Covid-19

លិខិតមិត្តអ្នកអាន៖ មហាវិនាសកម្មជាសកលក្នុងវិស័យទេសចរណ៍ ដោយសារ កូរ៉ូណាវីរុស(កូវីដ១៩) ឆ្នាំ២០២០

ភ្នំពេញ៖ ការិយាល័យនិពន្ធ នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ បានទទួលលិខិតមួយច្បាប់ពីមិត្តអានម្នាក់ ពាក់ព័ន្វមហាវិនាសកម្ម លើវិស័យទេសទរចណ៍ ក្នុងពិភពលោក ដោយសារកូវីដ១៩។

ការិយាល័យនិពន្ធ មានកិត្តិយសសូមផ្សាយ នូវខ្លឹមសារទាំងស្រុង ដូចតទៅ៖

មហាវិនាសកម្មជាសកលក្នុងវិស័យទេសចរណ៍ដោយសារ
CoronaVirus(CoVid-19)កូរ៉ូណាវីរុស(កូវីដ១៩) ឆ្នាំ២០២០

ម្នាក់ៗកំពុងបន់ព្រះសំពះទេវតាសុំឲ្យជម្ងឺនេះសាបរលាយទៅវិញ ហេីយជាពេលដែលមនុស្សខ្លាចមនុស្សជាងខ្លាចខ្មោច សង្រ្គឺតធ្មេញដាក់គ្នាក៏មិនដឹង បបូរមាត់លាបក្រេមក៏មិនដឹងស្អាត ប្រុសមិនដឹងថាប្រុស ស្រីក៏មិនដឹងថាស្រី សាច់ញាតិផៅសណ្តាន ប្តីប្រពន្ធកូនចៅមេីលគ្នាមិនស្គាល់ មិនហ៊ានប៉ះគ្នា មិនហ៊ានជិតគ្នា ព្រោះមុខមាត់ហ៊ុមព័ទ្ធទៅដោយម៉ាស់ជិតឈឹង និងរអាឆ្លងរោគទៅវិញទៅមក ប្រេីម៉ាស់ អាល់កុល ជែល សាប៊ូ រាប់មិនអស់ មនុស្សចូលកន្លែងឃុំទាល់តែប៉ូលីសអ្នកនាំចូល ប៉ុន្តែឥឡូវនេះម្នាក់ៗស្ម័គ្រចិត្តឃុំខ្លួនឯង ទេីបដឹងថាតេីជីវិតនៅក្នុងទ្រុងវាមានអារម្មណ៍យ៉ាងណា ដូចមនុស្សមួយចំនួនចាប់សត្វឲ្យរស់នៅក្នុងទ្រុង មេីលទៅហាក់បីដូចជាផែនដីនេះកំពុងតែជួសជុលដេីម្បីបរិស្ថានល្អ ខ្យល់បរិសុទ្ធ ទាំងលេីអាកាស លេីគោកនិងក្នុងទឹក ឲ្យល្អឡេីងវិញដេីម្បីទុកជូនបន្តទៅមនុស្សជំនាន់ក្រោយទៀតយ៉ាងដូច្នោះ ។

ខ្ញុំបាទមិនមែនទស្សនវិទូ ឫសេដ្ឋវិទូទេទាន ប៉ុន្តែទាំងបទពិសោធន៍និង អាជីវកម្ម ក្នុងវិស័យទេសចរណ៍ជិត៣០ឆ្នាំកន្លងមក ទោះបីជាកេីតជម្ងឺសារ (Sars) ឆ្នាំ២០០១ សង្រ្គាមមជ្ឈឹមបូពារ៍(Invasion of Iraq) ឆ្នាំ ២០០៣ វិបត្តិសេដ្ឋកិច្ច ពិភពលោក(Worldwide Economic Crisis)ឆ្នាំ២០០៨ ជម្ងឺ អេចវ័នអែនវ័ន(H1N1)ឆ្នាំ ២០០៩ ជម្ងឺ អីប៊ូឡា(Ebola)ឆ្នាំ ២០១៤ ការប្រយុទ្ធប្រឆាំងនិងក្រុមភេរវករឆ្នាំ ២០១៤(Global War on Terrorism)ការប្រកាសបង្កេីត សង្រ្គាមពាណិជ្ជកម្ម(Trade War US-China)ឆ្នាំ ២០១៨ ក៏អន្តរវិស័យក្នុងការផ្គត់ផ្គង់និងផ្តល់សេវាកម្មកទាំងតូចទាំងធំទាំងខ្ពស់មធ្យមទាបមិនដែលនៅត្រឹងឫបញ្ឈប់នូវសង្វាក់របស់ខ្លួនឡេីយ ។ ពេលនេះម៉ោងនេះថ្ងៃនេះជាងពេលណាៗទាំងអស់ ចង់ស្រែកក៏ស្រែកមិនកេីត ចង់យំក៏យំមិនចេញ ពី ព្រោះអ្វីខ្ញុំបានឃេីញពីផលប៉ះពាល់ដ៏មហាសាលដល់វិស័យទេស ចរណ៍ដែលជាវិស័យនាំសំណាងដល់គ្រប់សាសន៍និងគ្រប់វ័យ ក្នុងពិភពលោក កន្លងមកថ្មីៗនេះអង្គកា រទេសចណ៍ពិភពលោក(UNWTO)បានធ្វេីការទស្សទាយពីផលប៉ះពាល់ដែលវិស័យនេះនឹងទទួលផលអវិជ្ជមានរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

