Covid-19

អ្នកស្លាប់ ដោយសារ វីរុសកូវីដ១៩ នៅថៃ បន្តកើនឡើងដល់ ១៩នាក់ ខណៈអ្នកឆ្លងបន្ត កើនដល់ជិត ២.០០០នាក់

បរទេស៖ រដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីថ្មីនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ចំនួន ១០៣ ករណីបន្ថែមទៀត សរុបដល់ ១.៩៧៨ នាក់ ហើយមានអ្នកស្លាប់ថ្មីចំនួន ៤ នាក់ ដែលភាគច្រើន ជាមនុស្សវ័យចំណាស់ដែលបានបង្កើនចំនួនអ្នកស្លាប់ រហូតដល់ ១៩ នាក់។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ជំងឺកូវីដ១៩របស់រដ្ឋាភិបាលបាននិយាយថាអ្នកស្លាប់ម្នាក់ គឺបុរស អាយុ ៥៩ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនរថភ្លើងរដ្ឋថៃ ដែលមិនមានប្រវត្តិនៃជំងឺរ៉ាំរ៉ៃនោះឡើយ។

បុរសនេះបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ១៦ ខែមីនាដោយគ្រុនក្តៅ។ គាត់បានស្វែងរកការព្យាបាល ពីវេជ្ជបណ្ឌិតនៅថ្ងៃទី ២១ ខែមីនា ហើយបានត្រឡប់មកធ្វើការវិញ។ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់នៅថ្ងៃទី ៣១ ខែមីនា ដោយអាការៈហត់ និងពិបាកដកដង្ហើម ហើយត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យនៅទីក្រុងបាងកក។ គាត់បានស្លាប់ នៅថ្ងៃព្រហស្បតិ៍៕ប្រែសម្រួលៈ ណៃ តុលា

To Top