Covid-19

ជនជាតិចិន២នាក់ ក្នុងចំណោមជិត២០០នាក់ ត្រូវបានរកឃើញលើសកម្ដៅ បញ្ជូនទៅសម្រាក នៅមន្ទីរពេទ្យខេត្តស្វាយរៀង

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់ សាលាខេត្តស្វាយរៀង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២០នេះ ថា មានជនជាតិចិន២នាក់ ក្នុងចំណោម១៧៤នាក់ ត្រូវបានរកឃើញលើសកម្ដៅ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត និងដាក់ឲ្យនៅដាច់ ដោយឡែកពីគេផងដែ។

សូមរំលឹកថា មានជនជាតិចិនមួយក្រុម បានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូ ជិតច្រកទ្វាព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មហាជនក្រុម សមត្ថកិច្ចនគបាលក្រុងបាវិត សហការជាមួយ កងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិតបានឃាត់ខ្លួន និងអញ្ជើញជនជាតិចិន ទាំង១៧៤នាក់ ក្នុងនោះមានស្រី៣៧នាក់ នោះមកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីស័ក ។

ករណីខាងលើនេះ លោក លឹមសៀង ហេង អភិបាលក្រុងបាវិត បានប្រាប់ ក្រុមអ្នកសារព័ត៌មានអោយដឹងថា នៅយប់ថ្ងៃ២៤ ខែមីនាថា មានជនជាតិចិនចំនួន ១៧៤នាក់ បានធ្វើដំណើរពីទិសខាងលិច តាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណង ចូលស្នាក់នៅ ក្នុងសណ្ឋាគារនិងតាម កាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងកាស៊ីណូមិនអនុញ្ញាត ហើយបានរាយការណ៍ មកជូនអាជ្ញាធរនិង សមត្ថកិច្ច ទើបលោកសហការជាមួយ នគបាលអន្តោប្រវេសន៍ ស្នងការនគបាលខេត្ត នគរបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិបាវិត នគរបាលក្រុង បាវិតនិងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់ មកដាក់ឲ្យស្នាក់នៅ ក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគរបាលក្រុងបាវិត និងអគារ កងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងសាកសួរ ។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលក្រុងបន្តទៀតថា នៅព្រឹកថ្ងៃទី២៥ មិនា២០២០ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ស្នងការដ្ឋាន នគបាលខេត្ត បានសហការជាមួយ នគបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិ សាកសួរនិង ឲ្យមន្ត្រីសុខាភិបាលពិនិត្យ និងធ្វើចត្តាឡីស័ក រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពុំទាន់រកឃើញមាន មុខសញ្ញាគួរឲ្យសង្ស័យ ករណីវីរុសកូវីដ១៩នោះទេ ។

ចាប់តាំងពីមានផ្ទុះជំងឺ COVID-19នោះមក រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នឹងជំងឺកូវីដ១៩(COVID-19) ដែលកំពុងតែបង្កហានិភ័យ មកលើសុខភាពនិងជីវិត ប្រជាជនកម្ពុជាជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា “ស្ថានការណ៍នេះ គឺជាការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំង នឹងសត្រូវឥតស្រមោល” ដើម្បីចូលរួមនឹងរាជរដ្ឋាភិបាលកម្ពុជា លោក សុក រ៉ាដូ ប្រធាន សភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា បានផ្តល់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាវិត ឈ្មោះថា “អ៊ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ចាត់ចែងឲ្យរដ្ឋបាលក្រុងបាវិតរៀបចំ និងប្រើប្រាស់ជាទីកន្លែង រក្សាទុកប្រជាជនចិនចំនួន ប្រមាណ ១៧៤ នាក់ ស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩(COVID-19)៕

To Top
×