Covid-19

បញ្ហាកូវីដ១៩! គណបក្សយុវជនកម្ពុជា ស្នើឲ្យរដ្ឋាភិបាល ចរចាជាមួយធនាគារ ដើម្បីពន្យារពេលបង់បំណុលពលរដ្ឋ

ភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ស្នើឲ្យប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចរចាជាមួយ ធនាគារឯកជនទាំងអស់ ឲ្យពន្យារពេល ក្នុងការបង់បំណុល របស់ប្រជាពលរដ្ឋខ្មែរ ដែលបានខ្ចីថវិកា មកធ្វើជាដើមទុន នាពេលកន្លងមក។

សូមរំលឹកថា គិតត្រឹមវេលាម៉ោង១០ យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន៨៧ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត។

យោងតាមសំណើ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រតិភូគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា «សូមស្នើដល់ សម្ដេចតេជោ មេត្តាពិចារណា ពិភាក្សា និងចរចាជាមួយ ធានាគារឯកជនទាំងអស់ ឲ្យពន្យារពេល ក្នុងការបង់បំណុល របស់ប្រជាពលរដ្ឋខ្មែរ ដែលបានខ្ចីនូវថវិកា ធ្វើជាដើមទុនរកស៊ី ហើយត្រូវបានមេរោគ COVID-19 ឆ្លងមកប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ ដល់ការរកស៊ីរបស់ពួកគាត់ ជាហេតុនាំឲ្យមុខរបរ និងអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋខ្មែរ យើងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ បាត់បង់ចំណូលប្រចាំថ្ងៃ ហើយធ្វើឲ្យពួកគាត់ គ្មានលទ្ធភាពបង់បំណុល ជូនធនាគារឯកជន ដែលពួកគាត់បានខ្ចីនោះឡើយ»។

ក្នុងន័យនេះលោក ពេជ្រ ស្រស់ ស្នើឲ្យសម្ដេចតេជោ ជួយដល់ប្រជាពលរដ្ឋខ្មែរ មួយចំនួនធំ កំពុងតែជួបការលំបាកយ៉ាងខ្លាំង ក្នុងការចេញស្វែងរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ ក៏ដូចជាការបង់បំណុល ជូនធនាគារឯកជន អំឡុងពេលមេរោគ COVID-19 ឆ្លងយ៉ាងលឿននៅកម្ពុជា៕ ដោយ ៖ អេង ប៊ូឆេង

To Top