មិនត្រឹមតែប៉ុណ្ណោះ វិស័យ នេះបានឈានមុខនិងដឹកនាំវិស័យផ្សេងៗទៀត ឲ្យរស់រានមានជីវិត និយាយដោយឡែកតែក្នុងអន្តរវិស័យពាក់ព័ន្ធនឹងទេសចរណ៍តែមួយប៉ុណ្ណោះ ដែលកំពុងតែដួលបណ្តេីរៗដោយមិនបាច់ច្រាន ហេីយក៏គ្មានគូប្រកួតប្រជែងណាបន្ថែមទុនវិនិយោគដេីម្បីចាប់យកចំណែកទីផ្សារទៀតដេីម្បីវាយបំបាក់គូប្រជែងរបស់ខ្លួនក្នុងអំឡុងពេលនេះដែរ ក្នុងនោះមានជាអាទ៍:

១. ក្រុមហ៊ុនអាកាសចរណ៍(Airlines) និងឧទ្ធម្ភាគចក្រ(Helicopter): ជាក្រុមហ៊ុនវិនិយោគដឹកជញ្ជូនក្នុងលំហរអាកាស ដែលវិនិយោគប្រាក់រាប់ពាន់លានដុល្លារ ត្រូវយកយន្តហោះទាំងអស់មកចតចោល ប្រៀបបីដូចជារថយន្តដែលខូចយកចូលយាន្តដ្ឋានរង់ចាំជួសជុល យ៉ាងដូច្នោះ បានបញ្ឈប់ បញ្ឈរជេីងបុគ្គលិកគ្រប់លំដាប់ថ្នាក់ អ្នកបេីកយន្តហោះខ្លះគាត់ថា គាត់ស្ទាត់នឹងបេីកបក្សីស្លាបដែកហោះហេីរលេីអាកាស តែពេលនេះគាត់មិនអាចបញ្ជារថយន្តរបស់គាត់ឲ្យហោះដូចយន្តហោះបានឡេីយ ក្រុមហ៊ុនបានកាត់ប្រាក់បៀរវត្ស៍ និងកាត់ម៉ោងធ្វេីការរហូតដល់បិទសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងពេលបន្តិចទៀតនេះ ដោយហេតុផលមិនមានទេសចរនិងអ្នកដំណេីរ

២.ព្រលានយន្តហោះ(Airport): ងេីយមេីលទៅលេីឃេីញយន្តហោះខ្លះកំពុងសុំសិទ្ធចុះចត រីឯខ្លះទៀតក៏ហោះត្រុយឡេីងទៅលេីអាកាសារដោយក្នុងលំហរពោរពេញទៅដោយខ្សែរអាកាសចរណ៍ខ្វាត់ខ្វែងដេរដាស់ ជាទីកន្លែងសំចតនិងឆ្លងកាត់ របស់អាកាសចរណ៍ទាំងតូចទាំងធំ ហេីយម្ខាងទៀតនៃព្រលានជាកន្លែងដែលរថយន្តតូចធំទាំងទំនេីបនិងមធ្យមដាក់ភ្ញៀវ ឫអ្នកដំណេីរដេីម្បីបន្តដំណេីររបស់ខ្លួនក្នុងស្រុកឫក្រៅស្រុកជិតឫឆ្ងាយប៉ុន្តែមិនចេញពីភពផែនដី លេីកលែងតែយាន្តអាវកាសដែលធ្វេីដំណេីរទៅភពផ្សេងៗតែប៉ុណ្ណោះ ត្រូវបិទនិងផ្អាកសកម្មភាពរបស់ខ្លួនមួយអន្លេីរដោយសារយន្តហោះមិនធ្វេីការហោះហេីរ ដោយសារហេតុផល មិនមានភ្ញៀវទេសចរឫអ្នកដំណេីរ

