Covid-19

ចំនួនអ្នកស្លាប់ ដោយវីរុសកូវីដ១៩ នៅអ៊ីតាលី កើនឡើងដល់ ១៤.៦៨១ នាក់, មន្ទីរពេទ្យសង្គ្រោះបន្ទាន់ សង់ត្រឹម៩ថ្ងៃនៅទីក្រុងឡុងដ៍ បើកទ្វារទទួល អ្នកជំងឺ

រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ពីនាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី ដែលគ្រប់គ្រងការឆ្លើយតបជាបន្ទាន់របស់ជាតិ បានបង្ហាញកាលពីថ្ងៃសុក្រថា ក្នុងពេលដែលប្រទេសកំពុងបិទ ជំងឺរាតត្បាតដ៏សាហាវនៃវីរុសកូវីដ១៩ បានសម្លាប់មនុស្សចំនួន ១៤.៦៨១ នាក់ នៅក្នុងប្រទេសអ៊ីតាលី ដែលនាំមកនូវចំនួនសរុប នៃការឆ្លងជំងឺ ស្លាប់ និងជាសះស្បើយឡើងវិញដល់ ១១៩,៨២៧ នាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃ គឺមានអ្នកស្លាប់ចំនួន ៧៦៦ នាក់ កាលពីថ្ងៃសុក្រ បើប្រៀបធៀបទៅនឹង ថ្ងៃព្រហស្បតិ៍ គឺមានចំនួន ៧៦០ នាក់។

ចំណែកនៅចក្រភពអង់គ្លេសវិញ ចំនួនករណីដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុសនេះ បានកើនឡើងដល់ ៣៨.១៦៨ នាក់ គិតត្រឹមព្រឹកថ្ងៃសុក្រដែលជាការកើនឡើងចំនួន ៤.៤៥០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ នេះបើយោងតាមតួលេខចុងក្រោយពីនាយកដ្ឋានសុខភាព និងថែទាំសង្គម។

គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ក្នុងចំណោមអ្នកដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងចក្រភពអង់គ្លេស ដែលបានធ្វើតេស្តិ៍ថាមានវីរុសកូវីដ១៩នេះ មានចំនួន ៣.៦០៥ នាក់បានស្លាប់ ។

កាលពីថ្ងៃសុក្រ មន្ទីរពេទ្យសម្រាប់ការ សង្គ្រោះបន្ទាន់ថ្មីរបស់ទីក្រុងឡុងដែលត្រូវបានសាងសង់ ដោយមានជំនួយពីយោធាក្នុងរយៈពេលតែ ០៩ ថ្ងៃប៉ុណ្ណោះនោះ គឺបានបើកទ្វាររបស់ខ្លួនដើម្បីទទួលអ្នកជំងឺកូវីដ១៩ដំបូងរបស់ខ្លួននៅពេលដែលវិបត្តិនៅតែបន្តកើនឡើងនៅក្នុងប្រទេស៕ប្រែសម្រួលៈ ណៃ តុលា

To Top