Covid-19

ម៉ុងហ្គោលី នឹងបញ្ជូនយន្តហោះចំនួន១៤គ្រឿង ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន នៅបរទេស ដែលស្ថិតក្នុងតំបន់រងគ្រោះ ដោយជំងឺកូវីដ១៩

ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងការបរទេសរបស់ម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសម៉ុងហ្គោលី នឹងបញ្ជូនយន្តហោះដឹកអ្នកដំណើរតិចបំផុតចំនួន១៤គ្រឿងនៅក្នុងខែសីហា ដើម្បីធ្វើការជម្លៀសខ្លួនពលរដ្ឋរបស់ខ្លួន ដែលរស់នៅបរទេស ដោយសារប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ ។

លោក Lkhanaajav Munkhtushig អគ្គនាយកនៃអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេស បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រទេសរបស់យើងកំពុងតែត្រៀមក្នុងការបញ្ជូនយន្តហោះចំនួន១៤គ្រឿងទៅកាន់បណ្តាប្រទេសដែលរងគ្រោះដោយជំងឺកូវីដ១៩ ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌា សាធារណរដ្ឋឆេក តួកគី និងអូស្ត្រាលី នៅខែក្រោយ ដើម្បីដឹកជញ្ជូនពលរដ្ឋចំនួនជាង៣.៤០០នាក់ធ្វើមាតុនិវត្តន៍មកកាន់ប្រទេសវិញ” ។

ផ្ទាំងពាណិជ្ជកម្ម

គិតចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ម៉ុងហ្គោលី បានធ្វើការជម្លៀសពលរដ្ឋប្រមាណជាង១៤.៧០០នាក់ តាមជើងហោះហើរជាច្រើន តាមរថយន្តក្រុង ឬរថភ្លើង ពីបណ្តាតំបន់ផ្សេងៗគ្នានៅលើពិភពលោក ។

ប្រទេសស្ថិតក្នុងតំបន់អាស៊ីមួយនេះ ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ចំនួន២៨៩នាក់ មិនទាន់មាននរណាម្នាក់ ឆ្លងជំងឺនេះក្នុងស្រុក ឬស្លាប់នៅឡើយទេមកដល់ពេលនេះ ៕

To Top