Covid-19

វិភាគ: វីរុសកូរ៉ូណាថ្មី បានវិវឌ្ឍន៍ខ្លួន ចម្លងទៅមនុស្ស ឆាប់រហ័សជាងមុន ពី៣ទៅ៥ដង និងឆ្លងតាមខ្យល់បាន

បច្ចុប្បន្នភាព ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង នៅសាកលវិទ្យាល័យ Sheffield សាកលវិទ្យាល័យ Duke និងមន្ទីរពិសោធន៍ Los Alamos បានបង្ហាញលទ្ធផលសិក្សាមួយ ដែលបញ្ជាក់ថា វីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19 បានវិវឌ្ឍន៍ខ្លួន អោយមានកម្លាំងកាន់តែខ្លាំងជាងមុន និងអាចចម្លងទៅមនុស្សឆាប់រហ័ស ជាងមុនពី៣ទៅ៥ដង ។

អ្នកវិទ្យាសាស្ត្រចំនួន ២៣៩នាក់ មកពីប្រទេសចំនួន៣២ប្រទេស បានរកឃើញថា វីរុសCovid-19 អាចឆ្លងតាមខ្យល់ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ ដោយមិនចាំបាច់ប៉ះពាល់នោះទេ ប្រសិនបើទៅជិតអ្នកជំងឺ Covid-19 ហើយអ្នកជំងឺនោះ បាននិយាយតាមសម្លេងធម្មតា ដោយខ្យល់អាកាស នឹងនាំទឹកមាត់របស់អ្នកជំងឺ ទៅចម្លងដល់អ្នកនៅជិតខ្លួន បានយ៉ាងងាយ ។

ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង នៅសាកលវិទ្យាល័យ Sheffield សាកលវិទ្យាល័យ Duke និងមន្ទីរពិសោធន៍ Los Alamos បានសិក្សា ទៅលើអ្នកជំងឺCovid-19 ប្រមាណ៩៩៩នាក់ នៅចក្រភពអង់គ្លេស ហើយក្នុងចំណោមអ្នកជំងឺ Covid-19ទាំងជិត១០០០នាក់នោះ គឺភាកច្រើនបំផុត ជាអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណាថ្មី ក្នុងសណ្ឋានថ្មី ដែលអាចចម្លងឆាប់រហ័ស ។

វីរុសCovid-19ក្នុងសណ្ឋានថ្មីនេះ មានសមត្ថភាពអាចវាយលុក ចូលកោសិកាមនុស្ស ក្នុងរយៈពេលខ្លី និងអាចចម្លងទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ បើប្រៀបធៀបនឹងវីរុសកូរ៉ូណាថ្មី ដែលបានផ្ទុះឡើងនៅទីក្រុង អ៊ូហាន ប្រទេសចិន និងត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី៣១ ខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ។

លទ្ធផលសិក្សាដដែល បានបន្តថា វីរុសCovid-19សណ្ឋានថ្មីនេះ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ឆាប់រហ័សជាងមុន ពី៣ទៅ៥ដងមែន ប៉ុន្តែអាការៈរបស់អ្នកជំងឺ Covid-19 មិនធ្ងន់ធ្ងរជាងមុនទេ និងផលប៉ះពាល់លើមនុស្ស ក៏មានលក្ខណៈដូចពីមុនដែរ ដោយគ្រាន់តែវីរុសនេះ មានកម្លាំងឆ្លងឆាប់រហ័ស ជាមុនប៉ុណ្ណោះ ។

មូលហេតុនេះហើយ បានជានៅពេលបច្ចុប្បន្នេះ ការឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 នៅជុំវិញពិភពលោក បានហក់ឡើងខ្ពស់ជាលំដាប់ ក្នុងចន្លោះពីជាង១៦ទៅ២០ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង និងសម្លាប់មនុស្ស ក្នុងចន្លោះពីជាង ៣ទៅ៥ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងដូចគ្នា ដែលជាកំណើននៃការឆ្លងថ្មី និងមនុស្សស្លាប់ថ្មី ប្រចាំថ្ងៃក្នុងអត្រាខ្ពស់ ។

