អត្ថបទ

ក្រុម Ad-Fiden ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បីជំរុញការជាវ ផលិតផលអាហារ ផលិតនៅក្នុងស្រុក

ភ្នំពេញ ២១ មិថុនា ២០២១ – បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល ភាពជាសហគ្រិនរយៈពេល ៣ខែ និងសាកល្បងគំនិតអាជីវកម្ម ដែលប្រកបដោយនវានុវត្តភាព ក្នុងកម្មវិធី SmartSpark រួចមក ក្រុម Ad-Fiden ត្រូវបានប្រកាស ជាអ្នកជ័យលាភី ក្នុងកម្មវិធី SmartSpark ជំនាន់ទី7 (ទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព) ក្នុងចំណោមក្រុម ចំនួន៧ដទៃទៀត។ ហើយរង្វាន់ដែលពួកគាត់ ទទួលបាននោះគឺ ទឹកប្រាក់ចំនួន ៣,០០០ ដុល្លាពី Smart Axiata ដើម្បីចាប់ផ្តើមអាជីវកម្ម បង្កើតថ្មីរបស់ពួកគេ។

SmartSpark គឺជាកម្មវិធីបណ្តុះបណ្តាលសហគ្រិន ដែលរៀបចំដោយ Smart Axiata និង Impact Hub Phnom Penh ក្នុងគោលបំណងគាំទ្រ ដល់សហគ្រិនសង្គម ដែលមានអាជីវកម្មរួមចំណែក ដល់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពសកល (SDGs) ទាំង១៧គោលដៅផងដែរ ។

ការសហការនេះ គីជាផ្នែកមួយនៃ កម្មវិធីដែលមានរយៈពេលបីឆ្នាំ ដែលមានកម្មវិធីរហូត ដល់ប្រាំបួនជំនាន់ ក្នុងការស្វែងរក​ ក្រុមសហគ្រិនវ័យក្មេង មានគំនិតបង្កើតអាជីវកម្មសង្គម ដែលចូលរួមចំណែក ក្នុងការអភិវឌ្ឍ​ប្រកបដោយចីរភាព។

សម្រាប់កម្មវិធី SmartSpark ជំនាន់ទី៧ នេះគឺត្រូវបានផ្តោតទៅលើ គំនិតអាជីវកម្ម ដែលទាក់ទងទៅនឹងទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តភាព ដែលស្របតាម គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ គោលដៅទី១១ទីក្រុង និងសហគមន៍ ប្រកបដោយចីរភាព គោលដៅទី១២ ការប្រើប្រាស់ និងការផលិតដោយទទួលខុសត្រូវ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព (SDGs)។

Ad-Fiden គឺជា កម្មវិធីទូរស័ព្ទដែលផ្តល់ នូវព័ត៌មានប្រកបដោយតម្លាភាព នៃផលិតផលអាហារ និងភេសជ្ជៈដែលផលិត នៅក្នុងស្រុកទៅដល់អ្នកប្រើប្រាស់ និងភ្ជាប់អ្នកផលិតក្នុងស្រុក ទៅអ្នកជំនាញខាងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ចំណីអាហារ និងទីផ្សារ និងយីហោ។

កញ្ញា ម៉ៅ សុជាតា សហស្ថាបនិកនៃ Ad-Fiden បានថ្លែងថា ៖ “ដំបូងឡើយ ក្រុមការងារ របស់យើងផ្តោតការងារសំខាន់ ក្នុងការដោះស្រាយបញ្ហានៅក្នុងសង្គម ក៏ប៉ុន្តែគំនិតអាជីវកម្មរបស់យើង ពុំទាន់គ្រប់លក្ខណៈនៅឡើយទេ។ ហើយក៏សូមអរគុណ ដល់កម្មវិធី SmartSpark ដែលធ្វើឲ្យយើង មានឱកាសទទួលបាន ការបណ្តុះបណ្តាលពី គំរូអាជីវកម្ម ការស្រាវជ្រាវទីផ្សារ យុទ្ធសាស្រ្តទីផ្សារ និងវគ្គសិក្សាសំខាន់ៗផ្សេងទៀត ដែលអាចអោយយើងអភិវឌ្ឍគំនិត កាន់តែប្រសើរនិងមានឥទ្ធិពល កាន់តែធំនៅក្នុងសង្គម។ កម្មវិធី SmartSpark ពិតជាអស្ចារ្យណាស់ សម្រាប់ជួយសហគ្រិនសង្គម ឱ្យមានឥទ្ធិពលវិជ្ជមានកាន់តែធំ នៅក្នុងសង្គម។”

កញ្ញា ណារ៉ា សុខេម៉ា គ្រូបណ្តុះបណ្តាល និងទីប្រឹក្សាកម្មវិធី នៅ Impact Hub Phnom Penh បានថ្លែងថា ៖ “ចាប់តាំងពីរដូវកាលទី១ រហូតដល់រដូវកាលទី៧នេះ កម្មវិធី SmartSpark បានបណ្តុះបណ្តាល សហគ្រិនចំនួន ១៧៦នាក់ ក្នុងនោះក៏មានស្រ្តី ៥៣% ព្រមទាំងគាំទ្រ គំនិតអាជីវកម្មជាង ៥៣ រួចមកហើយ។ ពួកយើងពិតជាមានមោទនភាពបំផុត ចំពោះស្មារតីការតស៊ូព្យាយាម និងទេពកោសល្យ របស់សហគ្រិនសង្គមវ័យក្មេង ដែលមានការខិតខំប្រឹងប្រែង ដោះស្រាយនូវបញ្ហាសង្គម តាមរយៈគំនិតនវានុវត្តន៏របស់ពួកគេ។”

លោក Thomas Hundt (ថូម៉ាស ហ៊ុន) បានមានប្រសាសន៍ថា ៖ “យើងពិតជាមានមោទនភាពណាស់ ខណៈពេលដែលសហគ្រិនវ័យក្មេង បានផ្ដោតចំណាប់អារម្មណ៍របស់ខ្លួន ទៅលើបញ្ហាផ្សេងៗដែលប្រឈម មាននៅក្នុងសង្គម។ គំនិតទាំងនេះប្លែកពីគ្នា ហើយមានដូចជា ការផ្ដោតទៅលើចំណីសត្វ ទៅកាន់ការបង្កើតឡើង នូវការធ្វើទីផ្សារនិង ផ្សាយពាណិជ្ជកម្ម បែបមិនប៉ះពាល់ដល់បរិស្ថាន និងការស្វែងរកវិធីធ្វើម្ហូបបែបថ្មី សហគ្រិនដែលបាន ចូលរួមកម្មវិធី SmartSpark បន្តធ្វើឲ្យយើងមានភាព ភ្ញាក់ផ្អើលតាមរយៈទេពកោសល្យ និងជំនាញរបស់ពួកគេ ក្នុងការប្រើបា្រស់បច្ចេកវិទ្យា ដើម្បីជួយនូវសហគមន៍ ដែលមិនទាន់មានភាពជឿនលឿន។ បេសកកម្មរបស់ ក្រុមហ៊ុន Smart គឺជួយឲ្យគំនិតច្នៃប្រឌិតទាំងអស់នេះ ក្លាយជាការពិត ដោយផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកម្មវិធីអភិវឌ្ឍដូច SmartSpark។ គំនិតដំណោះស្រាយទាំងអស់ ដែលបានធ្វើបទបង្ហាញនៅ SmartSpark ជំនាន់ទី 7 នេះគឹសុទ្ធតែមានសក្ដានុភាព ក្នុងការជួយបង្កើនឡើងនូវគុណភាព នៃជីវិតសម្រាប់ប្រជាជន ជាច្រើនសហគមន៍។”

បន្ទាប់ពីកម្មវិធី SmartSpark Pitching Night នេះ ក្រុមទាំង៨ ដែលបានចូលវគ្គបណ្តុះបណ្តាល ក៏នៅតែទទួលបានការ គាំទ្រ និងបណ្តាញទំនាក់ទំនងរបស់ Impact Hub Phnom Penh ក្នុង Hub Entrepreneurs Club ដែលជាបណ្តាញ សហគ្រិន និងអ្នកដឹកនាំដទៃទៀតផងដែរ។
ក្រុមទាំង៧ទៀត ដែលបានចូលរួមកម្មវិធីមានដូចជា៖
• ECOBuddy គឺជាកម្មវិធីទូរស័ព្ទដែលជម្រុញ និង សម្រួលការរស់នៅបែបបៃតង ឱ្យកាន់តែងាយស្រួល និងសប្បាយរីករាយ តាមរយៈការលេងហ្គេម បេសកកម្មបៃតង (Eco-challenge) ព្រមទាំងមានE-bot ដ៏រួសរាយរាក់ទាក់។ អ្នកក៏អាចទិញផលិតផល ដែលល្អសម្រាប់បរិស្ថាន និងមានគុណភាពខ្ពស់ ព្រមទាំងបង្កើត ទំនាក់ទំនងយ៉ាងជិតស្និត​ ជាមួយអ្នកដែលស្រលាញ់បរិស្ថាន ដូចអ្នកដែរ (Eco-Community)។
• Pawsome Kh ជារូបមន្តចំណីសត្វថ្មី សម្បូរជីវជាតិ ល្អសម្រាប់សុខភាពសត្វចិញ្ចឹមរបស់អ្នក និង ល្អសម្រាប់បរិស្ថាន។
• E-Piller មានគោលបំណងក្នុងការបង្កើត នូវប្រអប់ឆ្លាតវៃ ដែលមានតួនាទីជួយដាស់តឿន រំលឹកមនុស្សចាស់ក៏ដូចជាអ្នកជំងឺ ឲ្យទទួលទានថ្នាំ បានទៀងទាត់ពេលវេលា។
• Your Space គឺជាកម្មវិធីទូរស័ព្ទមួយ ដែលបង្ហាញអ្នកពីទីតាំងទំនេរ ដើម្បីជួយអ្នកក្នុងការស្វែងទីតាំងចំណត ដែលមានសុវត្ថិភាព តម្លៃសមរម្យ និងនៅជិតអ្នកបំផុត។
• Agora គឺជាភ្នាក់ងារទីផ្សារដែលផ្តល់សេវាកម្មល្អ និងមានតម្លៃសមរម្យ ដើម្បីជួយឱ្យអាជីវកម្មបៃតង មានភាពរីកចម្រើន។
• KruoSa ផ្តោតទៅលើការកែច្នៃអាហារ ដោយការផលិតនូវនំបញ្ចុកខ្មែរ ដោយមានគុណភាពខ្ពស់ និងអាចរក្សាទុកបានយូរ ដោយផ្តល់ជូននូវជម្រើសផ្សេងៗគ្នា នៃរូបមន្តក្នុងតំបន់ ក៏ដូចជារសជាតិបែបខ្មែរ។
• Housing Mate គឺជាសេវាកម្មប្រឹក្សាយោបល់ ដើម្បីជួយអ្នក រចនា តុបតែង ឬសាងសង់ផ្ទះ ឬការិយាល័យដែលមាន ការយកចិត្តទុកដាក់លើបរិស្ថាន។
ចូលរួមជាមួយពួកយើង ដើម្បីបញ្ជេញគំនិតអាជីវកម្ម ដែលផ្តល់ឥទ្ធិពលវិជ្ជមាន ដល់សង្គម និងបរិស្ថានយើង។ សូមតាមដានព័ត៍មានតាមរយៈ Impact Hub Phnom Penh ឬ Smart For Cambodia ដើម្បីចូលរួមក្នុងកម្មវិធី SmartSpark ជំនាន់ទី៨៕

To Top