៣.ហាងទំនិញក្នុងព្រលានយន្តហោះ/តាមក្រវ៉ាត់ជាដែន (Duty Free): ហាងទំនិញ សារពេីភ័ណ្ឌ ភោជនីយដ្ឋាន ជាកន្លែងដែលអ្នកធ្វេីដំេណីរគ្រប់លំដាប់ជាវរបស់របររួចពន្ធសុទ្ធតែប្រែនៗមុននឹងឡេីងយន្តហោះ ឫចាកចេញពីជាយដែនត្រឡប់ទៅកាន់ប្រទេសកំណេីតឬជាប្រទេសទី២របស់ខ្លួន បែរជាស្ងាត់ដូចចោរលួចសេះ ទីតាំងខ្លះក៏រេីយកឥវ៉ាន់ចេញ ហេីយបុគ្គលិកត្រូវបានរំសាយដោយហេតុផលមិនមានទេសចរ និងអ្នកដំណេីរ តាមផ្លូវអាកាស និងតាមក្រវ៉ាត់ព្រំដែន ។

៤.កន្លែងទទួលទានតំណេក (Accommodation): សណ្ឋាគារ (Hotel) រីសតរ៍ (Rsort) ផ្ទះសំណាក់(Guest House) ផ្ទះស្នាក់ (Home Stay) ម៉ូតែល (Motel) ហូស្តែល (Hostel) ខុនដូថែល (ConTel=Condo Hotel) ទីតាំងទាំងអស់នេះជាកន្លែងសុខសំរាន្តគ្រប់ឋាន:នៃមនុស្សជាតិទាំងទេសចរចាស់ក្មេងតូចធំសខ្មៅ ជាទីកន្លែងឆ្វេចឆ្វាចចេញចូល២៤ម៉ោងលេី២៤ម៉ោង ដោយមានតម្លៃបន្ទប់ពីរាប់មុឺនរហូតចុះក្រោមសិបដុល្លារអាមរិក ឥឡូវគ្រែនៅផ្ទះស្អាតនិងមានតម្លៃជាងគេ ដោយមានការតុបតែងលំអរដោយភ្លេីងពណ៌ និងក្បូរក្បាច់ផ្សេងៗទៅតាមរដូវកាលរបស់ប្រទេសនីមួយៗនៃជាតិសាសន៍ខ្លួន បែរជាងងឹតសូន្យសុងដូចជាអគារខ្មោចទៅវិញ ដូចចាស់បូរាណខ្មែរបានប្រៀបធៀប មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដេីរ បុគ្គលិកគ្រប់ផ្នែកត្រូវត្រឡប់ទៅទីលំនៅរបស់ខ្លួនដោយគ្មានវាចារនឹងថ្លែងដោយសារមូលហេតុគ្មានភ្ញៀវទេសចរនិងអ្នកដំណេីរ ។

