Covid-19

ថៃ ស្លាប់២នាក់ទៀតសរុប ១២នាក់ ដោយសារកូវីដ១៩ ខណៈអ្នកឆ្លងកើនដល់ ១៧៧១នាក់

បរទេស៖ មានករណីឆ្លងវីរុសកូវីដ១៩ ក្នុងស្រុក នៅប្រទេសថៃ មានចំនួន ១២០ ករណីថ្មី បន្ថែមទៀត ត្រូវបានប្រកាសនៅថ្ងៃពុធដោយបង្កើនចំនួនអ្នកឆ្លងសរុបដល់ ១.៧៧១ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ១២ នាក់ បន្ទាប់ពីមានអ្នកស្លាប់ ២នាក់ ទៀត កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការកើនឡើងរាល់ថ្ងៃ តែមានកំរិតទាប ព្រោះករណីឆ្លងនៅថ្ងៃពុធ មាន ១២០ករណី, កាលពីថ្ងៃអង្គារ មានចំនួន ១២៧ ករណី ដែលត្រូវបានរាយការណ៍ ហើយករណីឆ្លង ១៣៦ ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ និង ១៤៣ ករណីដែលបានរាយការណ៍នៅថ្ងៃអាទិត្យ។

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស Covid-19 បាននិយាយថាបុរសជនជាតិថៃម្នាក់អាយុ ៧៩ ឆ្នាំបានស្លាប់ នៅខេត្តជាប់ព្រំដែនភាគខាងត្បូង ដែលមានជំងឺទឹកនោមផ្អែមនិងជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃផងដែរ។

បុរសនោះបានចូលរួមពិធីជប់លៀងមង្គលការមួយនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ៧ ខែមីនា ហើយបានធ្លាក់ខ្លួនឈឺ នៅថ្ងៃទី ២០ ខែមីនា។ គាត់បានទៅមន្ទីរពេទ្យក្នុងស្រុកនៅថ្ងៃទី ២៣ ខែមីនា ។ នៅថ្ងៃទី ២៧ ខែមីនាគាត់មានគ្រុនក្តៅ ៣៩,១ អង្សាសេនិងរលាកសួតហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី ២៨ ខែមីនា។ គាត់បានទទួលមរណភាពនៅម៉ោង ៨ ព្រឹកថ្ងៃអង្គារ។

អ្នកស្លាប់ម្នាក់ទៀត គឺជាអ្នកជំនួញម្នាក់ដែលមានអាយុ ៥៨ ឆ្នាំដែលបានត្រឡប់មកពីអង់គ្លេស។ អ្នកជំងឺបានធ្លាក់ខ្លួនឈឺគ្រុនក្តៅក្អក កាលពីថ្ងៃទី ១២ ខែមីនាហើយបានមកដល់ប្រទេសថៃវិញនៅថ្ងៃទី ១៤ ខែមីនា។ អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជននៅថ្ងៃទី ១៥ ខែមីនាហើយបានស្លាប់នៅម៉ោង ៩ ព្រឹកថ្ងៃអង្គារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top