Covid-19

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់លើស១៧ម៉ឺននាក់ ខណៈចិន បញ្ជូនគ្រូពេទ្យជំនាញជួយ ដល់ដល់ប៉ាឡេស្ទីន

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃពុធ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ ១៧៧.៩៣៨នាក់ ។ ទន្ទឹមនឹងនេះដែរ ក្រុមគ្រូពេទ្យចិនមួយក្រុម បានទៅដល់ទឹកដីប៉ាឡេស្ទីន ដើម្បីជួយដល់ពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធប្រឆំាងនឹងវីរុសកូរ៉ូណា ។

គេបានដឹងថា អ៊ីរ៉ង់ ជាប្រទេសមួយ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសស្ថិតនៅឯមជ្ឈិមបូព៌ា ហើយត្រូវបានគេរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លងជំងឺថ្មីចំនួន២.០១១នាក់ ដែលនាំឲ្យអ្នកឆ្លង សរុបកើនដល់១៧៧.៩៣៨នាក់ ។

ប្រទេសនេះ ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ថ្មីចំនួន៨១នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខអ្នកស្លាប់សរុប បានកើនឡើងដល់៨.៥០៦នាក់ ។ សរុបមានអ្នកជំងឺកូរ៉ូណា ចំនួន១៤០.៥៩០នាក់ បានជាសះស្បើយពីជំងឺ ។

ទន្ទឹមនឹងនេះដែឬ សមាជិកចំនួន១០នាក់ ដែលជាក្រុមគ្រូពេទ្យចិន ដែលបានបញ្ជូន ពីគណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានមកដល់ទឹកដីប៉ាឡេស្ទីន ។ លោក Guo Wei នាយកការិយាល័យ របស់សាធារណរដ្ឋចិន ប្រចាំនៅប៉ាឡេស្ទីន បានបញ្ជាក់ដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top