Covid-19

ហ្វីលីពីន នឹងបញ្ឈប់ ប្រតិបត្តិការរថភ្លើង ក្នុងទីក្រុង ស្របពេលមានការ ឆ្លងជំងឺកូវីដ១៩ កើនឡើងខ្លំាង

ម៉ានីល៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរហ្វីលីពីន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្សែរថភ្លើងមួយក្នុងចំណោមខ្សែរថភ្លើងជាច្រើន នៅរដ្ឋធានីម៉ានីល នឹងត្រូវបញ្ឈប់ប្រតិបត្តិការក្នុងរយៈពេល៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ បន្ទាប់ពីមានករណីបុគ្គលិកបម្រើការនៅស្ថានីយ៏រថភ្លើងចំនួន១៨៦នាក់ បានទទួលការធ្វើតេស្តឃើញថា មានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ១៩ ។

នាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសហ្វីលីពីន បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា សរុបនៅក្នុងប្រព័ន្ធខ្សែរថភ្លើងទី៣ សរុបមានបុគ្គលិកចំនួន១៨៦នាក់ ដែលត្រូវបានធ្វើតេស្តរកឃើញថា មានលទ្ធផលជាវិជ្ជមាន ក្នុងនោះមាន អ្នកលក់សំបុទ្រ១១នាក់ ២នាក់ជាអ្នកបើកបររថភ្លើង មន្ត្រីជំនាញត្រួតពិនិត្យចំនួន២នាក់ និងម្នាក់ជាគិលានុបដ្ឋាយិកា មកពីស្ថានីយ៏មួយក្នុងចំណោមស្ថានីយ៏រថភ្លើងរបស់ខ្លួន ហើយអ្នកដែលឆ្លងផ្សេងទៀត ជាអ្នកជំនាញដែលប្រចាំការតាមស្នាក់ការនានា ។

លោក Michael Capati នាយកប្រតិបត្តិការខ្សែរថភ្លើងទី៣ បានលើកឡើងថា “ការបិទជាបណ្តោះអាសន្ន នឹងត្រូវធ្វើឡើងដើម្បីធ្វើតេស្តទៅលើអ្នកជំនាញទាំងអស់នៅស្ថានីយ៏រថភ្លើងទី៣ ក្នុងនោះបូករួមទាំង អ្នកផ្តល់ការថែទាំនៅស្ថានីយ៏ និងអ្នកម៉ៅការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ” ។

ហ្វីលីពីន នាពេលឥឡូវេនះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤៦.៣៣៣នាក់ ក្នុងនោះរាប់ទាំង១.៣០៣នាក់ដែលបានស្លាប់ និងចំនួន១២.១៨៥នាក់បានជាសះស្បើយពីជំងឺ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top