Covid-19

រដ្ឋមន្រ្តីក្រសួងការងារ ស្នើវិស័យឯកជន បន្តយកចិត្តទុកដាក់ និងទប់ស្កាត់កូវីដ-១៩ ដើម្បីសុខភាពកម្មករ

ភ្នំពេញ ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើ ឲ្យក្រុមហ៊ុន ទាំងអស់បន្តយកចិត្តទុកដាក់ អនុវត្តវិធានការការពារ ទប់ស្កាត់ និងបង្ការ ការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ដើម្បីសុវត្ថិភាព សុខភាព កម្មករនិយោជិត។

ក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (Cambodia Brewery Limited) ដឹកនាំដោយលោក សាមសុន វ៉ុង (Samson Wong) អគ្គនាយកនៃក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក អ៉ិត សំហេង បានថ្លែងថា វិបត្តិនៃការរីករាលដាលកូវីដ-១៩ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើន ។ ក្នុងនោះរោងចក្រ សហគ្រាសមួយចំនួនធំត្រូវបានព្យួរ គ្រឹះស្ថានសិក្សានានា ត្រូវបិទទ្វារទាំងស្រុងទូទាំងប្រទេស និងបង្កឲ្យមានផលប៉ះពាល់ ដល់ជីវភាពរបស់ ប្រជាពលរដ្ឋមួយចំនួនទៀត ទាំងនៅកម្ពុជា និងពិភពលោក។

លោក សាមសុន វ៉ុង អគ្គនាយក នៃក្រុមហ៊ុនផលិត ស្រាបៀរកម្ពុជាបញ្ជាក់ថា ក្នុងដំណាក់កាល នៃការរាតត្បាតកូវីដ១៩នេះ ខាងក្រុមហ៊ុនបានធ្វើការ ជាមួយអ្នកជំនាញមកពីតំបន់ និងពិភពលោក លើសុវត្ថិភាព សុខភាពការងារ ធ្វើឲ្យការគ្រប់គ្រង ក្នុងគ្រាអាសន្ន បានល្អ រួមទាំងការចែករំលែក និងផ្សព្វផ្សាយនូវវិធានការនានា របស់ក្រសួង ក៏ដូចជានិយាមអន្តរជាតិ ក្នុងសង្វាក់ផលិតកម្ម ដើម្បីធានាដល់សុវត្ថិភាព ដល់បុគ្គលិក កម្មករនិយោជិត។

ក្រៅពីសុវត្ថិភាព សុខភាព ក្រុមហ៊ុនមិនមានការកាត់បន្ថយ បុគ្គលិកណាមួយនោះទេ ខណៈការផលិត មានការធ្លាក់ចុះក្តី ដោយរក្សាការងារជូនបុគ្គលិក តាមរយៈការផ្ទេរការងារជូនពួកគាត់ ក៏ដូចជាឱ្យគាត់ចូលរួម ក្នុងសកម្មភាពសង្គម ដោយមិនធ្វើអ្វីឲ្យ ប៉ះពាល់ជីវភាព របស់ពួកគាត់ឡើយ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី សម្តែងការពេញចិត្ត ដែលមានក្រុមហ៊ុនអន្តរជាតិ មានវត្តមាននៅកម្ពុជា នាំមកនូវស្តង់ដា គុណភាព ស្តង់ដាគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញ សម្រាប់ប្រជាជនកម្ពុជា ពិសេសបានចូលរួមបង់ពន្ធ រហូតដល់ទៅជាង ៤០០លានដុល្លារក្នុង១ឆ្នាំៗ។

លោកអរគុណក្រុមហ៊ុន ដែលបានចូលរួមយ៉ាងសកកម្ម ក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារកូវីដ១៩នៅកម្ពុជា ។ បើទោះជារាជរដ្ឋាភិបាល មានការ បិទការជួបជុំគ្នាផ្សេងៗក៏ដោយ ប៉ុន្តែមិនបានបិទសង្វាក់អាជីវកម្មនោះទេ ហើយក៏មានពលរដ្ឋកម្ពុជា ក៏នៅតែបន្តគាំទ្រផលិតផល របស់ក្រុមហ៊ុននេះដែរ។

លោកមានប្រសាសន៍ថា «រោងចក្រជាកន្លែងសុវត្ថិភាព សម្រាប់កម្មករ ជាពិសេស មានការពិនិត្យសុខភាព និងការការពារផ្សេងៗជារៀងរាល់ថ្ងៃ បើទោះជានៅកម្ពុជា មានភាពធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែនៅលើពិភពលោក នៅតែធ្ងន់ធ្ងរនៅឡើយ ព្រោះមិនទាន់ មានវ៉ាក់សាំងព្យាបាលនៅឡើយ មានតែអនុវត្តនូវវិធាន ដែលណែនាំដោយ ក្រសួងសុខាភិបាលតែប៉ុណ្ណោះ»៕ ដោយ៖ អេង ប៊ូឆេង

To Top