ភ្នំពេញ-ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រ ក្នុងសហគមន៍ ឱ្យទទួលបានឱកាសរៀនសូត្រ និងការលើកទឹកចិត្តសិស្ស មិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយ ឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំង ជាបេក្ខជនមួយរូប ក្នុងកម្មវិធីពានរង្វាន់ ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោកគ្រូបានជាប់ជាបេក្ខជនម្នាក់ ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង ១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកគ្រូត្រូវបាន គេជ្រើសរើសជាជ័យលាភី លោកគ្រូ នឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។
ជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨១ លោកគ្រូឆ្លងកាត់បទពិសោធ និងមានស្នាដៃជាច្រើន ក្នុងវិស័យអប់រំ រហូតដល់លោកគ្រូត្រូវបានតែងតាំង ជានាយកវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុងឆ្នាំ១៩៩៩។
ក្នុងតួនាទីជានាយក លោកគ្រូ ឡុញ នាង និងលោកគ្រូអ្នកគ្រូ ជាសហការីរបស់លោក បានផ្តួចផ្តើម គំនិតជាច្រើន ដើម្បីជួយធ្វើឱ្យការអប់រំ នៅក្នុងមូលដ្ឋាន មានភាពរីកចម្រើន។
លោកគ្រូថ្លែងថា៖ “ដំបូងហ្នឹងយើង បានសហការគ្នារកគន្លឹះយ៉ាងម៉េច ដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈម របស់សិស្ស និងអាណាព្យាបាល។”
លោកបន្ថែមថា៖ “ទីមួយគឺកត្តាជីវភាពហ្នឹងតែម្តង។ អញ្ចឹង គាត់មករៀនមិនពេញលេញ ដោយសារជីវភាពគាត់នឹងវាខ្វះខាត។ អញ្ចឹងគាត់អាចរៀនព្រឹក ហើយល្ងាចគាត់ ទៅជួយស្ទូងដកស៊ីឈ្នួលគេអ៊ីចឹងទៅ ហើយបើរៀនល្ងាច ពេលព្រឹកគាត់ ទៅអញ្ចឹងទៅ”។
គំនិតផ្តួតផ្តើមទាំងនេះ រួមមានសិស្សខ្សោយ និងសិស្សក្រីក្រ ដែលមានប័ណ្ណក្រីក្រ ប្រភេទ១ និង២ ដែលបញ្ជាក់ដោយ អាជ្ញាធរមូលដ្ឋាន នឹងទទួលបានការរៀនគួរ និងផ្ញើកង់នៅសាលារៀន ដោយឥតគិតថ្លៃ អាណាព្យាបាលសិស្ស ដែលទទួលមណរភាព នឹងទទួលបានប្រាក់ ១០ម៉ឺរៀល ជួយឧបត្ថម្ភសិស្សពី ១០ ទៅ ១៥នាក់ក្នុងមួយខែ តាមរយៈការទិញសម្ភារសិក្សា និងកង់សម្រាប់ពួកគេ លើកទឹកចិត្តសិស្ស មិនឱ្យបោះបង់ការសិក្សា និងជួយការងារ សហគមន៍មួយចំនួនទៀងផងដែរ។
កុមារា ណន វ៉ាន់ដា អាយុ ១៦ឆ្នាំ គឺជាសិស្សម្នាក់ ក្នុងចំណោមសិស្សដែលទទួលបាន ការឧបត្ថម្ភពីលោកគ្រូ ឡុញ នាង។ សព្វថ្ងៃ វ៉ាន់ដា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ។
កុមារាដែលកើតមក មានតែដៃម្ខាងពីកំណើតម្នាក់នេះ ជួបប្រទះការលំបាកខ្លាំង នៅក្នុងជីវភាពគ្រួសារ ខ្វះសម្ភារសិក្សា និងមធ្យោបាយ ធ្វើដំណើរទៅសាលា។
អង្គុយក្រោមផ្ទះតូចមួយ ដែលសាងសង់ក្រោមគម្រោង របស់អង្គការសប្បុរសធម៌ វ៉ាន់ដា ថ្លែងថា៖ “ខ្ញុំធ្លាប់គិតថា ម៉ែគាត់អត់លុយ ឱ្យទៅរៀនចឹង ខ្ញុំចង់តែឈប់រៀន។ [ខ្ញុំគិតបែបនេះ] ចង់រាល់ឆ្នាំ។ ពេលខ្លះ អត់លុយចឹង មានអារម្មណ៍ថា ចង់ឈប់រៀនទៅ កាត់បន្ថយការចំណាយគាត់ ហើយសល់លុយខ្លះ”។
