អត្ថបទ

មិត្តហ្វូន ឈ្នះពានរង្វាន់មាស ៣ ពីស្ថាប័នអន្តរជាតិ Globee Awards

ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ត្រូវបានផ្ដល់ជ័យលាភីជា Grand Globee Winner ដោយស្ថាប័នអន្តរជាតិ Globee® Awards ដែលជាស្ថាប័នអន្តរជាតិដ៏ល្បី ឈ្មោះមួយក្នុងការផ្ដល់រង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ច ដល់ក្រុមហ៊ុនអាជីវកម្ម នៅទូទាំងពិភពលោក។ នេះបើតាមការឲ្យដឹង របស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន មិត្តហ្វូន ។

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវបានទទួលស្គាល់ និងផ្ដល់ពានរង្វាន់ជ័យលាភី Grand Globee Winners នៅក្នុងកម្មវិធីប្រចាំឆ្នាំលើកទី៨ នៃការផ្ដល់ពានរង្វាន់ ធុរកិច្ចឆ្នើមអន្តរជាតិ ឆ្នាំ២០២១ ។

មិត្តហ្វូន ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន ៥ ដែលមានឈ្មោះជាប់ជាជ័យលាភី Grand Globee Winners រួមមាន ក្រុមហ៊ុន Viettel Cambodia Pte. Ltd., HALKBANK, IBM, Makers Nutrition និង Pan American Energy ។

ពានរង្វាន់ទាំងនេះផ្ដោត ទៅលើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងនោះរាប់បញ្ចូលទាំង សេវាកម្មនិងមាតិកាឌីជីថល ផងដែរ ។ ហើយក្រុមហ៊ុន មិត្តហ្វូន ត្រូវបានទទួលស្គាល់ដោយ ផ្ដល់ជាពានរង្វាន់មាសចំនួន៣ សម្រាប់សេវា និងមាតិកាឌីជីថលដូចជា៖

1.CamID ៖ ឈ្នះពានរង្វាន់កម្មវិធីកម្សាន្ត នៅលើទូរសព្ទដៃ ដែលល្អបំផុតប្រចាំឆ្នាំ
2.ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ៖ ឈ្នះពានរង្វាន់ដំណោះស្រាយ បច្ចេកវិទ្យាព័ត៌មានសម្រាប់ ធុរកិច្ចដែលល្អបំផុតប្រចាំឆ្នាំ
3.វីដេអូភាគ «មាគ៌ាព្រះធម៌» ៖ ឈ្នះពានរង្វាន់មាតិកាអប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ

លោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិនៃក្រុមហ៊ុនមិត្តហ្វូន មានប្រសាសន៍យ៉ាងដូច្នេះថា «ពានរង្វាន់ដ៏ថ្លៃថ្លានេះ បញ្ជាក់អំពីភាពឈានមុខគេ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន មិត្តហ្វូន នៅក្នុងបេសកកម្មបង្កើត សង្គមឌីជីថលមួយនៅកម្ពុជា» ។

លោក ហ្វុង វ៉ាន់ គឿង បន្ថែមទៀតថា «យើងពិតជាដឹងគុណយ៉ាងខ្លាំង ក្រៃលែងចំពោះអតិថិជន ដ៏មានតម្លៃរបស់យើង ក៏ដូចជាបុគ្គលិកនិយោជិត និងដៃគូអាជីវកម្មរបស់យើង ដែលបានជួយឲ្យយើងទទួលបាន សមិទ្ធផលដ៏អស្ចារ្យនេះ» ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា សេវាកម្មនិងផលិតផលឌីជីថល ដែលបានទទួលពានរង្វាន់មាសពីស្ថាប័ន Globee Awards រួមមាន CamID, ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) និងវីដេអូភាគ «មាគ៌ាព្រះធម៌» ។

CamID គឺជា App ដែលមានមុខងារពិសេសៗ ដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន និងជាវេទិកាឌីជីថល ដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។ CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប – ក្នុងនោះរាប់ទាំង អ្នកប្រើប្រាស់ក្រៅប្រព័ន្ធ – ដែលដាក់បញ្ចូលគ្នានូវ គ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។

ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) គឺជាឧបករណ៍បច្ចេកវិទ្យាមួយ ដែលក្រុមហ៊ុនមិត្តហ្វូន បានចុះកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធ ព័ត៌មានគ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម ទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងគោលបំណងផ្ដល់ ការកម្សាន្តដល់ប្រជាជនកម្ពុជា ក៏ដូចជាបំផុសទឹកចិត្ត ពួកគេឲ្យយល់អំពីអំពើល្អ គុណតម្លៃ និងវិធីដែលព្រះពុទ្ធបានបង្រៀន ។ រឿងនិទានទាំងឡាយ នៅក្នុងវីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែកតាមប្រវត្តិរឿងរ៉ាវ នានារបស់ព្រះពុទ្ធ ដែលតំណាងឲ្យសាសនាជាតិ របស់ព្រះរាជាណាចក្រកម្ពុជា» ។

លោកបានបន្តថា «មាតិកាវីដេអូនេះធ្វើឲ្យដំណើរ រឿងរបស់ព្រះពុទ្ធមាន ជីវិតរស់រវើកឡើងវិញ និងបំផុសគោលគំនិត នៃការសាងអំពើល្អនៅក្នុងជីវិត រស់នៅរបស់មនុស្សគ្រប់រូប ។

គួរបញ្ជាក់ថា ពានរង្វាន់ Globee Awards ត្រូវបានផ្ដល់ជូននៅក្នុងកម្មវិធី និងការប្រកួតប្រជែងចំនួន ១១ ប្រភេទ រួមមានដូចជា the CEO World Awards®; the Consumer World Awards®; the Customer Sales & Service World Awards®; the Globee® International Best in Business Awards; the Golden Bridge Awards®; the Cyber Security Global Excellence Awards® and Security World Awards; the IT World Awards®; One Planet® American Best in Business Awards; the Globee® Employer Excellence Awards®; the Globee® Corporate Communications & Marketing World Awards; និង the Women World Awards®.

ជាការផ្ដល់កិត្តិយសដល់ស្ថាប័ន ក្រុមហ៊ុនគ្រប់ប្រភេទ និងទំហំ ព្រមទាំងបុគ្គលដែលនៅពីក្រោយ ភាពជោគជ័យរបស់ ក្រុមហ៊ុនទាំងនោះ កម្មវិធីពានរង្វាន់ Globee Awards ទទួលស្គាល់ចំពោះសមិទ្ធផល និងស្នាដៃលេចធ្លោរបស់ ក្រុមហ៊ុនអាជីវកម្មនានា មកពីជុំវិញពិភពលោក ៕

To Top
×