ក្រុមហ៊ុន Httpool បានពង្រីកភាពជាដៃគូរ លក់ការផ្សាយពាណិជ្ជកម្ម របស់ខ្លួន ជាមួយក្រុមហ៊ុន Spotify ដើម្បីរួមបញ្ចូលប្រទេសឡាវ និងកម្ពុជា ដោយក្រុមហ៊ុនក្លាយជា អ្នកតំណាងផ្តាច់មុខ ដើម្បីគ្រប់គ្រង សេវាផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន Spotify ក្នុងតំបន់ឥណ្ឌូចិន សម្រាប់ម៉ាកយីហោ គ្រប់កម្រិតដែលស្វែងរកតភ្ជាប់ ផលិតផលរបស់ខ្លួន ជាមួយអតិថិជន។
ក្នុងនាមជាផ្លែតហ្វមចាក់ផ្សាយ បន្តផ្ទាល់តន្ត្រី (Audio streaming) ដ៏មានប្រជាប្រិយបំផុត ក្នុងពិភពលោក ក្រុមហ៊ុន Spotify ផ្តល់ជូនដំណោះស្រាយ ផ្សាយពាណិជ្ជកម្ម ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ម៉ាកយីហោនានា ដើម្បីផ្សាយ ផលិតផលរបស់ពួកគេ ទៅដល់អ្នកស្តាប់តន្ត្រីវ័យក្មេង ដែលសកម្មខ្លាំង និងមានឥទ្ធិពលជាច្រើន របស់ក្រុមហ៊ុន និងដើម្បីទាញយកប្រយោជន៍ ពីការកើនឡើងអំណាច នៃការចាក់ផ្សាយបន្តផ្ទាល់តន្ត្រី។
អ្នកស្រី Anna Gorka មកពីក្រុមហ៊ុន Httpool និងជានាយកដៃគូ Spotify បានពន្យល់ថា៖ “ក្រុមហ៊ុន Httpool មានក្តីរំភើបដែលបានក្លាយជា អ្នកតំណាងផ្តាច់មុខ របស់ក្រុមហ៊ុន Spotify ក្នុងទីផ្សារជាច្រើនក្នុងតំបន់អាស៊ី ហើយក្រុមហ៊ុន មានក្តីរីករាយយ៉ាងខ្លាំង ក្នុងការផ្តល់ជូនក្រុមហ៊ុននានា នូវឱកាសផ្សាយ ពាណិជ្ជកម្មប្លែកពីគេ។ យើងអាចមើលឃើញ សក្តានុពលយ៉ាងច្រើន សម្រាប់អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសឡាវ និងកម្ពុជា តាមរយៈការបើកចំហរ ដំណោះស្រាយ ផ្សាយពាណិជ្ជកម្មថ្មីគុណភាពល្អ។ ក្នុងនាមជាផ្លែតហ្វមចាក់ផ្សាយ តន្ត្រីឌីជីថល ក្រុមហ៊ុន Spotify កំពុងទទួលបានកំណើនអ្នកស្តាប់ តន្ត្រីថ្មីៗជាលំដាប់ ជាទីដែលម៉ាកយីហោនានា អាចលើកកម្ពស់ការយល់ដឹង អំពីម៉ាកយីហោរបស់ពួកគេ”។
លោក Sea Yen Ong ប្រធានផ្នែកលក់ប្រចាំ តំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Spotify បានថ្លែងថា៖ “យើងមានក្តីរីករាយយ៉ាងខ្លាំង ដែលបានពង្រីកទំនាក់ទំនង របស់ក្រុមហ៊ុន Spotify ជាមួយក្រុមហ៊ុន Httpool និងមានពួកគេធ្វើជាតំណាង ឱ្យអាជីវកម្មផ្សាយពាណិជ្ជកម្ម របស់យើង ក្នុងប្រទេសឡាវ និងកម្ពុជា។ ក្រុមហ៊ុន Httpool នឹងមានលទ្ធភាពពេញលេញ ដើម្បីធ្វើជាតំណាងឱ្យផលិតផល ផ្សាយពាណិជ្ជកម្មជាសំឡេង វីដេអូ និងរូបភាពប្រកបដោយ ភាពច្នៃប្រឌិត របស់ក្រុមហ៊ុន Spotify នៅទូទាំងបណ្តាញលក់ទាំងអស់”។
ការផ្សាយពាណិជ្ជកម្ម នៅលើផ្លែតហ្វមរបស់ក្រុមហ៊ុន Spotify
ដោយធ្វើឱ្យទៅជាលក្ខណៈ ក្នុងស្រុកទាំងស្រុង ផ្លែតហ្វមរបស់ក្រុមហ៊ុន Spotify ផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្ម នូវជម្រើសចម្រុះមួយ ដើម្បីឱ្យអតិថិជនរបស់ពួកគេ បានស្គាល់ផលិតផលរបស់ខ្លួន ដោយផ្អែកលើគោលដៅ យុទ្ធនាការ និងរបៀប ដែលអ្នកប្រើប្រាស់ភ្ជាប់ខ្លួន ទៅនឹងផ្លែតហ្វមចាក់ផ្សាយតន្ត្រីនេះ។ ជម្រើសទាំងនេះរួមមាន ការផ្សាយពាណិជ្ជកម្មជាសំឡេង វីដេអូ និងរូបភាព។
អ្នកផ្សាយពាណិជ្ជកម្ម អាចផ្សាយម៉ាកយីហោរបស់ខ្លួន ទៅដល់អ្នកស្តាប់តន្ត្រីសកម្មបាន ដែលបច្ចុប្បន្នពួកគេជ្រើសយក ការស្តាប់តន្រ្តីតាមឧបករណ៍ អេឡិចត្រូនិចនានា ដូចជាទូរស័ព្ទចល័ត កុំព្យូទ័រលើតុ ឧបករណ៍បំពងសំឡេង ដែលមានភ្ជាប់អ៊ីនធឺណិត ឧបករណ៍លេងហ្គេម និងផ្សេងៗទៀត។ នៅទូទាំងពិភពលោក អ្នកប្រើប្រាស់សេវា Spotify Free ចំណាយពេលជាមធ្យម ២ម៉ោងកន្លះក្នុងមួយថ្ងៃ ដើម្បីស្តាប់តន្រ្តី នៅលើផ្លែតហ្វមរបស់ក្រុមហ៊ុន តាមរយៈឧបករណ៍អេឡិចត្រូនិចផ្សេងៗ៕