តែឥឡូវនេះ វ៉ាន់ដា មានភាពធូរស្រាលខ្លះ បន្ទាប់ពីកុមារារូបនេះទទួលបាន ការរៀនគួរដោយមិនអស់ប្រាក់ សម្ភារសិក្សាមួយចំនួន និងទទួលបានកង់មួយ សម្រាប់ជិះទៅរៀនពីលោកគ្រូ ឡុញ នាង។ ប្អូនស្រីរបស់ វ៉ាន់ដា គឺកុមារី ណន រក្សា អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ ក៏ទទួលបានការឧបត្ថម្ភ ពីលោកគ្រូ ឡុញ នាង ផងដែរ។
អ្នកនាង អុល យូរ៉ា គឺជាអតីតសិស្សក្រីក្រ ដែលធ្លាប់ទទួលបានជំនួយ ពីក្រុមការងាររបស់លោកគ្រូ ឡុញ នាង។ ស្រ្តីវ័យ ៣០ឆ្នាំរូបនេះបានរំឭក រឿងរ៉ាវអតីតកាលថា កាលអ្នកនាងរៀន នៅថ្នាក់ទី៩ ក្នុងឆ្នាំ២០០៨ អ្នកនាងជួបការលំបាកខ្លាំង ខាងផ្នែកជីវភាព និងរស់នៅជាមួយជីដូន ដោយសារម្តាយ បានទទួលមរណភាព ហើយម្ដាយគាត់ក៏បានលែងលះគ្នា ជាមួយឪពុកតាំងពី អ្នកនាងនៅតូច ដែលនេះជាហេតុធ្វើឲ្យគាត់ ចង់ឈប់រៀនព្រោះមិនដឹងថា គួរទៅរស់នៅជាមួយអ្នកណា។
ដោយឃើញស្ថានភាពបែបនេះ ក្រុមការងាររបស់លោកគ្រូ ឡុញ នាង បានទៅជួបគាត់ដើម្បីលួងលោម និងលើកទឹកចិត្ត និងជំរុញឱ្យគាត់បន្តការសិក្សា ដោយមានការផ្តល់ជូនជាថវិកា និងសម្ភារសិក្សារហូត ដល់អ្នកគ្រូបានបញ្ចប់ វិទ្យាល័យ និងប្រឡងជាប់ក្លាយជា គ្រូបង្រៀនកម្រិតបឋមសិក្សា។ សព្វថ្ងៃអ្នកនាងបង្រៀន នៅសាលាបឋមសិក្សាឱង្ការាម។ អ្នកនាងថ្លែងថា៖ “សម្រាប់ខ្ញុំ ការជួយជ្រោមជ្រែងនេះ មានទំហំធំធេង។ ខ្ញុំអាចរៀនមកដល់ថ្ងៃនេះ ដោយសារមានការ ជ្រោមជ្រែងខ្លាំងណាស់ ពីគណៈគ្រប់គ្រងសាលា”។
ក្រៅពីប្រើប្រាស់ប្រាក់ អាហារូករណ៍ ១៨ម៉ឺនរៀលក្នុងម្នាក់ សម្រាប់សិស្ស ៩០នាក់ (សិស្សថ្នាក់ទី៧ ទី ៨ និងទី ៩) ក្នុងមួយឆ្នាំ ដែលក្រសួងផ្តល់ជូន សិស្សក្រីក្រ ថវិកាដែលក្រុមការងារ របស់លោកគ្រូ ឡុញ នាង ប្រើប្រាស់សម្រាប់សកម្មភាព សប្បុរសធម៌នេះ គឺបានមកពីប្រាក់ចំណូល ពីការផ្ញើកង់ម៉ូតូ វិភាគទានទីតាំងអាហារដ្ឋាន នៅក្នុងសាលា និងប្រាក់ពីសប្បុរសជន ក្នុងនិងក្រៅសហគមន៍ ជាពិសេសពីអតីតសិស្ស ដែលបានបញ្ចប់ការ សិក្សាពីសាលានេះ។
បើទោះជាលោកគ្រូ ឡុញ នាង បានចូលនិវត្តន៍ក្នុងពេលថ្មីៗនេះ ទៅហើយក្តី តែលោកថ្លែងថា លោកនាយកថ្មីនឹងបន្តអនុវត្ត សកម្មភាពសប្បុរសធម៌ទាំងនេះ។
អំពើល្អទាំងនេះហើយដែលឆ្លើយតប ទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណង ស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយ គ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាត ជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹង នៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូ អំពីលោកគ្រូ ឡុញ នាង សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5kzs1Odxf6/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។