Covid-19

ព្រំដែនរុស្ស៊ី ក្លាយជា សមរភូមិជួរមុខ របស់ចិន ក្នុងការប្រយុទ្ធ នឹងរលក វីរុសទីពីរ

បរទេស៖ព្រំដែនភាគឦសានរបស់ប្រទេស ចិនជាប់នឹងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានក្លាយជាសមរភូមិជួរមុខមួយ ក្នុងការប្រយុទ្ធនឹងរលកលេច ចេញជាថ្មី នៃការឆ្លងវីរុសកូរ៉ូណា ស្របពេលដែលករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងពេលជិត៦សប្ដាហ៍ ដោយជាង៩០ភាគរយពាក់ព័ន្ធនឹងមនុស្សដែល វិលត្រឡប់ មកពីបរទេស។

ដោយបានកម្ចាត់ការឆ្លងរីករាលដាលដ៏ធំនៃជម្ងឺនៅក្នុងស្រុក ប្រទេសចិន បានបន្ធូរបន្ថយបន្តិចម្តងៗនូវបម្រាមលើការធ្វើដំណើរ ស្របពេលប្រទេសនេះ ព្យាយាមស្តារសេដ្ឋកិច្ចខ្លួនឲ្យមានភាពប្រសើរឡើងវិញ ប៉ុន្តែនៅមានការភ័យខ្លាចថា ការកើនឡើងក្នុងករណីឆ្លងនាំចូលមកពីបរទេស អាចនឹងបង្កឲ្យមានរលកវីរុសកូវីដ១៩ជាលើកទីពីរ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ករណីមេរោគកូរ៉ូណាថ្មីសរុបចំនួន១០៨ករណី ត្រូវបានគេរាយការណ៍ឃើញនៅប្រទេសចិនដីគោក នាថ្ងៃអាទិត្យម្សិលមិញនេះ គឺកើនឡើងពី៩៩ករណីកាលពីមួយថ្ងៃមុន បង្កឲ្យមានការកើនឡើងប្រចាំថ្ងៃដ៏ខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០៥ ខែមីនាមក៕

To Top