Covid-19

ក្រសួងធម្មការ ណែនាំឲ្យរៀបចំឲ្យមានកន្លែងពិនិត្យសុខភាព មុនពេល ចូលក្នុងទីធ្លាវត្តអារាម ដើម្បីបង្ការជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ណែនាំឲ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម និងក្នុងកន្លែងអនាម័យ ត្រូវមានសាប៊ូលាងដៃ ឬទឹកអាល់កុល ដើម្បីបង្ការជំងឺឆ្លង កូវីដ-១៩។

យោងសេចក្ដីណែនាំបន្ថែមរបស់ ក្រសួងធម្មការ កាលពី ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួង បាន ដាក់ចេញវិធានការ មួយចំនួន ដូចខាងក្រោម៖

ទី១-ចុះផ្សព្វផ្សាយរាល់សារអប់រំនានា ដែលផលិតដោយក្រសួងសុខាភិបាល និងសេចក្ដីថ្លែងព្រះរាជសាររបស់សម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានទូលំទូលាយ តាមរយៈការចាក់ផ្សាយឧគ្ឃោសនស័ព្ទ នៅក្នុងទីវត្តអារាមជាប់ជាប្រចាំ។

ទី២-ចុះតាមដាន និងត្រួតពិនិត្យនៅតាមវត្តអារាមនានា ដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល។

ទី៣-រៀបចំឲ្យមានកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទីធ្លាវត្តអារាម និងក្នុងកន្លែងអនាម័យ ត្រូវមានសាប៊ូលាងដៃ ឬទឹកអាល់កុលសម្រាប់លាងដៃសម្អាតជាប់ជានិច្ច។ ក្នុងករណីមិនអាចខានបានត្រូវពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ និងអនុវត្តតាមវិធានការនានា ដែលក្រសួងសុខាភិបាលបានដាក់ចេញ។

និង៤ -ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានីខេត្ត ត្រូវរាយការណ៍ជាប្រចាំថ្ងៃ មកក្រសួងតាមរយៈនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ដែលមានលេខទូរស័ព្ទ ០១២ ៦០០ ៩៥២, ០១២ ៩១៤ ០០៩ អំពីស្ថានភាពជំងឺកូវីដ១៩ គ្រប់វត្ត៕

ដោយ ៖ អេង ប៊ូឆេង

To Top