Covid-19

ប្រធានាធិបតីចិន ប្រាប់ប្រធានាធិបតីអាមេរិក តាមទូរស័ព្ទថា ចិនមានឆន្ទៈធ្វើការ ជាមួយគ្រប់ភាគីទាំងអស់ រួមទាំងអាមេរិក ស្តីពីការរីករាលដាល វីរុសកូវីដ១៩

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង នៅថ្ងៃសុក្រ បាននិយាយថា ប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយគ្រប់ភាគីទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ ស្តីពីការរីករាលដាល នៃការឆ្លងរបស់វីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ថា លោកស៊ី បានធ្វើការកត់សម្គាល់បែបនេះ ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកើក ដូណាល់ត្រាំ តាមការអញ្ជើញ របស់ភាគីអាមេរិកកាលពីថ្ងៃសុក្រ។

លោកស៊ី បានមានប្រសាសន៍ថា ប្រទេសចិន នឹងបន្តផ្តល់ព័ត៌មានអំពីរោគរាតត្បាត និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការ និងត្រួតពិនិត្យ និងការព្យាបាល ជាមួយអង្គការសុខភាពពិភពលោក និងប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកផងដែរ។

បន្ទាប់ពីបើកកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយ លោកស៊ីរួច លោក ត្រាំ បានសរសេរលើបណ្តាញ សង្គមធ្វីតធ័រថា ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ អំពីរោគរាតត្បាតនេះ។

លោកបាននិយាយថា ប្រទេសចិនបានឆ្លងកាត់ច្រើន ហើយមានការយល់ដឹងយ៉ាងខ្លាំង អំពីវីរុសនេះដោយបន្ថែមថា“ យើងកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ” ៕ ប្រែសម្រួលៈ ណៃតុលា

To Top