Covid-19

បញ្ជាការដ្ឋានអង្គរក្ស ទទួលសាប៊ូ និងសម្ភារៈការពារ កូវិដ១៩ ជាច្រើនពី សប្បុរសជន

សប្បុរសជននានា និងក្រុមហ៊ុនអាយឌាលត្រេឌីងអេនធើប្រាយ ដឹកនាំដោយ លោក ស្រេង វង្សហៀង ទីប្រឹក្សារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់នូវសាប៊ូចំនួន៥៤០០ដុំ និងសម្ភារៈ ការពារនូវមេរោគកូវិដ១៩ ជាច្រើនជូនដល់បញ្ជាការដ្ឋានអង្គរក្ស ដើម្បីប្រើប្រាស់សម្រាប់ការពារមេរោគកូវិដ១៩ និងអនាម័យផ្សេងៗ។

ថ្លែងបន្ទាប់ពីធ្វើកិច្ចទទួលនូវសម្ភារៈបរិក្ខាទាំងនោះនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះនៅបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សបាន លើកឡើងថាសាប៊ូ និងសម្ភារៈ ដែលសប្បុរសជន និងក្រុមហ៊ុន ដឹកនាំដោយលោក ស្រេង វង្សហៀងនេះគឺមានចំនួន៥៤០០ដុំ និងសម្ភារៈមួយចំនួនទៀត ដោយសម្ភារៈទាំងនេះនឹងចាប់ផ្តើមចែកជូនមន្រ្តីដែលកំពុងបំរើការនៅទីបញ្ជាការដ្ឋានកងអង្គរក្សនេះតែម្តង។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀតថា ថ្វីត្បិតែសម្ភារៈទាំងនេះមិនទាន់គ្រប់ តម្រូវការក៏ពិតមែនប៉ុន្តែវាជាទឹក ចិត្តដ៏ល្អរបស់ក្រុមហ៊ុន និងសប្បុរសជន ដែលពួកគេបានផ្តល់ឲ្យ ហើយនឹងយកសម្ភារៈទាំងនេះទៅចែកជូនកងកម្លាំង គ្រប់កន្លែងទាំងអស់ដើម្បី ប្រើប្រាស់សម្រាប់កិច្ចការពារ និងទប់ស្កាត់ នូវមេរោគកូវិដ១៩ ដែលប្រទេសកម្ពុជាកំពុងបន្តរីករាលដាលនោះ។

លោកស្រេង វង្សហៀងទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងបានលើកឡើងថាសម្ភារៈដែលលោកបាន រៃអង្គាសពីសប្បុរសធម៌នានាជាពិសេស ក្រុមហ៊ុនខាងលើនេះ គឺដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវិដ១៩ ដែលប្រទេសកម្ពុជាយើងក៏ដូចជាពិភពលោកកំពុងតែប្រឈមនោះ។

លោកស្រេង វង្សហៀងបានបន្តទៀតថា លោកនឹងខិតខំរៃអង្គាស់ពីសប្បុរសធម៌នានា ទៀតដើម្បីបន្តជួយដល់ រាជរដ្ឋាភិបាលតាមរយៈ ទីបញ្ជាការកងអង្គរក្ស ហើយការជួយនេះនឹងប្រព្រឹត្ត ទៅនាពេលឆាប់ៗខាងមុខនេះផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top