Covid-19

ក្រសួងការងារក្រើនរំលឹក ដល់ម្ចាស់រោងចក្រ ឲ្យបន្តធ្វើតាមវិធានណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ធ្វើការក្រើនរំលឹក ដល់ម្ចាស់រោងចក្រ សហគ្រាស ជាពិសេសរោងចក្រ ក្នុងវិស័យកាត់ដេរទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមវិធានណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលកូវីដ១៩។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា វិធានការ ដែលតម្រូវឲ្យអនុវត្តន៍រួមមាន៖ ទី១-រៀបចំឱ្យមានការវាស់កម្ដៅ គ្រប់បុគ្គលទាំងអស់ មុនពេលអនុញ្ញាត ឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស ជាពិសេសអគារផលិតកម្ម និង ត្រូវអនុញ្ញាតឱ្យកម្មករ និយោជិត ទៅពិគ្រោះយោបល់ជាមួយពេទ្យ ឬអ្នក ជំនាញប្រសិនកម្មករ និយោជិតណាម្នាក់ មានរោគសញ្ញាក្អក និងមានកម្តៅខ្លួនលើសពី ៣៧,៥អង្សា។

ទី ២-ត្រូវរៀបចំ ឱ្យមានទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ នៅតាមមាត់ច្រកចេញចូលអគារ សម្រាប់កម្មករ និយោជិត លាងសំអាតដៃ មុនពេលចូលក្នុងរោងចក្រ សហគ្រាស។ ទី៣-ត្រូវរៀបចំបម្រុងទុកម៉ាស់ឱ្យ បានគ្រប់គ្រាន់ សម្រាប់បើកផ្តល់ដល់កម្មករនិយោជិត តាមវេជ្ជបញ្ជារបស់ពេទ្យ អាស្រ័យលើស្ថានភាពសុខភាព និងស្ថានភាពទូទៅ របស់កម្មករនិយោជិតម្នាក់ៗ។

ទី៤-ត្រូវរំលឹកកម្មករ និយោជិត នៅពេលដែលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា ឬកែងដៃ រួចបោះចោលក្នុងធុងសំរាម ឱ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុល។

ទី៥-ត្រូវ រាយការណ៍ ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ សុខាភិបាល ឬលេខទូរស័ព្ទណាមួយ ដែលផ្តល់ដោយក្រសួង ,៥អង្សា និងមានរោគ ប្រសិនជាមានកម្មករ និយោជិតណាម្នាក់ មានកម្តៅខ្លួនលើសពី ៣៧ សញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ករ ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ ទៅតំបន់ដែលមានកើតជំងឺកូវីដ-១៩ និងបានប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឬអ្នកស្លាប់ដោយ សារជំងឺស្រួចស្រាល់ ដោយមិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វ ក្នុងអំឡុងពេល ១៤ថ្ងៃ មុន ចេញរោគសញ្ញា ។

ក្រសួងការងារសូមថ្លែងអំណរ គុណដល់ម្ចាស់រោងចក្រ សហគ្រាស សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងភាគី ពាក់ព័ន្ធទាំងអស់ ដែលបានចាត់វិធានការ បន្ថែមជាវិជ្ជមាននាពេលកន្លងមក។ សេចក្តីដូចមានជម្រាបជូន ខាងលើ សូម ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងអង្គការ វិជ្ជាជីវៈទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត មានប្រសិទ្ធភាពខ្ពស់។

សូមញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញ អ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៥នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៦នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់ កំពុងសម្រាកព្យាបាល៕ ដោយ៖ធី លីថូ

To Top
×