Covid-19

ប្រទេសឡាវលែង មានអ្នកជំងឺកូវីដ១៩ទៀតហើយ គិតត្រឹមថ្ងៃអង្គារ ទី៩មិថុនា

វៀងចន្ទន៍៖ អ្នកជំងឺកូវីដ១៩ ចុងក្រោយនៅប្រទេសឡាវ បានជាសះស្បើយពីជំងឺ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅឯរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន Laos News ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលព័ត៌មាននិងអប់រំសុខភាព ស្ថិតក្រោមចំណុះ របស់ក្រសួងសុខាភិបាលឡាវ បាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកជំងឺត្រូវបានអនុញ្ញាត ឱ្យវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសក្នុងជុំទី ២ ។

អ្នកជំងឺចុងក្រោយគឺបុរស អាយុ ១៩ ឆ្នាំ រស់នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលត្រូវបានបញ្ជាក់ថា ជាករណីវិជ្ជមានវីរុសទី ៨ ហើយត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មិត្តភាព (មន្ទីរពេទ្យ ១៥០) ចាប់តាំងពីថ្ងៃទី ២៨ ខែមីនា។

គិតត្រឹមថ្ងៃអង្គារ ទី០៩ ខែមិថុនា ប្រទេសឡាវមិនបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃមេរោគកូវីដ១៩ រយៈពេល ៨៨ ថ្ងៃជាប់ៗគ្នាទេ។ អ្នកជំងឺ កូវីដ-១៩ នៅប្រទេសឡាវទាំងអស់ បានជាសះស្បើយពីជំងឺ ហើយត្រូវបានបញ្ជូន ចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា ប្រទេសឡាវបានប្រកាស អំពីករណីឆ្លងមេរោគកូវីដ១៩ ចំនួន ២ករណី ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី ២៤ ខែមីនា៕ ប្រែសម្រួលៈ ណៃ តុលា

To Top