៥.ទីតាំងកំសាន្ត( Amusement/Theam Parks): ក្មេងៗឲ្យតែឮថាមានកម្មវិធីទៅតាំងកំសាន្តទាំងនេះពិតជាហក់កញ្ឆេងដូចឃេីញម្តាយរបស់ខ្លួនទិញឥវ៉ាន់មកពីផ្សារយ៉ាងដូច្នេះ ជាកន្លែងដែលសំបូរទៅដោយសម្ភារ:លេងកន្រា្តក់អារម្មណ៍ភ័យអររន្ធន់ស្លន់ស្លោរសប្បាយក្អាកក្អាយសម្លេងតន្ត្រីគ្រប់ទីកន្លែងភ្លេីងដូរគ្រប់ពណ៌ ក្មេងៗប្រដេញគ្នាប្រសាចដូចជាមិនចេះហត់នឿយដូចពេលរៀននៅសាលានិងធ្វេីការងារផ្ទះឡេីយ ទោះបីជាលេងពីព្រឹករហូតដល់យប់ក៏មិនចេះធុញទ្រាន់នៃការបង្កេីតទាក់ចិត្តដិតអារម្មណ៍របស់ម្ចាស់ទីតាំងទាំងនោះ ជាទីប្រជុំជនទៅដោយមនុស្សរាប់មុឺននាក់ក្នុងមួយថ្ងៃៗ តែប្រែ ក្លាយជាស្ងាត់ជ្រងុំ ពេលខ្លះអ្នកយាមបែរជាស្រែកឡូរឡាម្នាក់ឯងទៅវិញ ពីព្រោះសុំាងឫសុំានឹងសម្លេងដែលកងរំពងរាល់ថ្ងៃ គ្រឿងចក្រក្មេងលេងក្លាយជាធ្មឹងៗគ្រប់ទីកន្លែង ទឹករេរាំភ្លេីងឆ្លាស់ពណ៌ភ្លឺចែងចាំង បែរជាងងឹតសូន្យសុង គ្រប់ៗកន្លែង ទៅវិញ ម្ចាស់ទីតាំងត្រូវបង្ខំចិត្តផ្អាកនិងបិទអាជីវកម្មរបស់ខ្លួនដោយមិនអាចបន្តរឈរជេីងតទៅទៀតបានឡេីយ ដោយហេតុផលថា មិនមានភ្ញៀវទេសចរកទទួលសេវា។

៦.តំបន់ទាក់ទាញទេសចរ (Tourism Sites): ជាសាធារណប្រយោជន៍ និងជាកន្លែងដែលមាននិមិត្តសញ្ញារបស់ប្រទេសនិងតំបន់ ខ្លួនដែលឲ្យទេសចរគ្រប់រូបបានចងចាំថាខ្លួនធ្លាប់មកដល់មកឃេីញទីនេះ ហេីយទទួលទេសចររាប់ពាន់រាបមុឺននាក់គ្រប់ជាតិសាសន៍ទាំងក្មេងទាំងចាស់ទាំងប្រុសទាំងស្រីហ៊ុមព័ទ្ធរាល់ថ្ងៃបែរជាស្រឡះ ដោយមិនមានភ្ញៀវណាម្នាក់ផ្តិតយករូបភាពទាំងនោះឡេីយ ហាក់បីដូចជាចែកគ្នាដាច់ដោយមិនលាយឡំជាមួយនឹងមនុស្សដែលមានវិញា្ញណយ៉ាងដូច្នេះ ពី្រពោះគ្មានទេសចរលេចមុខទៅតំបន់នោះទៀតឡេីយ

៧.ក្រុមហ៊ុនដឹកជញ្ជូនលេីគោកនិងតាមទឹក(Land/Water Way Transportation): ក្រុមហ៊ុនឡានតូចឡានធំទាំងទំនេីបនិងប្រែនៗ តាក់ស៊ី តុកតុក រឺម៉ក ម៉ូតូ សុីក្លូ កង់បី ត្រូវចូលចតទៅតាមក្រុមរបស់ខ្លួនដោយមិនកំរេីក ហេីយមិនចាំបាច់ថែមប្រេងសាំងម៉ាស្សូតបន្តទៀតឡេីយ នាំតែធ្ងន់ ហេីយកង់ក៏មិនសឹកសម្រេចចិត្តបិទដំណេីរការអាជីវកម្មរបស់ខ្លួនដោយមិនកំណត់ថាពេលណានឹងដូចដេីមវិញ រីឯរថភ្លេីងរត់លេីផ្លូវដែកសោះក៏ត្រូវបានបញ្ជាឲ្យចូលស្ថានីយចតយ៉ាងស្ងៀមស្ងាត់ដោយឥតកំរេីកបន្តិចឡេីយ ងាកមកមេីលកប៉ាល់យក្សដឹកភ្ញៀវទេសចររាប់មុឺននាក់ម្តងៗរាប់សិបថ្ងៃត្រាច់ចរតាមប្រទេសជាច្រេីនត្រូវចូលក្នុងផែរបស់ខ្លួនវិញ នាវឹកនិងបុគ្គលិកទាំងអស់មិនដឹងវាសនាការងាររបស់ខ្លួនពេលពេលណានឹងកេីតឡេីងវិញ ដូចជាកប៉ាល់តូចៗអូប័រធ្លាប់ដឹកចម្លងនិងជិះកំសាន្តមានវាសនាដូចកប៉ាល់យក្សដែរ នេះជាមូលហេតុដោយគ្មានភ្ញៀវទេសចរ និងអ្នកដំណេីរ