ក្រុមអ្នកស្រាវជ្រាវ បានដាក់ឈ្មោះវីរុសកូរ៉ូណាថ្មី ឬវីរុស Covid-19សណ្ឋានថ្មីនេះថា D614G ហើយវីរុសថ្មីនេះ គឺជាវីរុសCovid-19ដដែល ដោយគ្រាន់តែវីរុសថ្មីនេះ មានលទ្ធភាព ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៅក្នុងល្បឿនលឿនជាងមុន ប៉ុន្តែមិនអាចសម្លាប់មនុស្ស លឿនជាងមុនទេ ដោយផលប៉ះពាល់ លើរាងកាយមនុស្ស មានកម្រិតដូចកាលពីមុន ដោយខុសគ្នា តែឆ្លងឆាប់រហ័សជាងមុនប៉ុណ្ណោះ ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ កើតវីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19នេះ នៅមិនទាន់ត្រូវបាន បង្ហាញអោយបានច្បាស់លាស់នោះទេ ទាំងអ្នកជំនាញផ្នែកសុខភាព របស់អង្គការសុខភាពពិភពលោក និងទាំងអ្នកជំនាញ នៅជុំវិញពិភពលោក រួមទាំងអ្នកជំនាញ របស់ប្រទេសចិនផងដែរ ដោយពួកគេបានសន្និដ្ឋាន ពីប្រភពខុសៗគ្នា ។

អ្នកជំនាញខ្លះថា វីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19នេះ អាចមានប្រភព ចេញពីសត្វព្រៃ នៅក្នុងទីផ្សារនៃទីក្រុង អ៊ូហាន ប្រទេសចិន ដោយសារតែវីរុសនេះ បានឆ្លងរាលដាលចេញ ពីទីផ្សារលក់សត្វព្រៃនៅទីក្រុងនេះ ហើយអ្នកជំនាញខ្លះ បានសន្និដ្ឋានថា វីរុសនេះមានប្រភព ពីសត្វពស់ស៊ីសត្វប្រចៀវ ដែលត្រូវបាននាំចូល ទៅកាន់ទីផ្សារទីក្រុងអ៊ូហាន ។

Erica Ollman Saphire អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានប្រឆាំងជំងឺឆ្លង Jolla Institute for Immunology ដែលបានចូលរួម ក្នុងការស្រាវជ្រាវដែរនោះ បាននិយាយថា វីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19 អាចនឹងវិវឌ្ឍន៍ខ្លួនបន្តទៀត នៅពេលខាងមុខ អោយមានកម្លាំងចម្លងកាន់តែខ្លាំង និងអាចមានកម្លាំង ធ្វើអោយគ្រោះថ្នាក់មនុស្ស ច្រើនជាងមុនដែរ ។

សន្និដ្ឋាន៖ តើអ្នកជំនាញផ្នែកសុខភាព មានវិធីសាស្ត្របែបណា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល វីរុសផ្លូវដង្ហើមមួយនេះ ?

អ្នកជំនាញផ្នែកជំងឺឆ្លង របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា វិធីសាស្ត្រក្នុងការទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី ឬវីរុសCovid-19នៅជុំវិញពិភពលោក គឺមានតែការរក្សាគម្លាតសង្គម ការបិទសេដ្ឋកិច្ច ឬបិទប្រទេស និងការរក្សាអនាម័យជាប្រចាំ ទើបអាចចៀសវាងការឆ្លងវីរុសនេះបាន ។

ចំណុចមួយទៀត ពិភពលោកអាចទប់ស្កាត់ ការឆ្លងរាលដាលវីរុសCovid-19បាន លុះត្រាតែអ្នកវិទ្យាសាស្ត្រ រកផលិតវ៉ាក់សាំងការពារ ឬថ្នាំសម្រាប់ព្យាបាលវីរុសនេះបាន ដោយជោគជ័យនៅពេលខាងមុខ ហើយទោះបីជាពិភពលោក មានវ៉ាក់សាំង ឬថ្នាំក៏ដោយ កីវីរុសនេះមិនប្រាកដថា អាចបាត់បង់ពីភពផែនដីដែរ ។

ផលប៉ះពាល់
វីរុសCovid-19 បានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរណាស់ មនុស្សជាតិ គឺប៉ះពាល់ទាំងសុខភាព ទាំងសេដ្ឋកិច្ច និងទាំងទំនាក់ទំនង ជាលក្ខណៈអន្តរជាតិផងដែរ ហើយប្រសិនបើវីរុសនេះ នៅអូសបន្លាយយូរតទៅទៀត ផលវិបាកនឹងកើតមានកាន់តែច្រើន សម្រាប់មនុស្សទូទៅ នៅជុំវិញពិភពលោក ៕ ដោយៈ អិន ជិន

To Top