Covid-19

រុស្ស៊ី៖ លោក ត្រាំ កាត់ផ្តាច់ជំនួយ សម្រាប់អង្គការសុខភាពពិភពលោក ដោយសារបញ្ហាវីរុសកូរ៉ូណា គឺជាភាពអាត្មានិយម

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានធ្វើការថ្កោលទោស ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការកាត់ផ្តាច់ជំនួយ ដល់អង្គការសុខភាពពិភពលោក ដោយនិយាយថា ការសម្រេចចិត្តនេះ គឺជាភាពអាត្មានិយម និងធ្វើឲ្យប៉ះពាល់ ដល់អង្គការដែលប្រទេសជាច្រើន កំពុងតែសម្លឹងឲ្យដឹកនាំ ស្របពេលមានវិបត្តិវីរុសកូរ៉ូណា។

លោក ត្រាំ ដែលប្រឈមមុខ នឹងការរិះគន់ ចំពោះការឆ្លើយតបនៃរដ្ឋបាល របស់លោក ចំពោះការផ្ទុះឆ្លងនៃវីរុសកូរ៉ូណានោះ បានបង្កើនភាពជាសត្រូវ ចំពោះអង្គការសុខភាពពិភពលោក ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្អាកផ្តល់ជំនួយដល់អង្គការ ជុំវិញការគ្រប់គ្រងរបស់ខ្លួន ចំពោះបញ្ហាជម្ងឺឆ្លង។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ឈ្មោះ TASS បានដកស្រង់សម្តី របស់លោក Sergei Ryabkov ជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីដូច្នេះថា “នេះគឺជាឧទាហរណ៍មួយ នៃវិធីសាស្ត្រដ៏អាត្មានិយម ធ្វើឡើង ដោយអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះអ្វីដែលកំពុងតែកើតមានឡើង នៅក្នុងពិភពលោក ស្របពេលមានការផ្ទុះជម្ងឺឆ្លង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top