៨.ភោជនីដ្ឋាន /អាហារដ្ឋាន(Restaurant): ជាកន្លែងដែលបង្កេីតនូវមុខម្ហូបប្លែកៗ សម្រាប់ទាំងចាស់ទាំងក្មេងអ្នកដែលមានចំណូលច្រេីន មធ្យម ទាប ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ តម្រូវការរកអ្វីបែ្លកៗចម្លែកៗដេីម្បីបានរសជាតិខុសពីម្ហូបចំណីអាហារនៅក្នុងផ្ទះរបស់ខ្លួន តែពីរបីមុខ និងស្តាយដដែលៗ ប៉ុន្តែភោជនីដ្ឋានឫអាហារដ្ឋានមានចាប់ពីសិបមុខដល់ជាងរយមុខម្ហូបនិងរសជាតិគ្រប់ជាតិសាសន៍ រង់ចាំទទួលស្វាគមន៍រាក់ទាក់ទសចរនិងភ្ញៀវគ្រប់ជាតិ
សាសន៍ មេចុងភៅមួយចំនួនលិឍនិងភ្លក់រសជាតិមុខម្ហូបមុនចេញជូនភ្ញៀវពិសា ទៅជាលិឍដៃរបស់ខ្លួនឯទៅវិញពីព្រោះមួយថ្ងៃៗធ្លាប់ភ្លក់រាប់រយចានក៏មានដូច្នេះថ្នឹកនឹងអ្វីដែលខ្លួនបានធ្វេី តែអនិច្ចាឆ្នាំងចានស្លាបព្រាវែកវែងវែកខ្លី កាំបិតមុតក្តីក៏លែងត្រូវការ ចុងភៅកូនកាំបិតរហូតដល់អ្នកផ្តល់សេវា រៀបចំយាត្រាត្រឡប់ទៅស្រុកវិញ នេះដោយសារហេតុផល គ្មានភ្ញៀវនិងទេសចរមកទទួលសេវាកម្ម ។

៩.ទីភ្នាក់ងារទេសចរណ៍ (Travel Agent): បុគ្គលិកជំនាញយកពិភពលោកទាំងមូលដាក់ក្នុងបាតដៃរបស់ខ្លួន ពួកគាត់អង្គុយ ស្ទេីរតែមិនបាច់បង្វិលខ្លួន អាចស្គាល់គ្រប់ប្រទេស គ្រប់ទីក្រុង និងគ្រប់ក្រុមហ៊ុនអាកាសចរណ៍ ចង់ចាប់កៅអីប្រភេទណាក៏អាចចាប់យកបាន ឫជាប្រភេទគ្រែដេកនៅក្នុងយន្តហោះក៏ពួកគាត់អាចកក់ជូនទៅតាមតម្រូវការរបស់អតិថិជនមិនឲ្យទាស់ចិត្តដែរ ដែលមានតម្លៃចាប់ពី រាប់សិបដុល្លារដល់រាប់មុឺនដុល្លារទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែឲ្យពួកគាត់ធ្វេីយ៉ាងណាបេីគ្រប់ក្រុមហ៊ុនអាកាសចរណ៍ត្រូវកៀងបង្សីស្លាបដែកទាំងនោះចូលទៅក្នុងទ្រុងវិញទៅហេីយ ម្ចាស់ក្រុមហ៊ុនក៏សម្រេចចិត្តផ្អាកអាជីវកម្មរបស់ខ្លួនមួយរយ:ផងដែរ ក្រោមហេតុផលមិនមានអាកាសចរណ៍ដំណេីរការ ដោយសារថាការភ័យខ្លាចរបស់ទេសចរនិងអ្នកដំណេីរ

