Covid-19

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាឱ្យទ័ពត្រៀមចេញអន្តរាគមន៍ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ ១៩

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងទ័ពបានបញ្ជាដល់កងទ័ពទាំងអស់ឱ្យត្រៀមខ្លួនក្នុងការចេញ អន្តរាគមន៍ទប់ស្កាត់ការ រាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ក្នុងបទបញ្ជាចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២២០២០នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាមិនអនុញ្ញាតឲ្យយោធិន ចេញក្រៅកងឯកភាពនិងចេញពីបន្ទាយជាដាច់ខាតនិងបញ្ជា ឱ្យទ័ពទាំងអស់រក្សាកម្លាំងខ្លួនក្នុងបន្ទាយមិនត្រូវប្រមូល ផ្ដុំជប់ លៀងនិងត្រូវត្រៀមកម្លាំងដើម្បីអន្តរាគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងបទបញ្ជានោះបានលើកឡើង៖ «នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានមេបញ្ជាការប្រភេទ និងទ័ពជំនាញនាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីពេលចុះហត្ថលេខានេះ តទៅរហូតដល់មានបទបញ្ជាថ្មី និងរាយការណ៍ជាប្រចាំមកទីចាត់ការ កលយុទ្ធអគ្គបញ្ជាការដ្ឋាន»។

បញ្ជាឱ្យទ័ពត្រៀមកម្លាំង នៅពេលនេះគឺក្នុងពេល ដែលកម្ពុជាកំពុងធ្វើច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន និងក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ ។

សូមរំលឹកថាកាលពីថ្ងៃ ទី៣០ ខែមីនាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ដោយ សំណូមពរដល់ពលរដ្ឋខ្មែរឱ្យប្រារព្ធពិធី ចូលឆ្នាំនៅ ផ្ទះរបស់ខ្លួនរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ និងហាមដាច់ខាតការជួបជុំគ្នា ដែលមានគ្នាច្រើនដូចឆ្នាំ មុនៗដើម្បី ទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ ១៩។


ក្រសួងសុខាភិបាលបានអះអាងថាគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់៕

To Top