Covid-19

គិតត្រឹមល្ងាចថ្ងៃសុក្រ៖ វៀតណាមរកឃើញអ្នកឆ្លងមេរោគ កូវីដ១៩ ចំនួន ៣៤នាក់ថែមទៀត ក្នុងនោះ ៣២នាក់ ទាក់ទងនឹងទីក្រុង ដាណាង និងស្លាប់ ១០នាក់ ដដែល

បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ពីការរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៣៤ នាក់ថែមទៀត កាលពីល្ងាចថ្ងៃសុក្រ ក្នុងនោះ ៣២ នាក់ បានទាក់ទងនឹងការ ផ្ទុះឡើងនៅទីក្រុង ដាណាង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៧៥១” ជាបុរសអាយុ ៤៥ ឆ្នាំមកពីទីក្រុង ខេមរ៉ាញ់ ភាគកណ្តាលខេត្ត ខាញ់ហួរ។ នាថ្ងៃទី ២៣ ខែកក្កដា លោកបានធ្វើដំណើរ ទៅទីក្រុងហាណូយ ដើម្បីជួបជាមួយភរិយានិងកូន ដែលជាអ្នកស្រុក និងរស់នៅសង្កាត់ សុនត្រា ទីក្រុង ដាណាង ។

អ្នកជំងឺជាបុរសអាយុ ៤៥ ឆ្នាំរូបនេះ បានកើតជំងឺគ្រុននៅថ្ងៃទី ១ ខែសីហា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទូទៅ នៃខេត្តហៃដុងភាគខាងជើង ៣ ថ្ងៃក្រោយមក។ លទ្ធផលតេស្តរបស់គាត់ គឺវិជ្ជមានចំពោះវីរុសកូរ៉ូណា។ បុរសរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទៅនៃ តំបន់ត្រូពិកទី ២ ក្នុងទីក្រុងហាណូយ។

សូមជម្រាបថា នៅប្រទេសវៀតណាម មានប្រជាជនជាង ១៧០.០០០ នាក់ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង មេរោគកូវីដ១៩ចំនួន ៧៨៤ ករណី ដែលក្នុងនោះ ១០ នាក់បានស្លាប់ និង ៣៧៩ នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×