Covid-19

ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មិនធូរស្រាល កម្ពុជានឹងស្នើសុំគ្រូពេទ្យជំនាញចិន មួយក្រុមបន្ថែមទៀត

ភ្នំពេញ៖ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មិនមានការធូរស្រាលសោះកម្ពុជា នឹងស្នើសុំក្រុមគ្រូពេទ្យជំនាញចិន មួយក្រុមបន្ថែមទៀត ដើម្បីផ្លាស់ប្ដូរ ក្រុមគ្រូពេទ្យចាស់ ដែលបានបញ្ជូនមកជួយកម្ពុជា កាលពីពេលថ្មីៗនេះ ខណៈពួកគេមកជួយកម្ពុជា ត្រឹមតែរយៈពេល១៤ថ្ងៃ ហើយនឹងត្រូវត្រឡប់ ទៅប្រទេសគេវិញ។ នេះបើយោងតាម ការអះអាង របស់លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ មិត្តចិនបានផ្ដល់ក្រុមគ្រូពេទ្យជំនាញ ចំនួន៧នាក់ ដើម្បីមកធ្វើការបង្ហាត់បង្រៀនការព្យាបាល និងផ្តល់បរិក្ខាពេទ្យនានា សម្រាប់ប្រើប្រាស់ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ ១៩ ដែលកំពុងកើតមានឡើងនៅកម្ពុជា។

លោកម៉ម ប៊ុនហេង បានថ្លែងថា “យើងពិនិត្យជាមួយគ្នា យើងមើលសភាពការណ៍ បាទ គាត់មក១៤ថ្ងៃទេ បើសិនជាសភាពការណ៍យើងល្អហើយ ក៏ល្អ បើថាមានបញ្ហាដែលមាន បញ្ហាបន្តទៀត អាហ្នឹងគាត់ នឹងមានក្រុមមកបន្តទៀត១៤ថ្ងៃទេ បន្ទាប់ពី១៤ថ្ងៃ ហើយបន្ទាប់មកគាត់ពិនិត្យមើល ឃើញការវិវត្តន៍ល្អ អាហ្នឹងគាត់នឹងបញ្ចប់ ហើយបើសិន មើលទៅមិនល្អទេ យើងនឹងសុំគាត់ ឲ្យមកក្រុមមួយទៀតមកជំនួសពួកគាត់”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញ អ្នកផ្ទុកជំងឺកូវីដ១៩ មានចំនួន៨៧នាក់ ខណៈអ្នកជាសះស្បើយ មានចំនួន២នាក់៕ ដោយ៖ធី លីថូ

To Top