Covid-19

លោក រ៉ូហានី៖ អាមេរិកគួរតែដកទណ្ឌកម្ម ប្រសិនបើចង់ជួយអ៊ីរ៉ង់ ប្រយុទ្ធប្រឆាំង កូរ៉ូណាវីរុស

បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្ម ប្រសិនបើចង់ជួយប្រទេស អ៊ីរ៉ង់ ប្រយុទ្ធប្រឆំាង នឹងការផ្ទុះឆ្លងរីករាលដាលនៃ កូរ៉ូណាវីរុស ហើយលោកបានបន្ថែមថា ប្រទេសអ៊ីរ៉ង់គ្មានបំណង ទទួលយកសំណើផ្តល់ ជំនួយមនុស្សធម៌របស់អាមេរិកនោះឡើយ។

នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “មេដឹកនាំអាមេរិកនានា កំពុងតែនិយាយកុហក។ ប្រសិនបើពួកគេចង់ជួយប្រទេសអ៊ីរ៉ង់នោះ គ្រប់យ៉ាងដែលពួកគេចាំបាច់ត្រូវតែធ្វើ គឺការដកទណ្ឌកម្ម បន្ទាប់ពីនោះ យើងអាចដោះ ស្រាយជាមួយការផ្ទុះ នៃកូរ៉ូណាវីរុសបាន”។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់គឺជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយ ដែលរងការវាយប្រហារធ្ងន់ធ្ងរពីកូរ៉ូណាវីរុស ដោយមានមនុស្សស្លាប់ជាង១.៨០០នាក់ និងមនុស្សឆ្លងវីរុសនេះចំនួន២៣.០៤៩នាក់ ហើយយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់ មនុស្សម្នាក់បានស្លាប់ពីវីរុសថ្មីនេះ រៀងរាល់១០នាទីម្នាក់៕
ប្រែសម្រួល៖ ប៉ាង កុង

To Top
×