បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko មុននេះបាននិយាយថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែតុលា ហើយតាមលោករដ្ឋមន្រ្តី ការចំណាយទាំងអស់ រដ្ឋជាអ្នកចំណាយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ចំណែក អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Oleg Gridnev វិញ បាននិយាយនៅភថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងចុះឈ្មោះវ៉ាក់សាំងដំបូងរបស់ខ្លួន ប្រឆាំងនឹងវីរុសនេះ។
លោក Gridnev បានប្រាប់អ្នកយកព័ត៌មានថា “នៅពេលនេះ ចុងក្រោយ ដំណាក់កាលទីបី កំពុងដំណើរការ។ ការសាកល្បង គឺមានសារសំខាន់ខ្លាំងណាស់។ យើងត្រូវយល់ថា វ៉ាក់សាំងត្រូវតែមានសុវត្ថិភាព។
លោក Gridnev បានប្រាប់អ្នកយកព័ត៌មាន នៅពេលបើកអគារមជ្ឈមណ្ឌល ជំងឺមហារីកមួយក្នុងទីក្រុង Ufa ថា «អ្នកជំនាញខាងវេជ្ជសាស្ត្រ និងប្រជាជនវ័យចំណាស់ នឹងក្លាយជាអ្នកដំបូងគេ ដែលត្រូវចាក់វ៉ាក់សាំង។
យោងតាមលោករដ្ឋមន្ត្រី ប្រសិទ្ធភាពនៃវ៉ាក់សាំង នឹងត្រូវវិនិច្ឆ័យ នៅពេលដែលប្រជាជន បានបង្កើតភាពស៊ាំនឹងមេរោគ។ វ៉ាក់សាំងនេះ ត្រូវបានបង្កើតរួមគ្នា ដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya និងក្រសួងការពារជាតិរុស្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា
