អត្ថបទ

គ្រួសារងាយរងគ្រោះ ចំនួន ៣០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ទទួលបានការគាំទ្រ ពីមូលនិធិស្បៀងអាហារ របស់ក្រុមហ៊ុន Smart Axiata

ភ្នំពេញ-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័តឈានមុខគេ នៅកម្ពុជា បានបរិច្ចាគស្បៀងអាហារ កាលពីចុងសប្ដាហ៍ ដល់ក្រុមគ្រួសារ ងាយរងគ្រោះ ចំនួន ៣០០ គ្រួសារនៅខេត្តបន្ទាយមានជ័យ។

ពលរដ្ឋក្នុងស្រុកមង្គលបូរី លោកស្រី អន ម៉ាច បានឲ្យដឹងថា៖ «យើងត្រេកអរណាស់ ដែលទទួលបានអំណោយ ពីក្រុមហ៊ុន Smart ប្រជាពលរដ្ឋអត់ ហើយវាយ៉ាប់ណាស់ អំឡុងពេលកូវីដ-១៩។ ខ្ញុំមានកូនអាយុ១១ ឆ្នាំម្នាក់ពិការនៅផ្ទះ អត់ដែលបានទៅណាទេ ប្ដីរកស៊ីម្នាក់ឯង ដើម្បីចិញ្ចឹមគ្រួសារ។»

ការបរិច្ចាគស្បៀងអាហារនេះ អាចធើ្វទៅបានតាមរយៈ «មូលនិធិស្បៀងអាហារ របស់ក្រុមហ៊ុន Smart Axiata» ដែលត្រូវបានបង្កើតឡើង កាលពីថ្ងៃទី៦ ខែឧសភា ដោយក្រុមហ៊ុន Smart បានប្រមូល និងចូលរួមបរិច្ចាគថវិកា បង្រ្គប់ទឹកប្រាក់ ពីអតិថិជនរបស់ខ្លួន រហូតដល់ចុងខែឧសភា។ ការបរិច្ចាគស្បៀងអាហារនេះ រួមមានអាហារផ្ទត់ផ្ទង់សំខាន់ៗ ដូចជា អង្ករ មី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។

ដោយបច្ចុប្បន្នរស់នៅ ជាមួយចៅៗពីរនាក់ លោកស្រី ប៉ាល់ ថន បានឲ្យដឹងថា ៖«ខ្ញុំសប្បាយចិត្តដែលទទួលបាន អំណោយថ្ងៃនេះ ហើយនិឹងយកទៅហូបជាមួយចៅ។»

នៅពិធីប្រគល់ស្បៀងអាហារនេះ ក្រោមអធិបតីមន្រ្តីរាជការខេត្ត និងអ្នកតំណាងក្រុមហ៊ុន Smart Axiata ត្រូវបានធ្វើឡើងនៅស្រុកសិរីសោភ័ណ ដែលក្រុមគ្រួសារចំនួន ១០០ គ្រូសារទទួលបាន ស្បៀងអាហារនេះ និងនៅស្រុកមង្គលបូរី មានគ្រួសារចំនួន ២០០ គ្រួសារផ្សេងទៀត​ ទទួលបានស្បៀងអាហារ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «យើងធ្វើការដោះស្រាយបញ្ហាកូវីដ-១៩ជាប្រចាំ មិនមានគ្រួសារណាមួយ គ្មានអាហារទទួលទាននោះឡើយ ហើយអ្វីដែលសំខាន់ ជាងនេះទៀត យើងបានប្រើប្រាស់វិធានការ អប់រំទូលំទូលាយ ដល់ពលរដ្ឋទាំងអស់ ទូទាំងខេត្តបន្ទាយមានជ័យ…ថ្វីត្បិតយើងខិតខំប្រឹងប្រែង យ៉ាងណាក៏ដោយ បើគ្មានការចូលរួម ពីវិស័យឯកជនការជោគជ័យរបស់យើង ក៏មិនរលូនល្អដែរ…វិស័យឯកជនក្នុងខេត្តបន្ទាយមានជ័យ បានសហការគ្នាល្អណាស់ ទាក់ទងនិងការផ្ដល់ព័ត៌មាន ការចុះយកសំណាក និងព្យាបាល ក៏ដូចជាកន្លែងស្នាក់នៅ។

នេះក៍មិនមែនជាលើកដំបូងដែរ ដែលក្រុមហ៊ុន Smart បានចូលរួម ជួយខេត្តបន្ទាយមានជ័យ។ នៅខែតុលា ឆ្នាំមុន ខណៈដែលខេត្តយើងបានប្រឈម ជាមួយនឹងទឹកជំនន់ ក៍ក្រុមហ៊ុនបានផ្ដល់ជាជំនួយ ដល់ប្រជាជនយើង រាប់ពាន់គ្រួសារដែរ។»

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ពួកយើងពិតជាស្ញប់ស្ញែងណាស់ ដែលឃើញប្រជាពលរដ្ឋកម្ពុជា មានទឹកចិត្តសប្បុរស ក្នុងគ្រាដ៏ចាំបាច់មួយ ហើយអតិថិជនរបស់យើងបាន ចូលរួមម្តងទៀត ក្នុងវិបត្តិនេះ តាមរយៈការបរិច្ចាគទៅក្នុងមូលនិធិ ដែលយើងបានបង្គ្រប់ទឹកប្រាក់ ដើម្បីផ្ដល់ស្បៀងអាហារ ចាំបាច់ទាំងអស់នេះ។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «អំឡុងពេលនៃការរាតត្បាត ជាសាកលនៃជំងឺកូវីដ-១៩ នេះ យើងបានព្យាយាម គ្រប់មធ្យោបាយទាំងអស់ ដែលយើងអាចធ្វើទៅបាន ដើម្បីគាំទ្រ ប្រជាពលរដ្ឋកម្ពុជា អំឡុងគ្រា លំបាកនេះ។ ពីមូលនិធិទឹកប្រាក់ 1 លានដុល្លា ដើម្បីប្រឆាំងកូវីដ-១៩ ដែលជួយគាំទ្រ គំនិតផ្ដួចផ្ដើម ដើម្បីជំនះផលប៉ះពាល់អាក្រក់បំផុត នៃការរាតត្បាតជា សាកលនៃជំងឺកូវីដ-១៩ ក៏ដូចជាការរៀបចំមណ្ឌលចាក់វ៉ាក់សាំង និងការផ្ដល់ជូនជាមួយ ការហៅទូរស័ព្ទ និងទិន្ន័យអីុនធីណិតឥតគិតថ្លៃ ដល់អ្នករស់នៅតំបន់ក្រហម ក្រុមហ៊ុន Smart មានគោលបំណងជួយគាំទ្រ ជាសកម្មដល់អតិថិជនរបស់ខ្លួន ដែលកំពុងប្រើប្រាស់ បណ្ដាញទំនាក់ទំនង របស់យើង ដើម្បីសិក្សា ធ្វើការ និងរក្សាទំនាក់ទំនង»៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

To Top