Covid-19

Covid-19: ប្រធានក្រុមប្រឹក្សា CREA អំពាវនាវឱ្យប្រជាជន និងវិនិយោគទុនជាតិ និងអន្តរជាតិ ចូលរួម គោរពនិងអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន រាល់ការណែនាំ និងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល

ភ្នំពេញ៖ លោក ឃាង ពុទ្ធី សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association-CREA) នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ បានថ្លែងថា ដោយកូវីដ១៩ ជាជំងឺរាតត្បាតមួយ ដ៏កាចសាហាវ មិនទាន់មានថ្នាំព្យាបាលពិតប្រាកដ ឬក៏វ៉ាក់សាំងណាមួយពិតប្រាកដ ដូច្នេះប្រជាជនកម្ពុជាទាំងអស់ ត្រូវតែគោរពតាមសារាចរណ៍ និងបទបញ្ញត្តិផ្សេងៗរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក ដើម្បីចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយជំងឺកូវីដ១៩ នៅកម្ពុជា និងឈានទៅរក ការលុបបំបាត់ទាំងស្រុង។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន លោក ឃាង ពុទ្ធី ឱ្យដឹងថា “នៅពេលនេះ គឺមិនមែនជាពេល ដែលយើងត្រូវគិត អំពីការវិនិយោគទុនអ្វីផ្សេងៗទេ គឺជាពេលត្រូវចូលរួម ជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ ឈានទៅរកលប់បំបាត់ទាំងស្រុងកូវីដ១៩ ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ហើយបន្ទាប់ពីយើងអាចកាត់បន្ថយ និងលុបបំបាត់បាន គឺអាចធ្វើឱ្យរាជរដ្ឋាភិបាល មានភាពងាយស្រួល ក្នុងការបើកទីផ្សារឡើងវិញ”។

លោក បន្ថែមថា “នៅពេលដែលបើកទីផ្សារឡើងវិញ គឺជាឱកាសវិនិយោគទុនជាតិ និងអន្តរជាតិ ធ្វើការវិនិយោគ ទៅលើវិស័យអចលនទ្រព្យ ហើយនិងវិស័យផ្សេងៗទៀត។ បើសិនជាជំងឺនឹង មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង នៅក្នុងប្រទេសកម្ពុជាទេ គឺយើងមានការពិបាកបានន័យថា យើងប្រឈមនឹងហានិភ័យ ប្រសិនបើយើងបើកទីផ្សារឡើងវិញ”។

ឆ្លៀតឱកាសនេះ លោកប្រធានក្រុមប្រឹក្សា ក៏បានសម្តែងនូវការ កោតសរសើរ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការចាត់វិធានការ ឆ្លើយតបភ្លាមៗជាបន្ទាន់ ដែលធ្វើឱ្យប្រទេសកម្ពុជា មានអាត្រាឆ្លងទាប ហើយនិងមិនមានអ្នកជំងឺណាមួយ ស្លាប់នៅឡើយទេ មកដល់ម៉ោងនេះ។

លោក រម្លឹកឡើងវិញថា វិធានការទំាងអស់នោះ ដូចជាការបិទសាលា បិទខារ៉ាអូខេ បៀហ្គាឌិន កន្លែងម៉ាស្សា រឺទីកន្លែងទីប្រជុំមួយចំនួន ដែលអាចមានការចម្លង បិទជើងហោះហើរមួយចំនួន ថ្វីត្បិតតែវា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ក៏ប៉ុន្តែវាការប៉ះពាល់ មិនមែនតែប្រទេសកម្ពុជាទេ ក៏ប៉ុន្តែនៅជុំវិញពិភពលោក។

គិតត្រឹមថ្ងៃ២១ ខែមេសា ឆ្នាំ២០២០នេះ មានឆ្លងកូវីដ១៩ នៅកម្ពុជា មានត្រឹមតែ១២២នាក់ប៉ុណ្ណោះ ក្នុងនោះចំនួន អ្នកជាសះស្បើយ កើនដល់១១០នាក់ និងពុំមានអ្នកជំងឺណាម្នាក់ស្លាប់នោះទេ៕

To Top