Covid-19

អ៉ីតាលី មានអ្នកស្លាប់ ដោយវីរុសកូរ៉ូណា កើនឡើងជិត ១៤.០០០នាក់

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា នាយករដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងជិតដល់១៤.០០០នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺ អ្នកស្លាប់ និងអ្នកជាសះស្បើយមានរហូតដល់ ១១៥.២៤២នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។

លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិល បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ គ្រាដែលធ្វើសន្និសីទសារព័ត៌មានមួយថា មានអ្នកឆ្លងវីរុសថ្មីចំនួន២.៤៧៧នាក់ ធៀបនឹងថ្ងៃពុធ ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេសមានចំនួន៨៣.០៤៩ករណី ។

លោក Borrelli បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងជំងឺ មាន២៨.៥៤០នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ  និង៤.០៥៣នាក់ សម្រាកនៅមណ្ឌលថែទាំសុខភាព និងសម្រាកនៅផ្ទះដោយធ្វើចត្តឡីស័ក ។  លោកបានបន្ថែមថា មានអ្នកជាសះពីជំងឺចំនួន១.៤៣១នាក់ ធៀបនឹងថ្ងៃពុធ ដែលនាំឲ្យកើនឡើងសរុប ១៨.២៧៨នាក់ ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្លាប់ថ្មីមានចំនួន ៧៦០នាក់ ដែលនាំឲ្យចំនួននៃអ្នកស្លាប់មានរហូតដល់ ១៣.៩១៥នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺនៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែកុម្ភៈ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top