Covid-19

អូស្ត្រាលី បិទព្រំប្រទល់រដ្ឋជាលើកទីមួយ ក្នុងពេល១០០ឆ្នាំ ដើម្បីទប់ស្កាត់មេរោគកូរ៉ូណា

បរទេស៖ មន្ត្រីរបស់ប្រទេសអូស្ត្រាលី នឹងបិទព្រំប្រទល់ រវាងរដ្ឋមានមនុស្ស រស់នៅច្រើនបំផុតពីរ របស់ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃអង្គារទៅ សម្រាប់រយៈពេល មិនជាក់លាក់មួយ ស្របពេលពួកគេប្រញាប់ប្រញាល់ ក្នុងដំណើរការទប់ស្កាត់ ការរាតត្បាតឆ្លង របស់មេរោគកូរ៉ូណា នៅក្នុងទីក្រុងមែលប៊ើន។

សេចក្តីសម្រេចចិត្ត ដែលប្រកាសឡើងនៅថ្ងៃចន្ទនេះ គឺជាលើកទីមួយហើយ ដែលព្រំប្រទេសរវាងរដ្ឋ Victoria និងរដ្ឋ New South Wales ត្រូវបានបិទ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ គឺជាលើកចុងក្រោយបំផុត មន្ត្រីអូស្ត្រាលី បានបិទមិនឲ្យធ្វើដំណើរ រវាងរដ្ឋទាំងពីរ នៅឆ្នាំ១៩១៩ ក្នុងអំឡុងការផ្ទុះរាតត្បាតឆ្លង នៃជម្ងឺគ្រុនផ្ដាសាយអេស្ប៉ាញ។

គួរបញ្ជាក់ថា ចំនួនករណីឆ្លងមេរោគកូវីដ១៩ នៅក្នុងទីក្រុងមែលប៊ើន និងទីក្រុងនៃរដ្ឋ Victoria បានមានការស្ទុះកើនឡើងជាខ្លាំង នៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាហេតុជំរុញ ឲ្យអាជ្ញាធរអនុវត្តច្បាប់គម្លាត ទំនាក់ទំនងសង្គមដ៏តឹងរឹង ក្នុងតំបន់ជាយក្រុងចំនួន៣០ និងដាក់បម្រាមគោចរទាំងស្រុង លើប៉មលំនៅស្ថានសាធារណៈ ចំនួន៩កន្លែង៕ ប្រែសម្រួល៖ប៉ាង កុង

To Top