Covid-19

នៅអ៊ីតាលី អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានជិត ២ម៉ឺននាក់ និងមានអ្នកជាសះស្បើយ ៣៤.២១១ នាក់

រ៉ូម៖ យោងតាមទិន្នន័យ ផ្លូវការចុងក្រោយបង្អស់ ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យ ឬថ្ងៃ Easter Sunday បានបង្ហាញថា ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ បានសម្លាប់មនុស្ស ១៩.៨៩៩ នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលបានបិទប្រទេស ចាប់តាំងពីជំងឺរាតត្បាត បានផ្ទុះឡើងនៅក្នុងប្រទេស កាលពីថ្ងៃទី ២១ ខែកុម្ភៈ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងក្នុងសន្និសីទកាសែត តាមទូរទស្សន៍ប្រធាននាយកដ្ឋាន ការពារស៊ីវិលលោក Angelo Borrelli មានប្រសាសន៍ថា ចំនួនសរុប ទាំងការឆ្លងជំងឺ ទាំងអ្នកស្លាប់ និងអ្នកដែលបានជាសះស្បើយ បានឈានដល់ ១៥៦.៣៦៣ នាក់។

នៅថ្ងៃអាទិត្យ អ៊ីតាលី ក៏បានរកឃើញការឆ្លងវីរុសថ្មី ចំនួន ១.៩៨៤ នាក់ ដែលធ្វើឱ្យ ចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១០២ ២៥៣ នាក់។ ក្នុងចំនោមអ្នកដែលឆ្លងជំងឺ គឺចំនួន ២៧.៨៤៧ នាក់ត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ – ថយចុះចំនួន ២៩៧ នាក់ បើប្រៀបធៀបនឹងថ្ងៃសៅរ៍ ខណៈដែល ៣.៣៤៣ នាក់ កំពុងមើលថែយ៉ាងយកចិត្តទុកដាក់ គឺថយចុះចំនួន ៣៨ នាក់។

ចំនួនអ្នកស្លាប់ កាលពីថ្ងៃអាទិត្យនេះដែរ មានចំនួន ៤៣១ នាក់ ដែលសរុបអ្នកស្លាប់ មានចំនួន ១៩.៨៩៩ នាក់។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ១,៦៧៧នាក់ បន្ថែមទៀត ដែលជំរុញឱ្យចំនួនអ្នក ដែលបានជាសះស្បើយ នៅក្នុងប្រទេសអ៊ីតាលី សរុបកើនដល់ ៣៤,២១១ នាក់ ។

ខណៈពេលដែលចំនួនសរុប នៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជំងឺដែលត្រូវការ ការយកចិត្តទុកដាក់ខ្ពស់ ឬសង្គ្រោះបន្ទាន់ មាននិន្នាការថយចុះ ការឆ្លងនៅតែបន្តកើតមាន ឥតឈប់ឈរនៅតំបន់ Lombardy ភាគខាងជើង ដែលការរាតត្បាតដំបូងបានផ្ទុះឡើង៕ ប្រែសម្រួលៈ ណៃ តុលា

To Top