Covid-19

នាយករដ្ឋមន្រ្តី បន្តក្រើនរំលឹកឲ្យពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រើនបន្តក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះកូវីដ១៩ ដោយឧស្សាហ៍ធ្វើអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរីករាលដាល នៃមេរោគនេះ។

តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “យើងទាំងអស់គ្នា ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាព អនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាល ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ សូមបងប្អូនឧស្សាហ៍ ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាស់ ការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាន នឹងស្តាប់តាមការណែនាំ របស់ក្រសួងសុខា អោយបានជាប់ជាប្រចាំ”។

សម្ដេចបញ្ជាក់ថា មកទល់ពេលនេះ ពុំទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩នេះ នៅឡើយទេ។ សម្ដេចថា ចំពោះកម្ពុជា ទោះបីចំនួនអ្នកឆ្លងតិចមែន តែមិនត្រូវធ្វេសប្រហែស មើលស្រាលជំងឺ ដ៏កាចសាហាវនេះឡើយ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជា បានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៥នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៦នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់កំពុងព្យាបាល៕

ដោយ៖ ធី លីថូ

To Top
×