Covid-19

WHO៖ អាមេរិក មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាង ដែលថាវីរុសថ្មី មានប្រភព នៅក្នុងមន្ទីរពិសោធន៍ចិន

សឺណែវ៖ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅថ្ងៃច័ន្ទទី ៤ ឧសភាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាង“ ប្រថុយប្រថាន” របស់ប្រធានាធិបតីអាមេរិក ដែលថាវីរុសថ្មីនេះ មានប្រភពនៅក្នុងមន្ទីរពិសោធន៍ចិនទេ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានផ្នែកសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោក លោក Michael Ryan បានប្រាប់សន្និសីទសារព័ត៌មានថា “យើងមិនបានទទួលទិន្នន័យ ឬភ័ស្តុតាងជាក់លាក់ណាមួយ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ទាក់ទងទៅនឹងប្រភពដើម នៃវីរុសនោះទេ។

អ្នកវិទ្យាសាស្ត្រជឿជាក់ថា វីរុសឃាតករបានឆ្លងពីសត្វទៅមនុស្ស ដែលលេចឡើងនៅប្រទេសចិន កាលពីចុងឆ្នាំមុន អាចមកពីទីផ្សារមួយនៅទីក្រុងវូហាន ដែលលក់សាច់សត្វកម្រឃើញ ។

ប៉ុន្តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលរិះគន់កាន់តែខ្លាំង ចំពោះការគ្រប់គ្រងរបស់ចិន ចំពោះការផ្ទុះឡើងដំបូងគេអះអាងថា មានភ័ស្តុតាងបញ្ជាក់ថា វីរុសនេះ វាបានចាប់ផ្តើម នៅក្នុងមន្ទីរពិសោធន៍វូហាន ហើយរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យបាននិយាយថា“ ភ័ស្តុតាងដ៏ធំធេង” បានគាំទ្រការអះអាងនេះ ដែលចិនបានបដិសេធ យ៉ាងដាច់អហង្ការ៕ ប្រែសម្រួលៈ ណៃ តុលា

To Top