសម្រាក និងបរិភោគអាហារ នៅតាមមុខផ្ទះគេ និងតាមចញ្ចើមផ្លូវ ដូចអ្នករត់ស៊ីក្លូផ្សេងទៀតដែរ។

លោកថ្លែងថា “នៅពេលខ្ញុំបានជួប តាសាន នៅផ្សារកណ្តាល យើងបានជិះជុំវិញផ្សារ។ គាត់បានចង្អុលបង្ហាញខ្ញុំ នូវកន្លែងដែលគាត់គេង នៅខាងមុខហាងរបស់គេ កន្លែងគាត់ញ៉ាំ នៅចិញ្ចើមផ្លូវ ជាប់របងសាលា។ គាត់បានចង្អុល ទៅកន្លែងផ្សេងៗទៀតប្រាប់ខ្ញុំ”។

លោកបន្ថែមថា “រឿងរ៉ាវរបស់គាត់ បានជំរុញចិត្តខ្ញុំជាខ្លាំង។ គាត់ជួបរឿងរ៉ាវ ដ៏គួរឱ្យអាណិត ខណៈដែលខ្ញុំមិនជួបរឿងរ៉ាវ បែបនេះទេ។ ខ្ញុំមានបណ្តាញ ទំនាក់ទំនងសង្គម តែគាត់អត់មាន។ ដូច្នេះខ្ញុំព្យាយាមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម ដើម្បីជាប្រយោជន៍”។

ទុក្ខលំបាក របស់អ្នករត់ស៊ីក្លូនេះហើយ បានបណ្ដាលឲ្យលោក ហួងហាវ បង្កើតគំនិតផ្តួចផ្តើមមួយ ឈ្មោះថា ណូអែលសម្រាប់ស៊ីក្លូ (Christmas for Cyclo) ដែលចាប់ផ្តើមឡើង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យណូអែល។

ក្នុងរយៈពេលជាង ២សប្តាហ៍ នៃយុទ្ធនាការនេះ លោក ហួង ហាវ រៃអង្គាសប្រាក់ បានចំនួន ៥.២០០ដុល្លារ ពីមិត្តភក្តិ និងសប្បុរសជនផ្សេងៗ ដែលស្គាល់លោក តាមរយៈបណ្តាញ ទំនាក់ទំនងសង្កម និងពីការរៀបចំដំណើរកម្សាន្ត តាមស៊ីក្លូចំនួន ២លើក ដែលលោកបានរៀបចំ ដើម្បីធ្វើជាអំណោយ ដល់អ្នករត់ស៊ីក្លូចំនួន ២១០នាក់ និងសម្រាប់សមាគម អភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ។ អ្នករត់ស៊ីក្លូម្នាក់ៗ ទទួលបានប្រាក់ ៥ដុល្លារ អាកុលលាងសម្អាតដៃ ម៉ាស់ អាហារ នំប៉័ង អាហារសម្រន់ ភួយ និងក្រម៉ាពីយុទ្ធនាការនេះ។

លោក សិន សុខុម ហៅ តា សាន អាយុ ៦៧ឆ្នាំ ដែលប្រកបមុខរបរ ជាអ្នករត់ស៊ីក្លូចាប់តាំងពី ឆ្នាំ១៩៨៧ មកនោះ បានសម្តែងក្តីរីករាយ នៅពេលដែលទទួលបាន អំណោយពីគំនិតផ្តួចផ្តើម Christmas for Cyclo។

លោកបានថ្លែងថា “អារម្មណ៍ខ្ញុំនៅថ្ងៃបុណ្យ ណូអែលហ្នឹង គឺថាមានយុវជន គាត់ជួយ ដូចជា មី អង្ករ សំលៀកបំពាក់ ក្រម៉ា បានច្រើនដែរ បានចង់ជាងកន្លះស៊ីក្លូអីដែរ។ ខ្ញុំរីករាយណាស់ ដែលមានការចូលរួម ពីយុវជន ទាំងកម្មករស៊ីក្លូរ ពួកគាត់សប្បាយរីករាយណាស់ មានស្វាគមន៍គ្នាទៅវិញទៅមក ដូចជាមានភាព ស្រលាញ់គ្នាណាស់”។

ផ្ទាំងពាណិជ្ជកម្ម

អ្នករត់ស៊ីក្លូម្នាក់ទៀត ឈ្មោះ អ៊ីត វី អាយុ ៦៣ឆ្នាំ ដែលប្រកបរបរជាអ្នករត់ស៊ីក្លូនេះ អស់រយៈពេល ២០ឆ្នាំ មកហើយដែរនោះ ក៏បានសម្តែងក្តីរីករាយផងដែរ ក្នុងការទទួលបានជំនួយ ពីយុទ្ធនាការណូអែល សម្រាប់ស៊ីក្លូនេះ។

ទោះជាយ៉ាងណា យុទ្ធនាការនេះ មិនអាចធ្វើឱ្យជីវភាព របស់អ្នករត់ស៊ីក្លូ មាននិរន្តរភាពឡើយ ជាពិសេសក្នុងអំឡុងពេល រាតត្បាតជំងឺកូវីដ-១៩ នេះ ដែលធ្វើឱ្យប្រាក់ចំណូល របស់អ្នករត់ស៊ីក្លូ ធ្លាក់ចុះខ្លាំង។

តាសាន បានរៀបរាប់ថា ប្រាក់ចំណូលរបស់លោក បានធ្លាក់ចុះខ្លាំង ដោយបច្ចុប្បន្ន លោកអាចសល់ប្រាក់ បានតែ ៧.០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃបន្ទាប់ ពីចំណាយប្រចាំថ្ងៃរួច ខណៈដែលកាលពីមុន លោកអាចរកប្រាក់ ចំណូលបានពី ៧ម៉ឺន ទៅ ៨ម៉ឺនរៀលក្នុងមួយ ថ្ងៃពីការដឹកជនបរទេស។

ដើម្បីរក្សានិរន្តរភាពជីវភាព របស់អ្នករត់ស៊ីក្លូ លោក ហួងហាវ បានបង្កើតគំនិតមួយទៀត គឺលោកបានស្នើសុំ ទៅកាន់ក្រុមហ៊ុន Grab ដើម្បីដាក់បញ្ចូលស៊ីក្លូ ទៅក្នុង App របស់ក្រុមហ៊ុន ផ្តល់សេវាកក់ ការធ្វើដំណើរមួយនេះ។

លោកថ្លែងថា “បើយើងជួយជាលុយ យើងជួយបានតែម្តងហើយក៏ចប់។ ដូច្នេះខ្ញុំរកវិធីអ្វី ដែលជួយឱ្យមាន និរន្តរភាពជាង។ ដល់ពេលអ្នកជិះចុច នៅលើ Grab គេអាចរកស៊ីក្លូជិះបាន”។

លោកថ្លែងថា មកដល់ពេលនេះ សំណើនេះស្ថិតក្នុង ដំណាក់កាលបឋមនៅឡើយ តែអ្វីដែលក្រុមហ៊ុន Grab អាចជួយបានភ្លាមៗ គឺការជួយផ្សព្វផ្សាយ អំពីស៊ីក្លូនៅក្នុង App របស់ក្រុមហ៊ុន។

អំពើល្អទាំងនេះ ហើយដែលឆ្លើយតប ទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណង ស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការប្រកាសជ័យលាភី របស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោង ធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាត ជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មី នឹងត្រូវជូនដំណឹង នៅពេលក្រោយ។

ដើម្បីចូលមើលវីដេអូ អំពីលោក តាំង ហួងហាវ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4gg1VKv11e/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top