Covid-19

អង្គការសុខភាពពិភពលោក សរសើររដ្ឋបាលថ្នាក់ក្រោមជាតិ របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសសើររដ្ឋបាលថ្នាក់ ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានកោតសសើរបែបនេះ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័ន ពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការ រាតត្បាត ជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា «កាលពីសប្ដាហ៍មុន ខ្ញុំមានកិត្តិយស ដែលបានចុះធ្វើទស្សនកិច្ច នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីពិនិត្យមើលដោយផ្ទាល់ អំពីរបៀបដែលខេត្តនីមួយៗ បាននិងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តមអភិបាលខេត្តទាំងបី ផងដែរ»។

លោកស្រីបន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។ លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារសំខាន់ខ្លាំងណាស់ ក្នុងការវិនិយោគទៅលើទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់ មានប្រជាពលរដ្ឋស្លាប់ ដែលបណ្តាលមកពីជំងឺកូដីត-១៩នោះទេ៕ ដោយ៖ អេង ប៊ូ ឆេង

To Top