Covid-19

សម្ដេចតេជោ ថ្លែងអំណរគុណមិត្តចិន ដែលបានបញ្ជូនគ្រូពេទ្យ និងសំភារៈបរិក្ខារពេទ្យជាច្រើន មកជួយកម្ពុជា

ភ្នំពេញ៖ ឆ្លើយតប ទៅនឹងជំនួយរបស់មិត្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលចិន ដែលបានបញ្ជូនវេជ្ជបណ្ឌិត ជំនាញជាច្រើនរូប ព្រមទាំងសំភារៈ និងបរិក្ខារពេទ្យជាច្រើន មកជួយកម្ពុជា ក្នុងការប្រុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គហ្វេសប៊ុក នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ថា ” កម្ពុជាសូមអរគុណមិត្តចិន ដែលបានបញ្ជូនវេជ្ជបណ្ឌិត ជំនាញជាច្រើនរូប ព្រមទាំងសំភារៈ និងបរិក្ខារពេទ្យជាច្រើន មកជួយកម្ពុជា ក្នុងការប្រុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា “ពិតណាស់គឺ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”

សូមបញ្ជាក់ថា សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២ តោន ដែលជាជំនួយ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ លោក Li Jingfeng អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការ ពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ទាក់ទងជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិននេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែក រំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា ហើយក្រុមគ្រូពេទ្យចិន ដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវ សម្ភារៈបរិក្ខារពេទ្យ មកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈ បរិក្ខារពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជា មួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់ មិត្តល្អក្នុងគ្រាលំបាក។

ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅគ្រូពេទ្យឯកទេស យោធាចិនចំនួន ៤នាក់ បានមកដល់កម្ពុជាផងដែរ ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាព របស់ ខ.ភ.ម ថែមទៀត ៕ ដោយ៖ បាន ធារ៉ូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top