Covid-19

វិមានក្រឹមឡាំង៖ ការចោទប្រកាន់គ្មានមូលដ្ឋាន ស្តីពីការបង្កើនវីរុសកូរ៉ូណា គឺជារឿងមិនអាចទទួលយកបាន

បរទេស៖ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃពុធនេះថា អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនានា នៅតែខ្វះទិន្នន័យចាំបាច់ ដើម្បីធ្វើការកំណត់ ពីប្រភពវីរុសកូរ៉ូណា ហើយការចោទប្រកាន់ គ្មានមូលដ្ឋានណាមួយ ស្តីពីប្រភពដែលគេបង្កើតឡើង គឺជារឿងដែលមិនអាច ទទួលយកបាននោះឡើយ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក កំពុងតែព្យាយាមធ្វើការកំណត់ថា តើវីរុសកូរ៉ូណាមានដើមកំណើត ចេញពីមន្ទីរពិសោធន៍ ក្នុងទីក្រុងវូហានមែនឬមិនមែន ក្រោយពីមានសេចក្តីរាយការណ៍ថា វីរុសថ្មីនេះ ទំនងជាត្រូវបាន គេសំយោគបង្កើតឡើង នៅមន្ទីរពិសោធន៍ផ្គត់ផ្គង់ ដោយរដ្ឋចិនមួយ ឬក៏ប្រហែលជា ភាយចេញពីទីតាំងបែបនោះ។ ប៉ុន្តែវិទ្យាស្ថានវិសាណូសាស្ត្រ ដែលគាំទ្រដោយរដ្ឋចិន បានធ្វើការបដិសេធច្រានចោល នូវការប្រកាន់បែបនោះ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃអង្គារថា ភស្តុតាងដែលមានទាំងអស់ បង្ហាញថា មេរោគកូរ៉ូណា មានប្រភពនៅក្នុងសត្វក្នុងប្រទេសចិន កាលពីចុងឆ្នាំមិញ ហើយមិនត្រូវបានគេរៀបចំ ឬក៏ផលិតបង្កើតឡើង នៅក្នុងមន្ទីរពិសោធន៍នោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×