Covid-19

កូវីដ១៩៖ ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមិនទាន់ដល់ភ្លើងស្តុប ពណ៌ក្រហម នៅឡើយទេ

ភ្នំពេញ៖ ទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយច្រើនក៏ពិតមែន តែក្រសួងសុខាភិបាល បញ្ជាក់ថា ចរាចរវីរុសកូវីដ១៩ នៅកម្ពុជា នៅមិនទាន់ដល់ភ្លើង ស្តុបពណ៌ក្រហមនោះទេ ដោយសព្វថ្ងៃ ស្ថិតនៅត្រឹមភ្លើងស្តុបពណ៌លឿងនៅឡើយ ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺកូវីដ១៩ អាចនឹងកើតមានឡើង ជាថ្មីម្ដងទៀត ជាលើកទី២ ប្រសិនបើប្រជាពលពលរដ្ឋណាម្នាក់ភ្លេចខ្លួន ក្នុងការថែរក្សាអនាម័យ ឲ្យបានល្អទេនោះ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសុខា ភិបាលនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា “ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លើងស្តុបពណ៌ក្រហម នៅឡើយទេ។ កម្ពុជា ស្ថិតនៅស្ថានភាព ភ្លើងស្តុបពណ៌លឿងនៅឡើយទេ ប្រសិនបើមិនគោរព ភ្លើងពណ៌លឿងនេះទេ ហើយនៅតែសម្រុក បើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាព ដោយសារវីរុសកូវីដ-១៩ នេះហើយណា។

សុំចូលរួមគោរពបទបញ្ជា និងការណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយេីង និងការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុត ការវ៉ៃលុករលកទី២ នៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជាឲ្យបានគ្រប់ៗគ្នា”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ចំនួន១២២នាក់ ខណ:ព្យាបាលជាសះស្បើយ កើនដល់១១៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ៣នាក់ទៀតតែប៉ុណ្ណោះ ហើយនេះជាថ្ងៃទី១៨ហើយ ដែលកម្ពុជាគ្មានអ្នកឆ្លង ហើយក៏គ្មានអ្នកជាផងដែរ៕ ដោយ៖ធី លីថូ

To Top