១០.ការីទេសចរណ៍(Tour Operator): ជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចសំរាប់ទេសចរគ្រប់លំដាប់ពួកគាត់មិនអន់ជាងគ្នាប៉ុន្មានទេបេីធៀបជាមួយអ្នកកក់សបុត្រ យន្តហោះ គឺពួកគាត់បានស្គាល់គ្រប់ច្រកល្ហកនៃទី្វបទាំងអស់ក្នុងសកលលោកយេីងនេះ សូម្បីតែទីក្រុងតូចតាចកោះតូចកោះធំភ្នំខ្ពស់ប៉ុន្មាន ជ្រលងដងអូរ ទន្លេសមុទ្រ បឹងកោះទឹកធ្លាក់ ទឹកជ្រោះ កន្លែងជិះស្គីតាមភ្នំទឹកកក តំបន់ត្រជាក់ទោះក្តៅប៉ុណ្ណាសមុត្រខ្សាច់ ឫកន្លែងស្រៀវស្រេីបតាមក្លឹបតន្រ្តី មានពណ៌ភ្លឹបភ្លែតសំរាប់កំដរកាយនិងអាម្មណ៍មនុស្សប្រុសស្រី ស្គាល់ច្បាស់ពីបែបបទគោលការណ៍មុនចេញនិងចូលប្រទេសគេឫតំបន់នីមួយ ចំណេះដឹងរបស់គាត់ជាងរដ្ឋមន្ត្រីក្រសួងការបរទេស ឬឯកអគ្គរាជ/រដ្ឋទូតទៅទៀត ឫហៅម្យ៉ាងទៀតថា ជាទូតសុច្ឆន្ទ:ដោយិនរអាមាត់ឡេីយ តែមិនអាចបន្តការប្រតិបត្តិរបស់ពួកគាត់តទៅទៀតបានឡេីយ ដោយមូលហេតុមិនមានការស្នេីសុំពីដៃគូអាជីវកម្មក្រៅប្រទេសដេីម្បីទទួលភ្ញៀវទេសចរចូលឫចេញទៅកំសាន្តស្រុកគេឡេីយ ប្រទេសគេក៏ដូចយេីង រីឯស្រុកយេីងក៏ដូចគេ ដោយសារបំរាមគោចរនិងបិទទ្វារច្រកចេញចូលទាំងអាកាស តាមទឹកនិងតាមគោក គឺមូលហេតុតែមួួយគត់ គឺមិនមានទេសចរចូលនិងចេញទៀតឡេីយ ។

១១.មគ្គុទ្ទេសក៍ ទេសចរណ៍ (Tour Guide): និយាយពីមគ្គុទេស្ទក៍ទេសចរណ៍វិញ គឺឋាន:ស្មេីនឹងប្រធានាធិបតីឬនាយករដ្ឋមន្រី្តពីព្រោះគាត់ត្រូវស្គាល់ប្រវត្តិសាស្រ្តសេដ្ឋកិច្ចនយោបាយសិល្ប:ពីអតីតកាលបច្ចុប្បន្នកាលហេីយអាចផ្តល់នូវការទោះទាយនាពេលអនាគតនឹងមកដលទៀតផង ប្រៀបបីដូចជាគ្រូទាយផងដែរ រួសរាយរាក់ទាក់ញញឹមញញែមដឹងពីចិត្តភ្ញៀវថាត្រូវការអ្វី ភ្ញៀវជេរស្តីថានូវតែញញឹម ប្រៀបបីដូចជាមនុស្សចម្លាក់ ភ្ញៀវមានទុក្ខត្រូវជូនទៅពេទ្យ ពេលខ្លះភ្លេចឈឺខ្លួនឯង ពេលអរសប្បាយត្រូវចិត្តនៃសេវា និងការទទួលបដិសណ្ឋារកិច្ចល្អបានតែពាក្យ អរគុណ នោះ ពួកគាត់បេះដូងរីកហេីយ ទោះបីគ្មានប្រាក់សណ្តានចិត្តក៏ហីទៅចុះ តែវាសនារបស់គាត់ក៏ដូចគ្នានឹងម្ចាស់ក្រុមហ៊ុនដែរ ដោយិនមានក្រុមទេសចរបន្តទៀតឡេីយ មានតែរង់ចាំឲ្យអ្វីៗវាបានធូរស្រាលមកវិញ ហេីយវាសមហេតុសមផលណាស់ដែលគ្រប់គ្នាបានយល់ច្បាស់ពីហេតុផលគ្មានភ្ញៀវទេសចរនេះឯង ។

