Covid-19

វៀតណាម៖ អ្នកស្លាប់ដោយសារមេរោគកូវីដ១៩ កើនដល់ ៨នាក់ សុទ្ធតែជាអ្នកមានជំងឺរាំរៃ

បរទេស៖ ស្ត្រីអាយុ ៦២ ឆ្នាំ និងបុរសអាយុ ៦៥ ឆ្នាំ ម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩9 នៅទីក្រុងដាណាង នៅថ្ងៃអង្គារនេះ ដែលជាការស្លាប់ទី ៧ និងទី ៨ ដែលបណ្តាលមកពីជំងឺរាតត្បាតនេះនៅប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ស្ត្រីនោះបានស្លាប់ដោយសារជំងឺខ្សោយតំរងនោមដំណាក់កាលចុងក្រោយ និងការខូចមុខងារសរីរាង្គជាច្រើននិងជំងឺកូវីដ១៩ ខណៈដែលបុរសត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារជំងឺខ្សោយតំរងនោមដំណាក់កាលចុងក្រោយ ជំងឺសរសៃប្រសាទ ជំងឺខ្សោយបេះដូង និង ជំងឺកូវីដ១៩។

បុរសនោះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដាណាងអស់រយៈពេល ៥ ខែ ដើម្បីទទួលការព្យាបាលជំងឺខ្សោយតំរងនោម។ គាត់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី ២៤ ខែកក្កដា ប៉ុន្តែនៅពេលដែលទីក្រុងនេះបាន ធ្វើតេស្ត៍រកមេរោគឆ្លងដ៏ធំមួយបន្ទាប់ពីមានការចម្លងក្នុងសហគមន៍ថ្មី គាត់ត្រូវបាន គេធ្វើរោគវិនិច្ឆ័យថាមានមេរោគកូវីដ១៩ រយៈពេល ៥ ថ្ងៃក្រោយមក។ ប្រែសម្រួលៈ ណៃ តុលា

សូមជម្រាបថា ប្រទេសវៀតណាមបានកត់ត្រាការ ស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ។ អ្នកជំងឺដែលស្លាប់ចំនួន ៦ នាក់ផ្សេងទៀតសុទ្ធតែមានអាយុចន្លោះពី ៥៣ ទៅ ៨៦ ឆ្នាំ និងមានជំងឺរ៉ាំរ៉ៃ។

ប្រទេសនេះមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន ៦៥២នាក់ ក្នុងនោះមាន ២៧០ នាក់ ជាអ្នកជំងឺសកម្ម ហើយ ៣៧៤ នាក់បានជាសះស្បើយ៕

To Top