Covid-19

រាជរដ្ឋាភិបាល សន្សំសំចៃថវិកាបន្ថែម បាន៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកាបន្ថែមទៀត ចំនួន៩១៨លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង ទៅនឹងជំងឺ កូវីដ-១៩ កំពុងកើតមានឡើងនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ថា « ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានដឹងច្បាស់ហើយ អំពី ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ នៅទូទាំងពិភពលោក ដែលធ្វើឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំង។ទោះបីអត្រានៃការឆ្លងជំងឺ កូវីដ-១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាល បានជាច្រើនឡើង ជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែ ជំងឺនេះគឺនៅតែជាជំងឺឆ្លង ដ៏កាចសាហាវបំផុត»។

សម្ដេចបន្ដថា ជាក់ស្តែង នៅជុំវិញប្រទេសកម្ពុជា ដូចជា ប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈម នឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ សម្ដេចថា ដូច្នេះកម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយ វិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកា សម្រាប់ទិញសម្ភារៈ និងបរិក្ខាពេទ្យ ព្រមទាំងស្បៀងអាហារស្តុកទុក សម្រាប់ជួយប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលកម្ពុជា មិនអាចមើលឃើញណាមួយ។

សម្ដេចរំលឹកថា កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាស មូលនិធិពីសប្បុរសជន និងពីមន្រ្តីរាជការ សម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ គឺបានទទួលជាង ១១លានដុល្លារអាមេរិករួចហើយ។

កាលពី ថ្ងៃទី ៧ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ជាសាធារណៈ អំពីការសម្រេចកាត់បន្ថយថវិកា ចំនួន៩១៨លានដុល្លារអាមេរិក ថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុង សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូ វីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំការយោគយល់ ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលត្រូវបង្ខំ ចិត្តកាត់បន្ថយការចំណាយ ពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើក ទីពីរនេះ កាត់បន្ថយការចំណាយ ចំនួន៤៧៥លានដុល្លារអាមេរិក ថែមទៀត។ បូកសរុបទាំង ពីរលើកនេះគឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ »៕

ដោយ ៖ អេង ប៊ូឆេង

To Top