Covid-19

នាយករដ្ឋមន្រ្តីបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់ មានថ្នាំព្យាបាល ជំងឺកូវីដ១៩ នៅឡើយទេ

ភ្នំពេញ៖ ស្របពេល ដែលអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាល ដែលបានជាសះស្បើយ ក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះជំងឺកូវីដ១៩ មិនទាន់មានថ្នាព្យាបាលនោះទេ រហូតមកដល់ពេលនេះ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែ មេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំង ដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាល ដែលបានជាសះស្បើយ ក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្ន ជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថា កូវីដ-១៩ (covid-19) ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ គឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ”។ សម្ដេចតេជោបានសរសេរបន្ថែមថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវ ក៏មានការធ្វើដំណើរណែន រកកល់ស្ទះចរាចរណ៍ទៀតផង។

សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្ន ជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។

បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន គឺអោយតែមេគ្រួសារ ឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។ សូមបងប្អូនយកការព្រួយបារម្ភ និងភ័យខ្លាចនេះ ទៅការការប្រុងប្រយ័ត្នខ្ពស់ ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិត រស់នៅបានយូរអង្វែង៕

To Top