១២. មេក្រុមទេសចរ (Tour Leader): ជាអ្នកសម្របសម្រួលពេលក្រុមទេសចរចេញនិងចូលតែប៉ុណ្ណោះ ឫប្រៀបបាននឹងពិធីការ ដែលពួកគាត់មិនទទួលបន្ទុកធ្ងន់ដូចមគ្គុទេស្ទក៍ទេសចរណ៍ឡេីយ ម្យ៉ាងទៀតពួកគាត់ប្រៀបីដូចជាអ្នកនាំពាក្យរបស់ស្ថាប័នមួយ ធ្វេីយ៉ាងណាឲ្យក្រុមទេសចរនោះបញ្ចប់ការទស្សនកិច្ចទៅដោយរលូន និងនាំមកវិញនូវលទ្ធផលល្អដល់ក្រុមហ៊ុននិងក្រុមភ្ញៀវគ្រប់រូប ប៉ុន្តែពួកគាត់ក៏ប្រឈមនឹងហានិភ័យផងដែរចំពោះទេសចរខ្លះដែលគ្មានចិត្តប្រណី ពេលដែលឃ្នេីសនឹងចិត្តខ្លួន គឺអ្នកសម្របសម្រួលតរូវទក់សាច់ដូចនំបុ័ងត្រូវទឹកយ៉ាងដូច្នោះ ពេលដែលមិនទាន់រកហេតុផលឃេីញ នៃទង្វេីខុសឆ្គងទាំងឡាយពេលកេីតមានម្តងៗ ណ្ហេីយចុះ ទោះបីយ៉ាងណាក៏ភ្ញៀវនៅតែជាស្តេចពីព្រោះពួកយេីងជាអ្នកផ្តល់សេវកម្ម តែពេលនេះក៏ត្រូវត្រឡប់ទៅស្រុកភូមិកំណេីតមួយរយ:តូចដែរទំរាំក្រុមហ៊ុនបេីកដំណេីរការអាជីវកម្មឡេីងវិញ ហេីយនេះជាហតុផលដែលមិនមានភ្ញៀវទេសចរចេញទៅស្រុកគេកំសាន្តនេះឯង ។

១៣. អ្នកទទួលប្រយោជន៍ដោយប្រយ៉ោល(Indirect beneficiary): ពួកគាត់លាក់មុខលាក់មាត់នៅតាមចំការ ដាំដំណាំ នៅស្រែធ្វេីស្រូវ នៅកសិដ្ឋានចញ្ចឹមសត្វយកស៊ុតយកសាច់ទៅដាក់តាមសណ្ឋាគារ ភោជនីដ្ឋាន អាហារដ្ឋាន សម្រាប់ធ្វេីជូនភ្ញៀវទេសចរ តែបែរជារងគ្រោះដូចគេឯងដែរ ទោះបីជាមិនបានចាប់ដៃចាប់ជេីងភ្ញៀវទេសចរដោយផ្ទាល់ក៏ដោយ ពីព្រោះមិនមានអ្នកទទួលទានទេីបគេឈប់បញ្ជាទិញពីពួកគាត់ នេះជាហេតុផលដែលគ្មានភ្ញៀវទេសចរទទួលទានណាទាន ។

មិនមានអ្វីលេីសពីការបរិយាយខាងលេីនោះទៀតទេ មានតែបន់ព្រះសំពះ ទេវតា បេីសិនជារោគានេះរលាយបាត់ ពីភពផែនដី ខ្ញុំបាទនឹងថ្វាយភ្លេងពិណពាទ្យ៧បទ និង៧សីល ដេីម្បីឲ្យវិស័យទេសចរណ៍យេីងងេីបឡេីងវិញឆាប់ៗ ហេីយបេីតាមបទពិសោធន៍ខាងលេី ការរាតត្បាតជម្ងឺនេះ នឹងមិនលេីសពី៦ខែឡេីយ ដោយសារការខិតខំប្រឹង ប្រែងដ៏សកម្មរបស់គ្រូពេទ្យជំនាញៗតាមប្រទេសនីមួយៗ និងវិធានទប់ស្កាត់ និងអន្តរាគមន៍ បន្ទាន់ទាំងអស់នេះ ។

សូមគ្រប់ៗសមាជិកក្រុមគ្រួសារមានសុខភាពល្អ និងសុភមង្គលដែលជីវិតមនុស្សគ្រប់រូបគ្រប់វ័យគ្រប់សាសន៍ត្រូវការជាទីបំផុតណាទាន ។

សូមអរគុណ
ពីខ្ញុំបាទ ហូ វណ្ឌី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top